បូមខ្លាញ់​ក្បាលពោះ ៖ អត្ថ​ប្រយោជន៍ និង​ផល​ប៉ះពាល់

បច្ចុប្បន្ននេះ​ឃើញថា​មនុស្ស​ភាគច្រើន​តែងតែ​មានបញ្ហា​ធាត់លើស​ទម្ងន់។ កាលណា​លោកអ្នក​លើស​ទម្ងន់ ជាតិខ្លាញ់​នៅ ក្នុងខ្លួន​មានច្រើន​ជាងធម្មតា កន្លែង​ណាដែល​មានជាតិ​ខ្លាញ់​ច្រើន កន្លែងនោះ​រីកធំ និងមាន​សភាព​យារធ្លាក់​មិន​ស្រស់ស្អាត។ ជាមួយ​នោះផង​ដែរ ភាពធាត់​លើស​ទម្ងន់នេះ​ក៏បាន​បង្កឱ្យ​មានផល​វិបាក​ជាច្រើន ទាំង​សុខភាព និង​រូបរាង ដែល​ធ្វើឱ្យ​លោកអ្នក នាងកញ្ញា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នក​ជំនាញ​សើស្បែក​ប្រចាំ​មជ្ឈមណ្ឌល​ថែរក្សា សម្ផស្សមេហ្គា​ប៊ែល ជម្រាប​អំពី​វិធី​បូមជាតិ​ខ្លាញ់​ក្បាលពោះ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

តើ​អ្វីទៅ​គឺជា​ការបូម​ខ្លាញ់​ក្បាលពោះ?

ការ​បូមខ្លាញ់​​(Liposuction)​គឺជាការ​បូមយក​ខ្លាញ់​ពីក្នុង​ស្រទាប់​ខ្លាញ់​ដោយ​ប្រើស៊ីរ៉ាង​ឬម៉ាស៊ីន​បូម។ វាជាការ​វះកាត់​មួដែល​តម្រូវឱ្យ​ធ្វើឡើង​ដោយ​គ្រូពេទ្យ​ជំនាញ។ ការ​បូមខ្លាញ់​អាច​ធ្វើឡើង​នៅលើ​ក្បាលពោះ ចង្កេះ ត្រគាក ដើមដៃ​ជាដើម។

មូលហេតុ​នៃការ​បូមខ្លាញ់​ក្បាលពោះ

ជាធម្មតា​ខ្លួន​របស់​មនុស្ស​យើងម្នាក់ៗ​មាន​កោសិកា​ខ្លាញ់​ជាកន្លែង​ដែល​ផ្ទុកជាតិខ្លាញ់​ទ្រីឃ្លីសេរីដ ដែលជា​ប្រភព​នៃ​ថាមពល កាឡូរី​ក្នុងខ្លួន។ នៅពេល​ដែល​លោកអ្នក​ទទួលទាន​ច្រើនដោយ​មិនបាន​ធ្វើ​ការងារ ឬ​ធ្វើលំហាត់​ប្រាណ​ឱ្យបាន​គ្រប់គ្រាន់​នាំឱ្យ​មាន​សំណល់​កាឡូរី​ដែល​បំលែង​ចេញជា​ជាតិខ្លាញ់​ផ្ទុក​នៅក្នុង​កោសិកា​ខ្លាញ់ ធ្វើឱ្យ​កោសិកា​ខ្លាញ់​រីកធំ​ឡើងៗ ដែលនាំ​ឱ្យធាត់។ កន្លែង​ដែលងាយ​ធាត់​ជាងគេ​នោះគឺ​នៅ​ក្បាលពោះ និង​ត្រគាក។

វិធី​បូមខ្លាញ់​ក្បាលពោះ

វិធី​បូមខ្លាញ់​ក្បាលពោះ​ត្រូវធ្វើ​ឡើងដោយ​វេជ្ជបណ្ឌិត​ដែលមាន​ឯកទេស និង​បទពិសោធន៍​ខ្ពស់។

  • មុន​នឹងធ្វើ​ការ​បូមខ្លាញ់ ជាដំបូង​លោកអ្នក​នាងកញ្ញា​ត្រូវមក​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ជាមុនសិន។ លោកអ្នក​ត្រូវប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​លោកអ្នក​មាន​បញ្ហា​មួយចំនួន ដូចជា​ជម្ងឺ​បេះដូង ជម្ងឺ​ទឹកនោម​ផ្អែម ឬ​ជម្ងឺឈាម​ក្រកក​ជាដើម។ ប្រសិន​បើ​លោកអ្នក​ទទួលទាន​ថ្នាំ​បំបាត់​ការ​ចុកចាប់ ឬថ្នាំ​ដែល​នាំឱ្យ​ឈាម​រាវ​ត្រូវ​បញ្ឈប់ការ​ប្រើប្រាស់​មួយសប្ដាហ៍​មុន ធ្វើការ​វះកាត់។
  • ការបូម​ខ្លាញ់​ក្បាលពោះ​អាចធ្វើ​ឡើង​ក្រោមថ្នាំ​សន្លប់​ឬថ្នាំស្ពឹក​ជាមួយ​នឹងថ្នាំ​ងងុយគេង។ មុនចូល​បន្ទប់​វះកាត់​គ្រូពេទ្យ ធ្វើការ​គូស​ចំណាំ​កន្លែង​ដែល​ត្រូវបូម។ គេធ្វើ​ការ​ចោះប្រហោង​ប្រហែល​៦ចំណុច​នៅលើ​ក្បាលពោះ​សម្រាប់​ធ្វើការ​បូម។ ការ​វះកាត់ ចំណាយ​ពេល​ពីមួយ​ទៅពីរម៉ោង​ទៅតាម​ទំហំ​នៃការ​បូម និងមាន​ព្យួរសេរ៉ូម​ដើម្បី​បង្គ្រប់​ជាតិទឹក​ដែល​បាត់​នៅពេល​បូមខ្លាញ់។
  • បន្ទាប់ពីរ​ធ្វើការ​បូមខ្លាញ់​រួចរាល់​ហើយ លោកអ្នក​អាចមាន​ស្នាមជាំ ហើម និង​ឈឺចាប់​ខ្លះៗ​នៅក្បាលពោះ។ ស្នាមជាំ និងការ​ឈឺចាប់​បាត់ទៅវិញ​ក្នុងកំឡុង​ពេល១​ឬ២សប្ដាហ៍។ រយៈពេល​មួយឬពីរ​ខែដំបូង លោកអ្នក​អាច​សង្កេត​ឃើញថា​ក្បាលពោះ មិនសូវ​ឃើញ​ស្រកទេ នេះបណ្ដាល​មកពី​ជាតិទឹក​វាមក​ជំនួស​កន្លែង​ខ្លាញ់​ដែលបូម។ ដូច្នេះ​ហើយ​បានជា​គ្រូពេទ្យ​បានតម្រូវ​ឱ្យ​លោកអ្នក ពាក់ប្រដាប់​រឹតក្បាលពោះ​រយៈពេល​បីខែ។

សារៈ​ប្រយោជន៍​នៃការ​បូមក្បាល​ពោះ

ការ​បូមខ្លាញ់​ក្បាលពោះ​មានសារៈ​ប្រយោជន៍​ដូចជា ៖

  • ធ្វើឱ្យ​មាន​រាងស្អាត​ក្នុងរយៈពេល​ខ្លី
  • បូមខ្លាញ់​នៅកន្លែង​ដែល​ពិបាក​សម្រក​យ៉ាង​មាន​ប្រសិទ្ធភាព
  • កាត់បន្ថយ​ចំនួន​នៃកោសិកា​ខ្លាញ់​មួយចំនួន។ ដូចនេះ​លោក​មិនងាយ​នឹងកើត​មានការ​ធាត់ឡើង​វិញ​នោះទេ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃការ​បូមខ្លាញ់​នៅលើ​ក្បាលពោះ

ការ​វះកាត់​មួយនេះ​អាចធ្វើ​ឱ្យមាន​ផលវិបាក​មួយចំនួន ហើយ​ផលវិបាក​ដែលជួប​ញឹកញាប់​ជាងគេ​នោះមាន ៖

  • ការហើម​និងជាំ តែអាច​នឹងបាត់​ទៅវិញ​ក្នុង​កំឡុងពេល​មួយឬ​ពីរសប្ដាហ៍
  • ធ្វើឱ្យ​ស្ពឹកលើ​ស្បែកពោះ ដែលនឹង​ជាទៅវិញ​ក្នុងកំឡុង​ពេល​ប្រាំមួយខែ
  • ការ​ឆ្លងរោគ​ដែលអាច​ឱ្យមាន​កំណក​ខ្ទុះឬ​អាប់សែ
  • មាន​ដុំឈាម​កក ឬ​ទឹកដក់​ក្នុង​កន្លែង​បូម
  • រាង​មិនសូវ​ស្មើល្អ្អ
  • អាច​មានការ​រលួយ​ស្បែកខ្លះ
  • ករណី​ស្ដ្រី​ឬបុរសវ័យ​ចំណាស់ ការ​បូមខ្លាញ់​ច្រើនពេក​អាច​បណ្ដាល​ឱ្យសល់​ស្បែកពោះ​យារធ្លាក់ ដូចនេះ​ត្រូវ​ធ្វើការ​វះកាត់ចៀរ​ស្បែក​ដែលយារ​ចេញ។
  • អាច​ឱ្យមាន​ការ​ហូរឈាម​ខ្លាំង
  • អាច​ឱ្យសុក ប្រសិន​បើមិន​បានបញ្ចូល​ទឹក​គ្រប់គ្រាន់​មកវិញ។

ប្រការ​គួរអនុវត្ដ​ក្រោយ​ពេល​វះកាត់

  • បន្ទាប់​ពីធ្វើការ​បូមខ្លាញ់​រួច មុខរបួស​ហាម​មិនឱ្យ​ត្រូវទឹក​រយៈពេល​៤៨ម៉ោង
  • អាច​ទទួលទាន​ថ្នាំ​បំបាត់​ការ​ចុកចាប់ និង​ថ្នាំផ្សះ​រយៈពេល​មួយ​សប្ដាហ៍
  • មិនអាច​ធ្វើការងារ​ធ្ងន់ធ្ងរ​ក្នុងរយៈពេល​បីខែ
  • អាច​ចាប់ផ្ដើម​ធ្វើការ​ហាត់ប្រាណ​ស្រាលៗ​បានបន្ទាប់​ពីវះកាត់​រួចបាន​ពីរឬបី​សប្ដាហ៍
  • ត្រូវ​ប្រយ័ត្ន​ចំពោះ​របប​អាហារ និង​ធ្វើការ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ដើម្បី​ថែរក្សា​រូបរាង​របស់​លោកអ្នក។

ដំបូន្មាន​អ្នក​ជំនាញ

វិធី​បូមខ្លាញ់​ជាវិធី​ដែលអាច​ឱ្យ​លោកអ្នក​មាន​រូបរាង​សមសួន​ឡើងវិញ ប៉ុន្ដែ​ក៏អាច​ផ្ដល់នូវ​ផលវិបាក​មួយ​ចំនួន​ផងដែរ ប្រសិនបើ​អនុត្ដ​មិនបាន​ត្រឹមត្រូវ។ ដូចនេះ​លោកអ្នក​គួរតែ​ស្វែងរក​គ្រូពេទ្យ​ដែលមាន​ជំនាញ និង​ពិភាក្សា​ឱ្យបាន​ច្បាស់លាស់។ ម្យ៉ាងទៀត​លោកអ្នក​មិនអាច​យកវិធី​បូមខ្លាញ់​ទុកជា​វិធី​សម្រក​ទម្ងន់​នោះឡើយ។ លោកអ្នក​គួរតែ​ធ្វើ​របប​អាហារ និងធ្វើ​លំហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ដើម្បី​ថែរក្សា​រូបរាង និង​សុខភាព​របស់​លោកអ្នក​ទើបជាការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *