ការរីកលូតលាស់នៃសុដន់របស់ស្ដ្រីមិនដូចគ្នានោះទេ។ ធម្មជាតិបង្កើតមនុស្សលោកមកមានទាបមានខ្ពស់ មានល្អ អាក្រក់ ចំណែកឯសុដន់ក៏ដូចគ្នាដែរ។ ការថែរក្សាសុដន់ក៏មិនខុសពីការថែរក្សាខ្លួនដែរ ស្ដ្រីគ្រប់រូបត្រូវតែធ្វើអនាម័យឱ្យបានល្អជានិច្ចចំពោះសុដន់។ ស្ដ្រីគ្រប់រូបទោះបីជាមានគ្រួសារហើយក្ដី ឬមិនទាន់មានគ្រួសារក្ដី ការថែរក្សាសុដន់គឺដូចគ្នា។ អ្វីដែលល្អបំផុតនោះគឺត្រូវពាក់សម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ ជាពិសេសគឺត្រូវតែប្រុងប្រយ័ត្នបំផុតនៅពេលពាក់អាវទ្រនាប់តែម្ដង ព្រោះកាលណាដែលមិត្ដនារី មិនបានប្រុងប្រយ័ត្ននៅពេលពាក់អាវទ្រនាប់នោះគឺអាចបណ្ដាលឱ្យមានបញ្ហាជាការបង្ករោគ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី អ៊ូ សារឿន ឆ្មបរដ្ឋបម្រើការនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បកស្រាយអំពីប្រការគួរប្រុងប្រយ័ត្នពេលពាក់អាវទ្រនាប់ ដើម្បីឱ្យស្ដ្រីគ្រប់រូបបានយល់នឹងជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
អាវទ្រនាប់
អាវទ្រនាប់គ្រាន់តែជាប្រដាប់មួយសម្រាប់ទ្រទ្រង់សុដន់ឱ្យមានភាពស្រស់ស្អាតមិនយារធ្លាក់។ ជាធម្មតាសាច់អាវទ្រនាប់ ឬសាច់អាវដែលពាក់ធម្មតាមិនខុសគ្នានោះទេ ឱ្យតែមានជាតិអំបោះ ងាយស្រួលពាក់ តែបើស្ដ្រីពាក់អាវដែលមានជាតិកៅស៊ូ ឬនីឡុងនោះ វាធ្វើឱ្យក្នុងខ្លួនមានបញ្ហា ដូចជាស្អុះស្អាប់ជាដើម។
វិធីសាស្ដ្រក្នុងការពាក់អាវទ្រនាប់ឱ្យបានត្រឹមត្រូវ
មិត្ដនារីមួយចំនួនមិនបានដឹងនោះទេថា ការពាក់អាវទ្រនាប់មិនបានត្រឹមត្រូវអាចបណ្ដាលឱ្យកើតមានបញ្ហា។ សុភាពនារី គួរតែស្វែងយល់អំពីការប្រុងប្រយ័ត្ននៅពេលពាក់អាវទ្រនាប់ដូចតទៅ ៖
- ចំពោះមិត្ដនារីវ័យដែលមិនទាន់មានគ្រួសារ សរីរាង្គរបស់សុដន់មិនងាយនឹងយារធ្លាក់នោះទេ។ ការពាក់អាវទ្រនាប់ វាជារឿងធម្មតានោះទេ ដោយគ្រាន់តែមិត្ដនារីមិនត្រូវពាក់អាវទ្រនាប់តឹងឬរឹបពេកនោះទេ គឺគ្រាន់តែពាក់វាឱ្យល្មមទៅតាមខ្នាតរបស់សុដន់។ ជាពិសេសស្ដ្រីគ្រប់រូបមិនចាំបាច់ពាក់អាវណាដែលកល់បំប៉ោងឱ្យមានភាពធំនោះទេ ព្រោះវាអាចបណ្ដាលឱ្យមានបញ្ហា។ អ្វីដែលល្អបំផុត គឺត្រូវពាក់អាវទ្រនាប់ធម្មតា ហើយមានជាតិអំបោះ។
- សម្រាប់ស្ដ្រីដែលមានគ្រួសារ និងទើបតែសម្រាលបុត្រនោះ មិនត្រូវលែងខ្លួនឱ្យទទេ គឺត្រូវពាក់អាវទ្រនាប់ ដើម្បីទ្រនូវសាច់ដុំដែលកំពុងតែផលិតទឹកដោះ បើមិនដូច្នេះទេវាអាចធ្វើឱ្យសាច់ដុំយារធ្លាក់។ បើសិនជាស្ដ្រីពាក់អាវទ្រនាប់អាចទ្រសាច់ដុំដោះ មិនយារធ្លាក់បានដែរ។ ជាពិសេសត្រូវពាក់អាវដែលល្មម និងត្រូវទៅតាមខ្នាតរបស់សុដន់។
សារៈប្រយោជន៍នៃការពាក់អាវទ្រនាប់
ការពាក់អាវទ្រនាប់សារៈប្រយោជន៍ដែលធំបំផុតនោះគឺអាចការពារនូវអាថ៌កំបាំងដែលមាននៅក្នុងខ្លួនស្ដ្រីយើង អាចការពារសុដន់មិនឱ្យយារធ្លាក់ និងអាចទ្រទ្រង់នូវភាពស្រស់ស្អាតរបស់សុដន់បាន។
ផលប៉ះពាល់នៅពេលពាក់អាវទ្រនាប់មិនបានត្រឹមត្រូវ
ជាធម្មតាប្រពន្ធ័សុដន់គឺតែងតែមាននូវកោសិកា មានក្រពេញ មានសរសៃ និងមានបំពង់សម្រាប់ផលិតទឹកដោះសម្រាលកូន។ ដូចនេះបើសិនជាស្ដ្រីដែលជាមាតាពាក់អាវទ្រនាប់តឹងពេកនោះ វាធ្វើឱ្យក្រពេញនៃការរីកលូតលាស់នោះមិនល្អ ដែលធ្វើឱ្យការផលិតទឹកដោះក៏មិនល្អដែរ ព្រោះវាអាចធ្វើបំពង់នីមួយៗរួមតូច អាចធ្វើឱ្យមានបញ្ហា។ អ្វីដែលមិនល្អជាងនេះនោះគឺកាលណាដែលស្ដ្រីពាក់អាវទ្រនាប់មិនបានត្រឹមត្រូវ ដូចជាពាក់តឹងពេក ឬរឹតពេក។ ជួនកាលអ្នកខ្លះមិនល្អនោះគឺអាចបណ្ដាលឱ្យកើតមានបញ្ហាមួយចំនួនដូចជា អាចធ្វើឱ្យរលាកសាច់ដោះ អាចធ្វើឱ្យមានកមរមាស់ ឬអាឡែកស៊ីជាដើម។
វិធីការពារនៅពេលពាក់អាវទ្រនាប់
សម្រាប់ស្ដ្រីនៅតាមជនបទមួយចំនួនតែងតែពាក់អាវទ្រនាប់មួយច្រើនថ្ងៃ គឺវាមិនល្អនោះទេ។ អ្វីដែលល្អបំផុតនោះគឺត្រូវតែផ្លាស់ប្ដូរអាវទ្រនាប់នៅក្នុងមួយថ្ងៃម្ដង ជាពិសេសមិនត្រូវទុកអាវទ្រនាប់នៅក្នុងកន្លែងដែលមិនល្អនោះទេ ព្រោះអាចបង្កនូវមេរោគ។ ហើយត្រូវតែឧស្សាហ៍បោកអាវទ្រនាប់ឱ្យបានញឹកញាប់ និងត្រូវហាលឱ្យត្រូវពន្លឺថ្ងៃ។
ដំបូន្មានអ្នកជំនាញ
ដើម្បីថែរក្សាសុដន់ឱ្យបានល្អ គឺត្រូវសម្អាតខ្លួនប្រាណឱ្យបានល្អជាប្រចាំ មិនត្រូវពាក់អាវទ្រនាប់តឹងពេកនោះទេ។ ចំពោះម្ដាយវិញនៅពេលដែលសម្រាលកូនហើយ សូមធ្វើការបំបៅកូនដោយទឹកដោះម្ដាយផ្ទាល់ ព្រោះអាចកាត់បន្ថយនូវបញ្ហាជាច្រើន និងអាចធ្វើឱ្យមានរំញោច នេះហើយអាចធ្វើឱ្យស្បូនកន្ដ្រាក់។ រំញោចនេះមានពីរ រំញោចមួយធ្វើឱ្យផលិតទឹកដោះ និងរំញោចមួយទៀតអាចធ្វើឱ្យស្បូនកន្ដ្រាក់ ដែលអាចកាត់បន្ថយនូវការធ្លាក់ឈាមរបស់ម្ដាយ ជាពិសេសអាចធ្វើឱ្យមានភាពស្និទ្ធស្នាលចំពោះម្ដាយ និងទារក។ ហើយអ្វីដែលពិសេសជាងនេះទៀតនោះគឺកាត់បន្ថយនូវជម្ងឺមហារីកដោះ និងអត្រានៃជម្ងឺមហារីកអូវែរ។ ដូចនេះស្ដ្រីគ្រប់រូបគួរតែឱ្យកូនបៅដោះម្ដាយ យ៉ាងតិចណាស់ក៏បាន៦ខែដែរ ហើយការពាក់អាវទ្រនាប់គឺត្រូវតែពាក់មិនត្រូវលែងខ្លួនឱ្យទទេនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply