តូច ចាន់ធូ សុខភាពល្អ​មានតម្លៃ​ខ្ពស់ជាង​សម្ផស្ស

ពិធី​ការិនី​រូបស្រស់​សោភា និង​គួរឱ្យ​ស្រឡាញ់ កញ្ញា តូច ចាន់ធូ។ កញ្ញា តូច ចាន់ធូ បានចូល​ប្រឡង​នៅក្នុង​វិស័យ​សិល្បៈ​ជាង២ឆ្នាំ​មកហើយ។ ពេលនេះ​សុគន្ធា​កំពុង​តែមានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​មហាជន ជាពិសេស​គឺស្រទាប់​យុវវ័យ​តែម្ដង។ ឥឡូវ​នេះ ចាន់ធូ​កំពុងតែ​មានការ​មមាញឹក​នឹង​ការងារ​ជាច្រើន ប៉ុន្ដែ​ចាន់ធូ​ក៏មិន​ដែលភ្លេច​ឡើយ​នូវការ​ថែរក្សាសម្រស់ និង​សុខភាព​របស់​ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចាន់ធូ​បានចូល​មក​បកស្រាយ​អំពីការ​ថែរក្សា​សម្រស់​ប្រាប់​ទស្សនាវដ្ដី សុខភាព​យើង អំពី​វិធី​សាស្ដ្រ​ថែរក្សា​សម្រស់​នឹងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​គឺមិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​សិល្បៈ

មុនពេល​មុនចូល​សិល្បៈ ចាន់ធូ​គ្រាន់តែ​ជាបុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​ធម្មតា​មួយ។ នៅក្នុង​ឆ្នាំ២០០៨ ចាន់ធូ បាន​ប្រឡង​Freshie girl នៅស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥ ប៉ុន្ដែ​មិនបាន​ជាប់​ចំណាត់​ថ្នាក់​នោះទេ ដោយ​ចាន់ធូ​បាន​បោះបង់​ចោល។ នៅក្នុងឆ្នាំ​២០០៩​ចាន់ធូ​ក៏បាន​ដាក់ពាក្យ​ធ្វើជា​ពិធីការិនី​ស្ថានីយ​ទូរទស្សនំ៍យ TV ដោយ​ចាន់ធូ​បានធ្វើ​តេស្ដ​ពី៣ទៅ​៤ថ្ងៃ​ ទីបំផុត ចាន់ធូ​ក៏បាន​ជាប់ធ្វើ​ជាពិធី​ការិនី​តែម្ដង។ មកដល់​សព្វថ្ងៃ​នេះ ចាន់ធូ​ធ្វើជា​ពិធីការិនី​នៅស្ថានីយ​ទូរទស្សនំ៍យ TV ក្នុង​កម្មវិធី Took Talk ជារៀង​រាល់ថ្ងៃ​សោរ៍ កម្មវិធី fast fashion និង​កម្មវិធី Winner song ផ្សាយ​ផ្ទាល់​នៅថ្ងៃពុធ​ពីម៉ោង​៨ទៅ៩យប់។ គួរ​រម្លឹក​ផងដែរ​ថា មុននឹង​ធ្វើជា​ពិធីការិនី ចាន់ធូ​ក៏បាន​ថតស្ពត​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ។

វិធី​ថែរក្សា​សម្រស់ និង​សុខភាព

សព្វថ្ងៃ​នេះ កញ្ញា តូច ចាន់ធូ មានការ​មមាញឹក​ច្រើន​នឹង​ការងារ។ តែទោះ​បីជាមាន​ការ​មមាញឹក​ច្រើនយ៉ាង​ណាក៏​ដោយ ក៏​ចាន់ធូ​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់​ដ៏ផូរផង់ក៏ដូចជា​ការ​ថែរក្សា​សុខភាព​របស់ខ្លួន​ផងដែរ។ ខាងក្រោម​នេះគឺជា​វិធី​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​កញ្ញា តូច ចាន់ធូ ដែលបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​សក់ ៖ ក្នុងនាម​ជាអ្នក​សិល្បៈ​មួយរូប​ចាន់ធូ​តែងតែ​ធ្វើសក់​ជារៀង​រាល់ថ្ងៃ។ ដូចនេះ​នៅពេល​ដែលមក​ដល់ផ្ទះ ចាន់ធូ​តែងតែ​កក់សក់ចេញ និង​បន្ទន់​សក់ ដើម្បី​ការពារ​សក់កុំឱ្យ​ឆាប់ខូច។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ចាន់ធូ​បានយក​ចិត្ដ​ទុកដាក់​បំផុត​ចំពោះ​ការ​ថែរក្សា​ស្បែកមុខ ព្រោះស្បែកមុខ​មានសារៈ​សំខាន់​ណាស់​សម្រាប់​ចាន់ធូ។ ចាន់ធូ​បានប្រើ​ឡេ​ការពារ​ពេលយប់​ដើម្បីឱ្យ​ស្បែកមុខ​មាន​សំណើម។ នៅពេល​ដែល​ចេញទៅ​ក្រៅម្ដងៗ ចាន់ធូ​មិនសូវ​ជាប្រើ​ប្រាស់ឡេ​ការពារ​កម្ដៅថ្ងៃ​ញឹកញាប់​នោះទេ។ នៅពេល​សម្ដែង ចាន់ធូ​តែងតែ​យក​ទឹកជូត​សម្អាត​ផ្ទៃមុខ បន្ទាប់មក​គឺចាន់ធូ​បានប្រើ​ហ្វូម​លាងសម្អាត​ផ្ទៃមុខ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ចាន់ធូ​តែងតែ​ប្រើឡេ​ដែលមាន​កម្រិត​ខ្ពស់ ដើម្បី​ការពារ​ពន្លឺព្រះអាទិត្យ។ ហើយ​ពេលយប់ ចាន់ធូ​លាបឡេ​ការពារ​ពេលយប់ និង​ផ្ដល់​សំណើម​ដល់​ស្បែក។ ចាន់ធូ​តែងតែ​ប្រើ​សាប៊ូ​ដុសខ្លួន​ដែលមាន​ក្លិន​ក្រអូប និង​ផ្ដល់​សំណើម​ដល់ស្បែក ជាពិសេស​សាប៊ូក​ម្ចាត់​មេរោគ។
  • ការ​ថែរក្សា​ធ្មេញ ៖ ចំពោះ​សុខភាព​មាត់ធ្មេញ ចាន់ធូ​យកចិត្ដ​ទុកដាក់​បំផុត រាល់ពេល​៦ខែ​ម្ដង​ចាន់ធូ​បាន​ទៅ​ពេទ្យធ្មេញ​ម្ដង។ ចាន់ធូ​តែងតែ​ធ្វើការ​សម្អាត​ធ្មេញ​ក្នុងមួយ​ថ្ងៃបីដង ព្រឹក ថ្ងៃ និង​មុនពេល​ចូលគេង ជាពិសេស​នៅក្រោយ​ពេល​ទទួលទាន​អាហារ​ហើយ ចាន់ធូ​តែងតែ​ប្រើទឹកថ្នាំ​ដើម្បី​លាង​សម្លាប់​មេរោគ​ជានិច្ច។ ក្នុងមួយ​សប្ដាហ៍ ចាន់ធូ​បានខាំ​ពុម្ពធ្មេញ​ឱ្យស​ដោយ​ខ្លួនឯង​បីដង។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ការ​ថែរក្សា​ភ្នែក ចាន់ធូ​បានយក​ចិត្ដទុក​ដាក់​ផងដែរ​ចំពោះ​បញ្ហានេះ ព្រោះ​សុខភាព​ភ្នែក​មិនសូវ​ជាមាន​សុខភាព​ល្អ​ប៉ុន្មាន​នោះទេ។ នៅពេល​ដែលធ្វើ​ដំណើរ​ទៅណា​មកណា​ម្ដង ចាន់ធូ​តែងតែ​មាន​វ៉ែនតា​ការពារ​ពន្លឺ​ព្រះអាទិត្យ ជាពិសេស​រាល់ពេល​មាន​បញ្ហា​ភ្នែក ចាន់ធូ​តែងតែ​ប្រើថ្នាំ​បន្ដក់​ភ្នែក​ជានិច្ច។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះ​ចិញ្ចើម ចាន់ធូ​មិនសូវ​ជាយក​ចិត្ដទុក​ដាក់​ថែរក្សា​ឱ្យបាន​ដិតដល់​នោះទេ យ៉ាងច្រើន​ចាន់ធូ​យក​ម៉ាស្ការ៉ា​ដែលមាន​ពណ៌​សូកូឡា​មកសិត​លើចិញ្ចើម​តែ​ប៉ុណ្ណោះ ដើម្បី​ឱ្យពណ៌​ចិញ្ចើម និង​សក់មាន​ពណ៌​ដូចគ្នា។ បើ​និយាយ​អំពី​រោមភ្នែក ចាន់ធូ​ច្រើនតែ​ពាក់​រោមភ្នែក​នៅពេល​ដែល​ទៅចូល​រួមកម្មវិធី​និងពេល​ធ្វើ​ការងារ។ ចំពោះ​បបូរមាត់​វិញ ចាន់ធូ បាន​យកចិត្ដ​ទុកដាក់​ជាង ព្រោះ​ខ្លាច​បបូរមាត់​ឡើងខ្មៅ ដូចនេះ​ចាន់ធូ​បានប្រើ​ក្រែម​ដែលមាន​ជាតិ​ជេល​ដែលជាប់​បានពេញ​មួយថ្ងៃ។ ក្រែម​ដែល​ចាន់ធូ​ចូលចិត្ដ្ដលាប​នោះគឺ​ជាក្រែម​ដែលមាន​ពណ៌​ស្រស់ៗ ហើយ​មួយ​ប្រភេទ​ទៀត​គឺ​ចូលចិត្ដ​ពណ៌​ស្លេក។
  • ការ​ថែរក្សា​ក្រចកដៃ ក្រចក​ជើង ៖ ចាន់ធូ​ចូលចិត្ដ​លាបពណ៌​ក្រចក​បំផុត តែ​ក៏ខ្លាច​មាន​បញ្ហាដែរ។ នៅពេល​លាប​ក្រចក ចាន់ធូ​លាបថ្នាំ​ក្រចក​ដែលអាច​ការពារ​ក្រចក​បានសិន​ទើប​លាបពណ៌​ក្រចក​ជាក្រោយ។ ចាន់ធូ​តែងធ្វើ​ការ​សម្អាត​ក្រចកដៃ និង​ក្រចកជើង យ៉ាង​ហោចណាស់​២ដង​នៅក្នុង​មួយខែ ដូចជា​ការ​កាត់សាច់ និងកាត់​តម្រឹម​ក្រចក​ជាដើម។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

ចាន់ធូ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុងការ​ទទួលទាន​ដំណេក។ ការ​ទទួលទាន​ដំណេក​មានសារៈ​សំខាន់​ណាស់​ចំពោះ​ចាន់ធូ។ ចំណែក​ឯការ​ទទួលទាន​អាហារ​វិញ ចាន់ធូ​មិនដែល​ធ្វេសប្រហែស​ឡើយ។ ចំណែក​ឯការ​ហាត់ប្រាណ​វិញ ចាន់ធូ​តែងតែ​ទៅហែល​ទឹក ២ដង​នៅក្នុង​មួយ​សប្ដាហ៍។

គោល​បំណង​ទៅថ្ងៃ​អនាគត

ក្រៅពីអាជីព​ជាពិធី​ការិនី​ហើយ ចាន់ធូ​ក៏មាន​បំណង​ចង់ធ្វើ​ជាតារា​សម្ដែង​បន្ថែមទៀត​ផងដែរ​នាពេល​អនាគត។

បណ្ដាំ​​ផ្ញើ

សុភាពនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់ និង​សុខភាព​ឱ្យបាន​ល្អ។ នៅពេល​ដែលមក​ពីកម្មវិធី​អ្វីមួយ ត្រូវតែ​ប្រញាប់​ធ្វើការ​លាងសម្អាត​ឱ្យបាន​ស្អាត ដើម្បី​ចៀសវាង​ការ​កើតមាន​បញ្ហា​ចំពោះ​ស្បែកមុខ។ ត្រូវ​គិតគូរ​ពីសុខភាព​ឱ្យបាន​ច្រើន​ទើបជាការ​ប្រសើរ ហើយអ្វី​ដែលល្អ​បំផុត​នោះគឺ​ការធ្វើ​លំហាត់​ប្រាណ យ៉ាង​ហោចណាស់​នៅក្នុង​មួយ​សប្ដាហ៍​ឱ្យបាន​ពីរដង។ គួរតែ​គិតគូរ​អំពីការ​ទទួល​ទាន​អាហារ​ឱ្យបាន​ទៀងទាត់ អ្វីដែល​ល្អបំផុត​នោះគឺ​ត្រូវ​ទទួល​ទាន​បន្លែ​ជំនួស​សាច់​ឱ្យបាន​ច្រើន​ទើបជា​ការ​ប្រសើរ។

ខាងលើ​នេះគឺជា​យល់​ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា តូច ចាន់ធូ តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដន៍បាន​ហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ តូច ចាន់ធូ
  • អាយុ ៖ ២១ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំ​កំណើត ៖ ២៩. ១២. ១៩៨៩
  • កម្ពស់ ៖ ១,៦៦​ម៉ែត្រ
  • ទម្ងន់ ៖ ៤៩​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៤ ២៨ ៣៦
  • ទីកន្លែង​កំណើត ៖ ទីរួមខេត្ដ​ស្វាយរៀង
  • បងប្អូន ៖ ៤នាក់ ស្រី​៤នាក់​(ជាកូនពៅ)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ ជាពិធី​ការិនី
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *