ប្រកាស​ទទួល​ស្គាល់​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិ​វឌ្ឈន៍​ក្រសួង​សុខាភិបាល

លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ​​នៅព្រឹក​ថ្ងៃព្រហស្បត៍ ទី​៣០​​សីហា​កន្លងមក​នេះ បាន​ចូលរួម​ប្រកាស​ទទួល​ស្គាល់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិ​វឌ្ឈន៍​ក្រសួង​សុខាភិបាល។

រូបភាពគេហទំព័សុខភាពកម្ពុជា

ក្នុងការ​ប្រកាស​តែងតាំង​នោះ​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បានទទួល​ធ្វើជា​ប្រធាន​កិត្តិយស​សមាគម​នេះ និង​លោកស្រី តាន់ វួចឆេង អនុរដ្ឋ​លេខាធិការ​ក្រសួ​ង​សុខាភិបាល​ជាប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឈន៍​ប្រចាំ​ក្រសួង​សុខាភិបា​ល។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា អនុវត្ត​ន៍​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​ដ៏ត្រឹមត្រូវ​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា​​បាន​ទទួលស្គាល់​និង​ចាត់ទុក​ថានារី គឺជា​មូលធន​ដ៏សំខាន់​មួយ ដែល​មិនអាច​ខ្វះបាន​ក្នុងការ​អភិ​វឌ្ឈ​ន៍​ប្រទេស។ ដោយ​មើលឃើញ​នូវ​ធនធាន​មនុស្ស​ដ៏មាន​តំលៃនេះ ទើប​ក្រសួង​សុខាភិបាល​​បាន​យក​ចិត្ត​ទុកដាក់​ដល់​ការងារ​របស់នារី ដូចជា ទី១ បង្កើត​ឲ្យមាន​ក្រុម​ការងារ​របស់​ក្រសួង ដើម្បី​រៀបចំ​នូវផែនការ​យុទ្ឋសាស្រ្ត​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សុខាភិបាល។

ទី២ យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខមាលភាព​របស់​ស្រ្តី ជាពិសេស​ស្រ្តី​ក្នុងវ័យ​បន្តពូជ និង​ជាមាតា ដើម្បី​កាត់បន្ថយ​មរណៈភាព​របស់​មាតា ទី៣ ផ្តល់​ឳកាស​ឲ្យនារី​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​បង្កើននូវ​ចំណេះដឹង​និង​សមត្ថ​ភាព​របស់​ខ្លួន ជាពិសេស​យកចិត្ត​ទុកដាក់​លើ​ការងារ​បណ្តុះ​បណ្តាល​ឆ្មប និង​ទី៤ ផ្តល់​តួនាទី​​សម​ស្រប​ដល់នារី​ដែលមាន​សមត្ថភាព។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​ស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំ​ការបាន​មាន​ប្រសាសន៍​សម្តែងការ​កោត​ស​រសើរ​ការងារ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ដែលបាន​យកចិត្ត​ទុកដាក់​ដល់ស្រ្តី ដែល​ស​កម្មភាព​នេះបាន​រួមចំណែក​ឲ្យ​បងប្អូន​នារី​បាន​ចូលរួម​កាន់តែសកម្ម​ថែមទៀត ក្នុងការ​ចូលរួម​អនុវត្តន៍​យុទ្ឋសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចាត់ទុកនារី​គឺជា​កំលាំង​ចលករ​​ដ៏មាន​សារៈសំខាន់​ក្នុង​គ្រប់​សមាសភាព​នៃសង្គម។

លោកស្រី​បន្តថា “វត្តមាន​និងការ​ចូលរួម​ចំណែក​ទទួល​ខុសត្រូវ​របស់​ស្រ្តី​នៅក្នុង​វិស័យ​​សុខាភិបាល គឺជា​ប្រការ​ដែល​មិនអាច​ខ្វះបាន ហើយ​កិច្ចការ​នេះគឺ​សមស្រប​ទៅនឹង​ផែនការ​យុទ្ឋ​សាស្រ្ត​របស់​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឈន៍ ”។

លោក​ស្រី ម៉ែន សំអន បាន​បន្តថា លើសពី​នេះអ្វី​ដែល​ជាការ​ចាប់អារម្មណ៍ គឺផែនការ​ដ៏មា​ន​ប្រសិទ្ឋិភាព នៃ​យុទ្ឋសាស្រ្ត​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង បាន​បញ្ជាក់​ពីការ​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​របស់​ក្រសួង បាន​បញ្ជាក់​ពីការ​ចូលរួម​ចំណែក​ក្នុងការ​លើក​កំពស់​សមភាព​យេនឌ័រ មិន​ត្រឹមតែ​សម្រាប់​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បំពេញ​តួនាទី​បញ្ជ្រាប​យេនឌ័រ​ទៅដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស តាមរយៈ​ការធ្វើជា​គ្រូពេទ្យ​ល្អ និង​​ប្រកប​ដោយ​ក្រមសីលធ៌ម​វិជ្ជាជីវៈ​ខ្ពស់​ផងដែរ។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *