ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលដល់សមាជិកគណៈគ្រូពេទ្យកម្ពុជានៅតាមបណ្តាខេត្តពីរបៀបប្រើប្រាស់ទិន្នន័យ និងការចុះបញ្ជីរការសមាជិកគណៈគ្រូពេទ្យ ដោយប្រើប្រាស់ប្រព័ន្ឋព៌តមានវិទ្យា។
លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រុមគ្រូពេទ្យនាព្រឹកថ្ងៃព្រហស្បត៍ទី៣០សីហាកន្លងមកថា គណៈគ្រូពេទ្យបានឈានមួយជំហ៊ានយ៉ាងវែង បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមក ក្នុងពេលដែលគណៈគ្រូពេទ្យមានតួនាទី និងការទទួលខុសត្រូវសំខាន់ណាស់ ក្នុងការចុះបញ្ជីរការរបស់គ្រូពេទ្យ ដើម្បីផ្តល់អាជ្ញាប័ណ្ណឲ្យគ្រូពេទ្យអាចបើកពិនិត្យព្យាបាលជំងឺ និងគោរពតាមក្រមសីលធ៌មវិជ្ជាជីវៈរបស់ខ្លួន។
លោកបន្តថា “សារជាតិមនុស្សពិតជាពិបាកណាស់ ពួកគេមានការលោភលន់ មានការធ្វេសប្រហែស ហើយពេលខ្លះធ្វើអ្វីលើសពីសារជាតិរបស់ខ្លួន ដោយប្រាសចាកក្រមសីលធ៌មវិជ្ជាជីវៈរបស់ខ្លួន ហេតុនេះទើបគណៈគ្រូពេទ្យខិតខំធ្វើយ៉ាងណា រៀបចំផ្លូវឲ្យគ្រូពេទ្យដើរ កុំឆ្វេងពេក និងកុំស្តាំពេក”។
លោកសាស្រ្តាចារ្យ ធា គ្រុយ បានបន្តថា ការបណ្តុះបណ្តាលនេះដើម្បីចុះបញ្ជីរការ និងសមាជិកគណៈគ្រូពេទ្យតាមប្រព័ន្ឋព៌តមានវិទ្យា ក៏ដូចជាដើម្បីគ្រប់គ្រងគ្រូពេទ្យនៅទូទាំងប្រទេសនិងការគ្រប់គ្រងថវិការសមាជិក ដែលបានបង់ជូនគណៈគ្រូពេទ្យឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងនូវការចំណាយគ្មានតម្លាភាព។ លោកបន្តថា អង្គការURCកំពុងជួយឧបត្ថម្ភដល់ការងាររបស់គណៈគ្រូពេទ្យ ហេតុនេះយើងសំណូមពរឲ្យអង្គការនេះ បន្តជួយយើងមួយរយៈទៀត ដើម្បីយើងអាចធ្វើការដោយរ៉ឹងដៃរ៉ឹងជើងសិន។
ទន្ទឹមនឹងការបណ្តុះបណ្តាលក្រុមមន្រ្តី ដែលជាសមាជិកគណៈគ្រូពេទ្យមកពីទូទាំងប្រទេស គណៈគ្រូពេទ្យជាតិកម្ពុជាបានផ្តល់កុំព្យូទ័រម្នាក់មួយគ្រឿង ដល់មន្រ្តីនៅតាមបណ្តាខេត្តទាំងនោះផងដែរ។
លោក គ្រីស នាយកអង្គការURCប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការផ្តល់កុំព្យូទ័រដល់មន្រ្តីគ្រូពេទ្យ ជាសមាជិកគណៈគ្រូពេទ្យមានសារៈសំខាន់ណាស់ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់សម្រាប់ដំណើរការការងាររបស់គណៈគ្រូពេទ្យឲ្យមានដំណើរការទៅមុខ។ លោកបន្តថា បើយើងជាបុគ្គលិកក្នុងរដ្ឋាភិបាល រដ្ឋាភិបាលមានច្បាប់បញ្ញត្តិដើម្បីគ្រប់គ្រងយើង ប៉ុន្តែយើងជាគណៈគ្រូពេទ្យក៏ត្រូវមានបទបញ្ញត្តិ គ្រប់គ្រងវិជ្ជាជីវៈរបស់យើងផងដែរ។
លោកបន្តថា “ខ្ញុំរីករាយដែលបានធ្វើការជាមួយក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវសមត្ថភាព និងក្រមសីលធ៌មរបស់គណៈគ្រូពេទ្យេកម្ពុជានៅពេលអនាគត ”។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply