ជម្រាបសួរលោកវេជ្ជបណ្ឌិត។ ខ្ញុំធ្លាប់បានឃើញលោកវេជ្ជបណ្ឌិតជាញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍ស្ទើរតែគ្រប់ប៉ុស្ដិ៍។ ខ្ញុំចូលចិត្ដកិច្ចសម្ភាសន៍របស់លោកខ្លាំងណាស់ ជាពិសេសខ្ញុំមានចំណាប់អារម្មណ៍លើបញ្ហាសុខភាពជាខ្លាំង។ ខ្ញុំឧស្សាហ៍អានសៀវភៅ ទស្សនាវដ្ដី សុខភាពយើង របស់លោកវេជ្ជបណ្ឌិតផងដែរ ជាអត្ថបទដ៏មានសារៈសំខាន់ជាច្រើន។ ខ្ញុំដឹងថាលោកវេជ្ជបណ្ឌិត រវល់នឹងការងារខ្លាំងណាស់ ហេតុនេះហើយបានជាខ្ញុំសម្រេចចិត្ដសរសេរអ៊ីម៉ែលទៅជូនលោកវេជ្ជបណ្ឌិតវិញ។ ឥឡូវខ្ញុំមានបញ្ហាមួយចំនួនដែលត្រូវសាកសួរ ៖
- ខ្ញុំធ្លាប់មានការវះកាត់ម្ដង កាលពីខ្ញុំអាយុបាន១៧ឆ្នាំ។ សព្វថ្ងៃនេះខ្ញុំមានអាយុ២០ឆ្នាំហើយ។ ស្នាមវះកាត់នេះបានធ្វើឡើងនៅលើពោះរបស់ខ្ញុំត្រង់ម្ដុំក្រពះ វាមានប្រវែងវែងដល់ទៅ៤អ៊ីងឯណោះ។ តើខ្ញុំអាចលើកវត្ថុ ឬអ្វីមួយដែលមានទម្ងន់ធ្ងន់ដល់ទៅ៤០-៥០គីឡូក្រាមបានដែរឬទេ?
- កាលពីមុន ខ្ញុំមិនធ្លាប់មានរោគមុននៅលើផ្ទៃមុខខ្ញុំនោះទេ។ ប៉ុន្ដែឥឡូវនេះមានមុនលេចចេញនៃផ្នែកខ្លះនៃផ្ទៃមុខរបស់ខ្ញុំ ជាពិសេសនៅម្ដុំចង្កា ក្រោមត្រចៀក និងម្ដុំក។ តើខ្ញុំអាចព្យាបាលវាជាដោយវិធីណាទៅ? ខ្ញុំធ្លាប់ព្យាបាលម្ដងកាលពីពីរខែមុន ប៉ុន្ដែមិនមានប្រសិទ្ធភាពឡើយ។
ពិតណាស់ខ្ញុំផ្ដល់ការគាំទ្រដល់អ្វីដែលលោកវេជ្ជបណ្ឌិតបាននិងកំពុងធ្វើ។ ជាពិសេសការពន្យល់របស់លោកពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសទៅទៀតគឺការអភិវឌ្ឍន៍សង្គមជាតិទៅមុខមួយ។
សូមថ្លែងអំណរគុណដល់ជំនួយរបស់លោកវេជ្ជបណ្ឌិតជាមុន និងសូមទទួលសេចក្ដីស្រឡាញ់អំពីខ្ញុំ។
ឃ. ដ. រ អាយុ២០ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមជម្រាបសួរ។ អរគុណប្អូនផងដែរដែលបានគាំទ្រការងារ សកម្មភាព និងស្នាដៃរបស់ខ្ញុំបាទ ខ្ញុំបាទរំភើបខ្លាំងណាស់ នូវសម្ដីគាំទ្រទាំងឡាយរបស់ប្អូន ដែលសុទ្ធតែជាបំណង និងគោលដៅរបស់ខ្ញុំ ដើម្បីប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិខ្មែរ។ តាមរយៈអ៊ីម៉ែលរបស់ប្អូន ខ្ញុំបាទពិបាកដឹងថាតើជាស្ដ្រីឬបុរស តែបើតាមឈ្មោះប្រហែលជាប្អូនស្រីហើយ។ ការដឹងអំពី ភេទរបស់ប្អូននិងព័ត៌មានដទៃទៀត ពិតជាមានសារៈសំខាន់ណាស់សម្រាប់ឆ្លើយទៅនឹងសំណួរនានារបស់ប្អូន។ បើតាមការរៀបរាប់របស់ប្អូន គឺប្អូនធ្លាប់ជាមនុស្សទទួលរងនូវជម្ងឺធ្ងន់ធ្ងររហូតដល់វះកាត់ ហើយថ្មីៗនេះប្អូនចាប់មានរោគផ្សេងទៀត ដូចជារោគមុន ប្អូនជាមនុស្សដែលយកចិត្ដទុកដាក់នឹងសុខភាព។ ខ្ញុំសូមធ្វើការឆ្លើយនឹងសំណួរប្អូនទាំងពីរម្ដងមួយដូចតទៅ ៖
- តាមធម្មតា ការវះកាត់មានរបៀបផ្សេងៗគ្នា និងទំហំប្រវែងខុសៗគ្នាផងដែរ។ សព្វថ្ងៃនេះ មានវិធីវះកាត់ទំនើប ដែលទំហំវះមានប្រវែងខ្លី ឬស្ទើរតែមើលមិនឃើញតែម្ដង ក្រោយពេលព្យាបាលរួច។ ករណីប្អូនស្រី ៤អ៊ីង(ប្រហែល១តឹក)ជាប្រវែងមួយធំមែនទែន មិនដឹងថាតើប្អូនវះកាត់នេះដោយសារករណីអ្វីនោះទេ។ ការពិតទំហំនៃការវះកាត់នេះមិនប៉ះពាល់ដល់ការធ្វើការ និងជីវិតរស់នៅធម្មតារបស់ប្អូនក្រោយពីការវះកាត់នោះប៉ុន្មានទេ លើកលែងតែមានការកាត់សាច់ដុំពោះមួយចំនួនដែលពិបាកដល់ការប្រឹងលើកអ្វីមួយដែលធ្ងន់។ ប៉ុន្ដែប្អូនអាចមានរបៀបលើកមួយដោយមិនសូវប្រើប្រាស់ក្បាលពោះ ឬសាច់ដុំពោះបានខ្លះដែរ។ ហេតុនេះករណីប្អូនប្រហែលជាអាចលើកទម្ងន់ប៉ុណ្ណឹងបាន ប៉ុន្ដែសូមប្អូនជួបគ្រូពេទ្យផ្នែកវះកាត់បន្ថែមផងដើម្បីបញ្ជាក់ ព្រោះវាអាស្រ័យទៅលើស្ថានភាពវះកាត់នេះ តើជាថ្នេរបណ្ដោយ ឬក៏ទទឹងពោះ។
- រោគមុននៅលើផ្ទៃមុខរបស់ប្អូនគឺជាករណីរោគមុនដែលបណ្ដាលមកពីអរម៉ូន ដែលខ្មែរយើងនិយមហៅថា មុនឡើងខ្លួន មុនកម្លោះ ឬមុនក្រមុំនោះឯង។ ការព្យាបាលពិបាកនឹងធ្វើឱ្យវាជាដាច់ណាស់ ព្រោះវានឹងបាត់ដោយខ្លួនឯងនៅពេលវ័យរាងជ្រាលបន្ដិច។ ប៉ុន្ដែមានវិធីព្យាបាលអាចទប់ស្កាត់មិនឱ្យធ្ង្ងន់ធ្ងរ ដែលឈានដល់ការបង្ករោគបាន។ សម្រាប់ប្អូនបើជាស្ដ្រី វាអាចមានស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀត នៅមុនពេលមករដូវ មានន័យថាមុនរឹតតែឡើងខ្លាំង។ ប្អូនមិនអាចព្យាបាលរោគមុនដោយខ្លួនឯងនោះទេ មានតែគ្រូពេទ្យជំនាញនោះទេ ប៉ុន្ដែអាចថែទាំខ្លួនទប់ស្កាត់ និងទប់ទល់បានដោយអនុវត្ដវិធីសាស្ដ្រថែទាំ ដូចជាលាងសម្អាតមុខជាប្រចាំ កម្ចាត់មេរោគពីលើផ្ទៃមុខ និងមិនត្រូវញេចឬច្របាច់ផ្ដេសផ្ដាស ដែលនាំឱ្យក្លាយរោគនោះទេ។
សង្ឃឹមថាប្អូនពេញចិត្ដនូវរាល់ចម្លើយទាំងអស់នេះ។ បើនៅមានចម្ងល់ ប្អូនអាចសរសេរសំបុត្រមកខ្ញុំបាទជាថ្មីម្ដងទៀត។ សូមជូនពរប្អូនមានសុខភាពល្អ សម្រស់ស្អាត និងសំណាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply