ជម្ងឹទឹកនោម​ផ្អែម​ចាប់ផ្តើម​ប៉ះពាល់​ដល់​យុវជន​កម្ពុជា

អ្នក​​ជំនាញ​បាន​និយាយ​ថា ជម្ងឺទឹកនោម​ផ្អែម​បាន និង​កំពុង​​ចាប់ផ្តើម​មាន​ផល​ប៉ះ​ពាល់​ដល់​យុវជន​កម្ពុជា ដោយ​សារ​ឥរិយាបទ​នៃការ​ទទួលទាន​អាហារ និង​ការ​រស់នៅ​​របស់​ពួក​គេ​​មានការ​ផ្លា​ស់ប្តូរ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ម៉ូរីតស៍ វ៉ាន់តែល (MAURITS VANTEL)ប្រធាន​អង្គការ​មណ្ឌល​ព៌តមាន​​ជម្ងឺបាន​មាន​ប្រសាសន៍​ឲ្យដឹង​នាព្រឹក​ថ្ងៃច័ន្ទ ទី៣ កញ្ញា​កន្លងមក​ថា ជម្ងឺទឹកនោម​ផ្អែម​​បាន​​ចាប់ផ្តើម​ប៉ះពាល់​ដល់​យុវជន​កម្ពុជា ដោយសារ​ឥរិយាបទ​នៃការ​ទទួល​ទាន​អាហារ និងការ​ប្រើប្រាស់​អាហា​រ​មិនបាន​ត្រឹមត្រូវ​របស់​ពួកគេ ពិសេស​ពួកគេ​ចាប់ផ្តើម​និយម​ទទួល​អាហារ​​រហ័ស​ទាន់ចិត្ត​(Fast Food)​ដែលហាង​ប្រភេទ​នេះ កំពុង​មាននិន្នាការ​កើនទ្បើង​នៅ​កម្ពុជា។ លោក​បន្តថា ឥរិយាបទ​​នៃការ​ទទួលទាន​អាហារ​រប​ស់ពួកគេ ក៏​រងផល​ប៉ះពាល់​ផងដែរ ដោយ​សារ​​ពួកគេ​ទទួលទាន​ឆ្អែតពេក​លឿន​ពេក។

លោក​បន្តថា “ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​យុវជន​កម្ពុជា ដែល​កំពុង​រងផល​ប៉ះពាល់​ដោយសារ​ជម្ងឺនេះ ព្រោះ​ជាជម្ងឺបណ្តាល​ឲ្យពួកគេឆា​ប់​ស្លាប់។ ពួកគេ​គួរ​ទទួលទាន​ល្មម កុំឲ្យ​ឆ្អែតពេក និង​​ត្រូវហាត់​​ប្រាណ​ប្រចាំ​ថ្ងៃ ដើម្បី​បញ្ជៀស​ពីហានិភ័យ​នេះ ”។ លោក​បន្តថា “ប្រសិន​និន្នាការ​នេះ​​នៅតែ​​បន្ត​ខ្ញុំ​​ព្រួយខ្លាច​យុវជន​ខ្មែរ មាន​និន្នាការ​ដូចនៅ​សហរដ្ឋអាមេរិក ដែល​នៅទីនោះ​មាន​យុវជន​ម្នាក់​ក្នុង​​ចំណោម​​បីនាក់​​មានជម្ងឺធាត់ និង​ពីរនាក់​ក្នុងចំណោម​បីនាក់​មានជម្ងឺលើស​ទំងន់ជ្រុល”។

ការ​អង្កេតកាល​ពីឆ្នាំ​២០១០​បានរក​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​មានអាយុ​ចន្លោះ​២៥​ដល់​៦៥ឆ្នាំ​ ចំនួន​២ភាគរយ​មានជម្ងឺទឹក​​នោម​ផ្អែម ដែល​តួលេខ​នេះតំណាង​ឲ្យ​ប្រជាពលរដ្ឋ​៤០​​ភាគរយ​នៃចំនួន​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស។

លោក MAURITS VANTEL បានបន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពួកគេ​គួរ​ទទួលទាន​អាហារ​យឺតៗ អាហារ​ធម្មជាតិ ហាត់ប្រាណ​ឲ្យបាន​ទៀតទាត់ ទទួលទាន​អង្ករ​សំរ៉ូប​ឲ្យបាន​​ច្រើន កុំ​ទទួលទាន​ខ្លាញ់គោ ខ្លាញ់​ធ្វើពី​ត្នោត និង​ទទួលទាន​ខ្លាញ់​ផលិត​ពីគ្រាប់​ឈូក ពី​សណ្តែក ជាជាង​ទទួលទាន​ខ្លាញ់​ជ្រូក ខ្លាញ់​គោ និង​ខ្លាញ់​ផលិត​ពីត្នោត​ច្រើន។ លោក​បន្តថា ការ​បណ្តោ​យ​​ឲ្យ​ខ្លួនឯង​ធាត់លើស​គីទ្បូ និង​​ការជក់​បារី​​និង​ផឹកស្រាច្រើន​ពេក ក៏​បណ្តាល​ឲ្យមាន​ជម្ងឺនេះ​​ផងដែរ។

លោក MAURITS VANTEL បានបើក​មណ្ឌល​ព៌តមានជម្ងឺដើម្បី​ទទួល​ពិគ្រោះ និង​បង្កើត​​ក្រុមស្ម័គ្រ​ចិត្ត ជួយដល់​អ្នកមាន​ជម្ងឺទឹកនោម​ផ្អែម​នៅតាម​រាជធានី ខេត្ត​មួយចំនួន ដូចជា​នៅរាជធានី​ភ្នំពេញ បាន​ធ្វើការ​នៅសង្កាត់​បឹងសាទ្បាង សង្កាត់​អន្លង់ក្ងាន សង្កាត់​ស្រះចក សង្កាត់​បឹង​កក់ និងនៅ​សហគមន៍​បុរីកីទ្បា។ នៅខេត្ត​តាកែវ មានអ្នក​ស្ម័គ្រចិត្ត​ទូទាំង​ខេត្ត ខេត្ត​បន្ទាយមានជ័យ​មាននៅ​ស្រុក​ថ្មពួក ខេត្ត​កំពង់ធំ មាន​នៅស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក និង​​ខេត្ត​កំពង់ស្ពឺ​​មាន​​នៅស្រុក​គងពិសី និង​ស្រុក​បសេដ្ឋ ។

អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *