កីឡា​វាយ​កូនបាល់

កីឡា​បាន​ត្រូវ​បែងចែក​ជាច្រើន​ប្រភេទ​ខុសៗគ្នា និង​មាន​សារៈ​ប្រយោជន៍​ដូចគ្នាៗ។ កីឡា​វាយកូន​បាល់​ជាប្រភេទ​កីឡា​មួយ​បែប​ដែល​ផ្ដល់នូវ​អត្ថ​ប្រយោជន៍​ជាច្រើន និង​ពុំបង្ក​ឱ្យមាន​គ្រោះថ្នាក់​ក្នុងពេល​លេង​ដូចជា​កីឡា​មួយចំនួន​នោះទេ។ ជាពិសេស​សម្រាប់​អ្នកដែល​ចង់ទទួល​បាន​សុខភាព លោកអ្នក​គួរ​សាកល្បង​លេង​កីឡា​វាយកូន​បាល់ ដើម្បី​ទទួលបាន​សុខភាព​ល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក យី សារិន ជាគ្រូ​បង្ហាត់​កីឡា​វាយកូន​បាល់​នៅសហព័ន្ធ​កីឡា​វាយកូន​បាល់​អូឡាំពិក ដើម្បី​បកស្រាយ​ប្រធាន​បទ​កីឡា​វាយកូន​បាល់នេះ។

ប្រវត្ដិ​កីឡា​វាយកូន​បាល់​នៅ​ប្រទេស​កម្ពុជា

កីឡា​វាយកូន​បាល់​ជាកីឡា​ពេញ​ដែល​ទទួលការ​ពេញ​និយម​ជាច្រើន​ទសវត្សរ៍ តាំងពីឆ្នាំ​១៩៩៥​មកម្ល៉េះ។ កីឡា​វាយកូន បាល់​មិន​ត្រឹមជា​កីឡា​ប្រើប្រាស់​សម្រាប់​ការ​កម្សាន្ដ និង​សុខភាព​ប៉ុណ្ណោះ​ទេ វាថែម​ជាវិញ្ញាសា​នៃការ​ប្រកួត​ប្រជែង​ជាខ្នាត​អន្ដរជាតិ ដែល​ប្រទេស​កម្ពុជា​ធ្លាប់បាន​ទទួលបាន​នូវភាព​ជោគជ័យ​ជាច្រើន​គ្រាកន្លង​មក​ហើយ ទោះបី​ជាការ​ប្រកួត​នៅក្នុង​អំឡុង​ទសវត្សរ៍​នោះ ពុំមាន​ភាព​ទូលំ​ទូលាយ​ក៏ដោយ។ បច្ចុប្បន្ន​កីឡា​វាយកូន​បាល់​នៅតែ​រក្សាបាននូវ​ប្រជាប្រិយភាព​របស់ខ្លួន​ដដែល សម្រាប់​ពលរដ្ឋ​ខ្មែរ គ្រប់រូប​ដែល​និយម​ចូលចិត្ដ​វិស័យ​កីឡា។

របៀប​លេង​កីឡា​វាយកូន​បាល់

ការ​លេង​កីឡា​កូនបាល់​អាច​ប្រព្រឹត្ដ​ទៅដោយ​មនុស្ស​ពីរនាក់ ឬក៏​បួននាក់ ដែល​ត្រូវចាប់​ដៃគ្នា​ជាគូ​ប្រកួត​ជាលក្ខណៈ​ក្រុម ដែលមាន​អាជ្ញា​កណ្ដាល​អង្គុយ​លើកៅអី​នៅម្ខាង​ជិតសំណាញ់ ដើម្បី​មើលការ​ឆ្លង​របស់​កូន​បាល់។ ការ​ប្រកួត​ជាផ្លូវការ​នៅអាស៊ី​ត្រូវធ្វើ​ឡើង​ចំនួន​២សិច​មិនកំណត់​ពេលវេលា ក្នុងមួយ​សិចមាន​៦ពិន្ទុធំ​ដែលក្នុង​មួយ​១ពិន្ទុ​ធំមាន​៤កូន​បាល់។ ប្រសិនបើ​លេងឈ្នះ​មួយ សិចម្នាក់​ស្មើ គឺ​ត្រូវតម្រូវ​ឱ្យកីឡាករ​ធ្វើការ​ប្រកួត​មួយសិច​ទៀត ដើម្បីយក​ឈ្នះចាញ់ ដែលមាន​លក្ខណៈ​ខុសប្លែក​ពីការ​ប្រកួត​ជាផ្លូវការ​នៅទ្វីប​អឺរ៉ុប ដែលការ​ប្រកួត​ត្រូវធ្វើ​ឡើង​ចំនួន​៥សិច។

អត្ថ​ប្រយោជន៍​នៃការ​លេងកីឡា​វាយកូន​បាល់

ទោះបី​លោកអ្នក​ពុំមែន​ជាកីឡាករ​អាជីព​ដែលអាច​រកថវិកា​ពីកីឡា​វាយកូន​បាល់​ក៏ដោយ តែលោកអ្នក​នូវតែ​អាច​ទទួលបាន​នូវអត្ថ​ប្រយោជន៍​ជាច្រើន​ក្នុងការ​លេងកីឡា​នេះ។ ប្រសិនជា​លោកអ្នក​អនុវត្ដ​តាមក្បួន​ខ្នាត​នៃការ​លេងកីឡា​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​បាន​ត្រឹមត្រូវ នោះ​លោកអ្នក​នឹង​ទទួលបាន​អត្ថ​ប្រយាជន៍​ជាច្រើន​ដូចជា ៖

  • ជួយ​បង្កើនភាព​រហ័ស​រហួន និង​កម្លាំង​ដៃ​លោកអ្នក
  • បង្កជា​ភាពងាយ​ស្រួលដល់​ប្រព័ន្ធ​ចលនា​ជីពចរ និង​សម្រួល​ដល់ការ​រត់នៃ​សរសៃឈាម
  • រក្សា​ចលនា​កន្ដ្រាក់​របស់​ថ្លើម បេះដូង​ឱ្យមានឱ្យ​ស្ថិតក្នុង​សភាព​ប្រក្រតី
  • ជំនួយ​ដល់​ចលនាផត ហើយ​ប៉ោង​របស់​សួត
  • ទប់ស្កត់​ជម្ងឺ​រ៉ាំរ៉ៃ ពិសេស​បញ្ចេញ​ចោលនូវ​សារធាតុ​ពុល​ដែលមាន​ក្នុង​រាងកាយ
  • បំបាត់​ចោលនូវ​អាការ​ឈឺចាប់​តាម​សន្លាក់ ក្នុងការ​បត់បែន​ធ្វើចលនា​ផ្សេងៗ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព និងការ​ទទួលទាន​អាហារ

ការ​លេងកីឡា​វាយកូន​បាល់​ត្រូវការ​ភាព​កំណត់​ពេលវេលា​ដែល​ច្បាស់លាស់ និង​ការលេង​បាន​ត្រឹមត្រូវ ទើប​ផ្ដល់នូវ​ផលល្អ​ច្រើន​សម្រាប់​សុខភាព​រាងកាយ។ លោកអ្នក​គប្បី​កម្ដៅសាច់ដុំ និង​យល់ពី​របៀប​វាយកូន​បាល់​ជាមុនសិន​មុនលេង​កីឡា​នេះ។ បើមិន​ដូច្នេះ​ទេ វាអាច​បង្កជា​គ្រោះថ្នាក់​តិចតួច​ក្នុងការ​លេងកីឡា​នេះ ម្យ៉ាងទៀត​វាក៏​ធ្វើឱ្យ​សាច់ដុំ​ដៃរបស់​លោកអ្នក​ឡើងប៉ោង​ម្ខាង បើសិន​លោកអ្នក​ពុំយល់​ច្បាស់ពី​បច្ចេកទេស​វាយកូន​បាល់​នោះទេ។ ការលេង​កីឡា​នេះទៀត​សោតក៏​តម្រូវឱ្យ​អ្នកលេង​ទទួលទាន​អាហារ​បាន​គ្រប់គ្រាន់ ពិសេស​សម្បូរ​ទៅវីតាមីន​សម្រាប់​រាងកាយ មិនថា​ជាអ្នកលេង​អាជីព ឬក៏​ដើម្បី​ការ​កម្សាន្ដ។ សូម​ទទួលទាន​បន្លែឱ្យ​បានច្រើន​ជាងការ​ទទួលទាន​សាច់។

ពេលវេលា​ក្នុងការ​លេងកូន​បាល់

លោកអ្នក​ដែលលេង​កីឡា​កូនបាល់​ត្រូវ​កំណត់​ពេលវេលា​ឱ្យបាន​ច្បាស់ក្នុង​ការ​ហាត់ ឬក៏​ការលេង​កម្សាន្ដ ដើម្បី​សុខភាព។ លោកអ្នក​គួរតែ​ជ្រើសរើស​ការលេង​នៅពេល​ព្រឹកព្រលឹម និងពេល​ល្ងាច​ជារៀង​រាល់ថ្ងៃ​ជាប្រចាំ មួយថ្ងៃ​ឱ្យបាន​មួយម៉ោង​ទៅពីរ​ម៉ោង ទើបជាការ​ប្រសើរ​នៅក្នុង​ការហាត់​លេង។ លោកអ្នក​មិនគួរ​លេងកីឡា​នេះ​ក្រោយការ​បរិភោគ​អាហារ​ឆ្អែត​នោះទេ ព្រោះ​អាច​បណ្ដាល​ឱ្យក្រពះ​រំលាយ​អាហារ​មិនបាន​ល្អ។ សូម​ព្យាយាម​លេងកីឡា​នេះនៅពេល​ព្រឹក​ទើបល្អ សម្រាប់​រាងកាយ​ងាយស្រួល​ក្នុងការ​បញ្ចេញ​ចោលនូវ​សារធាតុ​ពុល​ដែលមាន​នៅក្នុង​ខ្លួនយើង។

ដំបូន្នាន​អ្នក​ឯកទេស

ការ​លេងកីឡា​សុទ្ធសឹងតែ​មានសារៈ​ប្រយោជន៍​ទាំងអស់។ ដូចនេះ​លោកអ្នក​គួរតែ​ស្វែងយល់​អំពី​ការលេង​កីឡា ពិសេស​កីឡា​កូនបាល់​ដែលផ្ដល់​អត្ថ​ប្រយោជន៍​ច្រើនដល់​សុខភាព​លោកអ្នក ព្រោះ​កីឡា​វាយកូន​បាល់​ជាប្រភេទ​កីឡា​ដែលតម្រូវ​ឱ្យ​អវយវៈ និង​រាងកាយ​ទាំងមូល​ធ្វើចលនា​ទាំងអស់​ព្រមគ្នា។ ដើម្បី​ជាថ្នូរ​នៃសុខភាព គួរតែ​លោកអ្នក​គិតគូរ​ឡើងវិញ​អំពី​កីឡា និង​ធ្វើ​លំហាត់ប្រាណ​ជាប្រចាំ ដើម្បី​កាត់បន្ថយ​នូវការ​ចំណាយ​ប្រាក់កាក់​ច្រើនក្នុង​ការ​ព្យាបាល​ជម្ងឺ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *