បទពិសោធន៍​អ្នកជម្ងឺ​រមួល​ពងស្វាស

យើងដឹង​ហើយ​ថាពង​ស្វាស គឺជា​សរីរៈ​មួយដែល​កំណត់​អត្ដសញ្ញាណ​ភេទ​ជាបុរស​ពេញ​លក្ខណៈ​សម្រាប់​មនុស្ស​ប្រុស​គ្រប់រូប ហើយ​វាក៏​ជាកន្លែង​ផ្ទុកនូវ​សារជាតិ​មេជីវិត​ឈ្មោល​ដែលគេ​ហៅកាត់​ថា ទឹកកាម​និង​អ័រម៉ូន​ភេទ​របស់​បុរស​សម្រាប់​ទៅធ្វើការ​បង្កកំណើត​តាមរយៈ​ការ​រួមភេទ។ តែ​ប្រសិន​បើពង​ស្វាស​ជួប​ប្រទះនូវ​សភាព​អវិជ្ជមាន ឧស្សាហ៍​មានជម្ងឺ​ឬ​សរសៃ​ឈាម​រត់ចេញ​ចូលមិន​មានភាព​ប្រក្រតី​យូរអង្វែង​នោះ អាច​ប្រឈម​មុខនឹង​ការ​មិនមាន​កូន​អស់មួយ​ជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាស​ផ្ទាល់​ជាមួយ​លោក សេង ឡាយហេង អាយុ​៣៤ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដើមជ្រៃ ឃុំ​រកាកោង​ទី២ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ដែលមាន​ជម្ងឺ​រមួល​ពងស្វាស​អស់​រយៈពេល​ជាយូរខែ ធ្វើឱ្យ​លោក​ពិបាក​រស់នៅ​យ៉ាងខ្លាំង។ ដោយ​សារតែ​មាន​ដុំដុះ​កៀប​ជាប់​ទៅនឹង​សរសៃ​ឈាម​ពងស្វាស​នេះ​តែម្ដង មិនអាច​ឱ្យ​ឈាម​មានការ​ផ្លាស់ប្ដូរ​និងធ្វើ​ចលនា​ទៅមក​ដោយ​ងាយស្រួល​ឡើយ។ លោក សេង ឡាយហេង បាន​និយាយ​បន្ដទៀត​ថា ខណៈពេល​ដែល​លោក បាន​កើតជម្ងឺ​នេះ​ដំបូង លោក​មាន​អារម្មណ៍​ចុកសៀត​ណែន​ផ្នែក​ខាងក្រោម​នៃ​ពងស្វាស​យ៉ាង​ខ្លាំង បន្ទាប់មក​ហាក់មាន​អារម្មណ៍​ដូចជា ថប់ដង្ហើម​ដកសឹង​តែមិន​ដល់គ្នា​ម្ដងៗ។ ក្រោយមក​លោក​បានទៅ​ពិនិត្យ​ជម្ងឺ​នៅមន្ទីរពេទ្យឯកជន​មួយ​ទៅលើ​អាការ​រោគ គ្រូពេទ្យ​បាន​និយាយ​ថា​លោកមាន​ជម្ងឺ​រមួល​ពងស្វាស ហើយ​បាន​គាប​មេជីវិត​ឈ្មោល​ជាប់​តែម្ដង។ លោក​បញ្ជាក់​ថា កន្លងមក​លោក​ធ្លាប់​តែមាន​ការ​ប៉ះទង្គិច​ខ្លះដែរ​ទៅលើ​ពងស្វាស​ពេល​ដែល​លោក​ធ្លាក់​ពីលើដើម​ត្របែក​នៅជិត​ផ្ទះ​របស់​លោក​អំឡុង​៥ឆ្នាំមុន។ ចាប់តាំង​ពីមាន​ការ​បញ្ជាក់​ពីវេជ្ជបណ្ឌិត​ទៅលើ​អាការរោគ​មក លោក សេង ឡាយហេង បានធ្វើ​ការ​ព្យាបាល​យ៉ាង​យកចិត្ដ​ទុកដាក់​ពីគ្រូពេទ្យ​ជំនាញ ដោយ​ធ្វើការ​វះកាត់​ត្រង់​ចំណុច​ពងស្វាស​យកដុំ​តូចៗ​ហើយ​ទន់ៗ​នោះចេញ ហើយ​ក៏បាន​ទាញយក​សរសៃឈាម​ដែលមាន​បញ្ហា​គាប នឹង​អាងក្រគាក​ដែល​បង្កឱ្យ​មានផល​ប៉ះពាល់​ចំពោះ​ការ​បញ្ជូន​ឈាម​ទៅមក​ផងដែរ ដើម្បី​មាន​ឱកាស​អាច​ផលិត​កូនបាន​ដូច​គេឯង។ មិនតែ​ប៉ុណ្ណោះ បើ​លោកអ្នក​មានជម្ងឺ​នេះ​វាធ្វើឱ្យ​ប៉ះពាល់​ដល់​រសជាតិ​នៃ​ជីវិត សុខភាព​ផ្លូវភេទ​ចុះខ្សោយ​ទៀតផង។

ដំបូន្មាន​អ្នក​ជំនាញ

បើតាម​លោក​វេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​ទូទៅ​នៃសមាគម​ថែរក្សា​សុខភាព​កម្ពុជា​ហៅកាត់​ថា “រ៉ាក់” បាន​និយាយ​ថា បុរស​ដែលមាន​ជម្ងឺ​រមួលពង​ស្វាស​គឺមិន​អាចមាន​កូន​អស់​មួយជីវិត ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​ឱ្យបាន​ជាសះស្បើយ​នោះទេ ព្រោះ​វាបាន​ប៉ះពាល់​ទៅលើ​គំនាប​សរសៃ​ឈាម​វ៉ែន​នាំទៅ​នាំមក​មានការ​រីកធំ​បង្កឱ្យ​ឈាម​មិនអាច​រត់ទៅ​ចិញ្ចឹម​នៅត្រង់​សរីរាង្គ ពងស្វាស​នោះបាន​គ្រប់គ្រាន់ ហើយ​អាចធ្វើ​ឱ្យការ​ផលិត​មេជីវិត​ឈ្មោល​មាន​បញ្ហា​ក្នុងការ​បង្ក​កំណើត។ ដូច្នេះ​អស់​លោក​បុរស​ទាំងអស់​ត្រូវតែ​ឧស្សាហ៍​ស្ទាបអង្អែល​នៅលើពងស្វាស​របស់ខ្លួន​ឱ្យបាន​ទៀងទាត់ ព្រោះ​ប្រសិនបើ​រកឃើញ​ថាមាន​ដុំតូចៗ​នៅក្នុង​ពងស្វាស ហើយ​នោះ ត្រូវ​ប្រញាប់​រួសរាន់​ទៅជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើការ​ព្យាបាល។ ម្យ៉ាងទៀត​ដើម្បីធ្វើការ​ការពារ​កន្សោម​ពងស្វាស​នេះ បញ្ចៀស​ឱ្យផុតពី​ជម្ងឺ មិនត្រូវ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅនឹង​អ្វីផ្សេង ឬ​គ្រោះថ្នាក់​ត្រង់​ចំណុច​ពងស្វាស​នេះតែ​ម្ដង ព្រោះ​វាអាច​បង្កឱ្យ​មានជម្ងឺ​រមួល​ពងស្វាស​កើតឡើង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ទៅថ្ងៃ​មុខបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *