ក្រោយពេលសម្រាលកូន ស្ដ្រីមួយចំនួនបានជួប ប្រទះនូវបញ្ហាផ្សេងៗខុសប្រក្រតី ដែលខ្មែរយើងនិយមហៅថាទាស់។ មិត្ដនារីមួយចំនួនអាចមានបញ្ហាទាស់ រីឯស្ដ្រីខ្លះទៀតក៏មិនមានការទាស់នេះដែរ។ ទាំងនេះបណ្ដាលមកពីហេតុអ្វី? តើការទាស់នេះជាជម្ងឺអ្វីពិតប្រាកដ? មានវិធីព្យាបាលឬទេ?
ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ជ្រាបកាន់តែច្បាស់ពីជម្ងឺទាស់ដំណេកនេះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសជា មួយលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី ឯកទេសព្យាបាលជម្ងឺទូទៅ នៃសមាគមថែទាំសុខភាពកម្ពុជាហៅកាត់ថា(រ៉ាក់)។
សុខភាពស្ដ្រីក្រោយសម្រាលកូន
– ត្រូវការរបបអាហារសម្រប ៖ មានគ្រប់រសជាតិ សាច់ បន្លែ ត្រី ស៊ុត ផ្លែឈើ ដើម្បីមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅ ដោះទារក។
– ត្រូវសម្រាកពីការងារ មិនថាការងារធ្ងន់ ឬស្រាលអ្វីឡើយ
– ត្រូវការតាមដានផ្នែកវេជ្ជសាស្ដ្រ ៖ ពិនិត្យសុខភាពឱ្យបានទៀងទាត់ទៅតាមកាលកំណត់ទុករបស់អ្នកផ្ដល់សេវាសុខាភិ បាល ដើម្បីបញ្ជាក់ពីការជាសះនូវរបួសស្នាមពេលសម្រាលកូន និងដើម្បីបញ្ជាក់ពីការវិលមករកសភាពប្រក្រតីឡើងវិញនៃសុខភាព របស់គាត់
– មិនទាន់មានចំណង់រួមភេទភ្លាមៗទេ ដោយសារឈឺចាប់តាមផ្លូវបន្ដពូជ បណ្ដាលមកពីការដាច់រលាត់នៅពេលសម្រាលកូន
– ត្រូវការពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែទាំកូនតូច
– ការថែទាំសុខភាពស្ដ្រីក្រោយពេលសម្រាលកូនមានសារៈសំខាន់ខ្លាំង ដែលតម្រូវឱ្យមានការចូលរួមពីមនុស្សនៅជុំវិញ ជាពិសេសគឺស្វាមីរបស់គាត់។
ជំនឿចាស់បុរាណចំពោះស្ដ្រីក្រោយសម្រាលកូន
– ទម្លាប់មិនល្អ ៖ ស្ដ្រីក្រោយសម្រាលកូនមិនអាចទទួលទានអាហារបានច្រើនប្រភេទនោះទេ ព្រោះបណ្ដាលឱ្យទាស់
– ទម្លាប់ល្អ ៖ ស្ដ្រីក្រោយសម្រាលកូនមិនទាន់អាចធ្វើការងារអ្វីបានភ្លាមៗនោះទេ រួមទាំងការរួមភេទផងដែរ នឹងអាច បណ្ដាលឱ្យទាស់ ព្រោះសរសៃនៅខ្ចី(ជំនឿចាស់បុរាណ)។
ជំនឿចាស់បុរាណមិនមែនខុសទាំងអស់នោះទេ ដូច្នេះសុំមេត្ដាគិតគូរឱ្យបានច្បាស់លាស់មុននឹងអនុវត្ដតាម ឬត្រូវចៀសវាង។
ទាស់ដំណេក
ជាធម្មតាក្រោយពេលសម្រាលកូនរយៈពេល៦សប្ដាហ៍ ស្ដ្រីត្រូវមកមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពសារជាថ្មី ដើម្បីឱ្យប្រាកដ ថារាងកាយរបស់គាត់វិលមកសះស្បើយ ដូចសភាពដើមវិញហើយឬនៅ។ បើការពិនិត្យទៅឃើញថាមិនមានបញ្ហាអ្វីទេនោះ ស្ដ្រីអាច បំពេញការងារដូចដើមវិញ អាចធ្វើកិច្ចការផ្សេងៗដូចអ្នកធម្មតា អាចរួមដំណេកជាមួយស្វាមី អាចមានកូនមួយទៀតបានជាដើម។ ផ្ទុយទៅវិញបើស្ដ្រីនោះធ្វើការរួមភេទក្រោមរយៈពេល៦សប្ដាហ៍ ជាពេលដែលសរីរាង្គបន្ដពូជរបស់គាត់មិនទាន់ជាសះស្បើយនោះទេ បណ្ដាលឱ្យមានការក្លាយរបួសកើតចេញជាអាការៈផ្សេងៗ ដែលខ្មែរយើងនិយមហៅថាទាស់ដំណេក។ សរុបមកមិនមានរោគទាស់ដំ ណេកទេ ដូច្នេះសូមងាកទៅរកការថែទាំសុខភាពស្ដ្រីក្រោយពេលសម្រាលកូនវិញ។ ចាស់បុរាណមិនបានដឹងអំពីរយៈពេលនៃការរួម ភេទទើបមានសុវត្ថិភាព។ ទាំងនេះមានន័យថាគឺជាការថមថយខាងផ្នែកសុខភាព ដោយសារតែកង្វះខាតអាហារូបត្ថម្ភរាងកាយ ធ្វើ ឱ្យស្បែកស្ងួតបែកស្រកាដែលកើតឡើងពីការតមចំណី។ ស្ដ្រីបានសម្រាលកូនហើយមានការដាច់រលាត់នៅតាមផ្លូវទ្វារមាស ឬស្នាមគេ កាត់ដើម្បីសម្រាលកូន និងនូវមានការឈឺចាប់ជាមួយស្នាមរបួសដែលមិនអាចធ្វើការរួមភេទបានឆាប់ភ្លាមនោះទេ លុះត្រាតែកន្លែង ប្រដាប់ភេទជាសះស្បើយ គួបផ្សំនឹងចំណង់ផ្លូវភេទរបស់ខាងស្ដ្រីទៀតផង។ ស្ដ្រីខ្លះកំពុងបំបៅដោះកូនបន្ដមានរយៈពេលយូរ ទើបមាន ចំណង់ផ្លូវភេទឡើងវិញ និងដោយសារតែមមាញឹកក៏មិនអាចមានចំណង់រួមភេទភ្លាមដែរ។ ហើយបើបង្ខំឱ្យរួមភេទនោះធ្វើឱ្យគាត់ មានបញ្ហាសុខភាពផ្លូវចិត្ដ ទាំងនេះក៏មិនមែនជាជម្ងឺទាស់ដំណេកដែរ តែដោយសារប្រជាពលរដ្ឋមិនយល់ក៏ហៅថាជម្ងឺទាស់ដំណេកដូច គ្នាតែម្ដងទៅ។
ដូចម្ដេចដែលហៅថារោគទាស់ដំណេក?
តាមជំនឿបុរាណដែលបានកំណត់ថាស្ដ្រីមានរោគទាស់ដំណេក គឺស្ដ្រីមានបញ្ហាសុខភាពបន្ទាប់ពីបានរួមភេទជាមួយស្វាមី របស់គាត់ បន្ទាប់ពីបានសម្រាលកូនរួចដោយមិនបានកំណត់ឱ្យបានច្បាស់លាស់ថា តើរយៈពេលប៉ុន្មានថ្ងៃ ឬខែ ដែលស្ដ្រីមានបញ្ហានេះ ទើបអាចកំណត់ថាមានរោគទាស់ដំណេកនោះទេ។ ជំនឿបុរាណដែលមានបន្ដរហូតដល់បច្ចុប្បន្ននេះ មិនមានកំណត់ត្រាជាឯកសារផ្លូវ ការនោះទេ គឺគ្រាន់តែជាការនិយាយតៗគ្នាតែប៉ុណ្ណោះ។
យោងតាមការលើកឡើងខាងលើ សូមប្រិយមិត្ដរបស់ទស្សនាវដ្ដី សុខភាពយើង ទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសុខភាពស្ដ្រីក៏ដូចជាបានចូលរួមថែរក្សាសុខភាពសង្គមទាំងមូលផងដែរ។
តាមក្បួនវេជ្ជសាស្ដ្រទំនើប ស្ដ្រីក្រោយសម្រាលកូនរួចអាចរួមភេទបានចាប់ពី៤-៦សប្ដាហ៍ក្រោយ ឬយូរជាង។ ហេតុផល ដែលមិនអាចរួមភេទបានភ្លាមមានដូចជា ៖
– របួសមិនទាន់សះ ដែលបណ្ដាលឱ្យមានការឈឺចាប់នៅពេលបុរសស៊កលិង្គបញ្ចូល
– ស្ដ្រីមិនទាន់មានចំណង់រួមភេទ។ ដូច្នេះបើស្វាមីមិនយល់ ឬធ្វើជាមិនយល់ វានឹងក្លាយទៅជារឿងរំលោភឬចាប់បង្ខំ ហើយនាំឱ្យស្ដ្រីមានការខ្លាចរអានឹងការរួមភេទជាមួយស្វាមីរបស់គាត់។ ចុងក្រោយអាចមានការមិនយោគយល់គ្នារវាងប្ដី និងប្រពន្ធ។
ដូច្នេះការបំពាននឹងការរៀបរាប់ខាងលើនេះហើយដែលបណ្ដាលឱ្យស្ដ្រីក្រោយសម្រាលកូនតែងតែមានបញ្ហាសុខភាព ហើយសាច់ ញាតិអ្នកជិតខាងក៏បានទម្លាក់កំហុសទៅលើការរួមភេទ ដោយបង្កើតបានជារោគវិនិច្ឆ័យថាជម្ងឺ ឬរោគទាស់ដំណេក។
មូលហេតុទាស់ដំណេក
ទាស់ដំណេកកើតឡើងដោយសារតែការមិនយល់ ឬចំណេះដឹងមានកម្រិតរបស់ស្វាមី ដោយគិតថាបន្ទាប់ពីសម្រាលកូនរួច ហើយអាចរួមភេទតាមធម្មជាតិបានហើយ ឬបុរសគាត់មានចំណង់រួមភេទច្រើន គាត់ក៏អាចចាប់បង្ខំប្រពន្ធរបស់គាត់រួមភេទ ដោយ មិនបានគិតថា ស្ដ្រីនោះមានអារម្មណ៍ចង់រួមភេទ ឬក៏អត់ទេ។
មូលហេតុដែលបង្កឡើងគឺដោយសារតែការតមអាហារតាមចាស់បុរាណជាកត្ដាដ៏សំខាន់។ ស្ដ្រីខ្លះតមចំណីរហូតដល់ស្គម រីងរៃ។ ជាធម្មតានៅពេលដែលខ្សោះចំណីអាហារហើយស្បែកគឺឡើងស្ងួត រាងដូចបែកស្រកា នេះហើយដែលគេនិយមហៅថា ទាស់ដំណេក។ ប៉ុន្ដែធាតុពិតមកពីខ្វះអាហារូបត្ថម្ភ នឹងមួយទៀតទាក់ទងទៅនឹងស្បូនដោយសារការរួមភេទ នៅពេលផ្លូវបន្ដពូជស្ដ្រី មិនទាន់បានជាសះស្បើយ ជាឱកាសនាំមេរោគចូលទៅធ្វើឱ្យបង្កមេរោគនៅក្នុងស្បូនធ្វើឱ្យមានកម្ដៅកើនឡើង ការពិតជាការករោគ ខាងរាងកាយ។ មានគ្រោះថ្នាក់ធ្ងន់ធ្ងរមួយទៀតហូតដល់ការបាត់បង់ជីវិត តែក្នុងករណីកម្រនៅពេលចលនារួមភេទអាចបញ្ចូលខ្យល់ ទៅក្នុងស្បូនរបស់ស្ដ្រី ងាយចូលទៅក្នុងសរសៃឈាម ព្រោះសរសៃឈាមកំពុងតែចំហកើតទៅជាកំណកខ្យល់ បណ្ដាលឱ្យស្ទះសរសៃ ឈាមអាចធ្វើឱ្យស្ដ្រីស្លាប់បាន ទាំងនេះហើយដែលប្រជាពលរដ្ឋខ្មែរយើងនិយមហៅថាជម្ងឺទាស់ដំណេក។
រោគសញ្ញាទាស់ដំណេក
ស្ដ្រីច្រើនមានសភាពដូចជាស្គមរីងរៃ ស្បែកស្ងួតបែកស្រកា ក្ដៅខ្លួន រងាញាក់ស្រៀវស្រាញ ក្ដៅរងា មានការធ្លាក់ទឹក ចិត្ដពីការចាប់បង្ខំនៅពេលស្ដ្រីមិនមានចំណង់រួមភេទ ធ្វើឱ្យគាត់តានតឹងអារម្មណ៍ និងបាក់ទឹកចិត្ដ។ មានអាការៈមួម៉ៅឆាប់ឆេវឆាវជាដើម។
វិធីការពារជម្ងឺទាស់ដំណេក
ដោយពឹងលើស្ដ្រីមានចំណង់រួមភេទផង យ៉ាងហោចណាស់ពី៤ទៅ៦សប្ដាហ៍ក្រោយពេលសម្រាលកូនរួច ទើបរួមភេទបាន។ មិនមែនសម្រាលកូនបានតែ៤ទៅ៦សប្ដាហ៍រួមភេទក៏ចេះតែរួមភេទ វាក៏មិនត្រឹមត្រូវដែរ។ ដូច្នេះត្រូវរង់ចាំឱ្យបានពី៤ទៅ៦សប្ដាហ៍ អាចយូរជាងនេះកាន់តែល្អ ហើយបូកផ្សំជាមួយស្ដ្រីមានចំណង់រួមភេទផង បើមិនមានចំណង់រួមភេទទេត្រូវរង់ចាំយូរជាងនេះមិនកំណត់ពេលវេលាឡើយ។ ទាក់ទងទៅនឹងអាហារូបត្ថម្ភ មិនត្រូវតមអាហារពេកទេ។ បើសិនជាចង់ដឹងច្បាស់ថាស្ដ្រីគួរញ៉ាំចំណីអ្វីខ្លះ បាន សូមកុំជឿចាស់បុរាណពេក ត្រូវអញ្ជើញទៅមន្ទីរពេទ្យ ដែលគ្រូពេទ្យអាចអនុញ្ញាតឱ្យញ៉ាំអ្វីបាន និងអ្វីមិនបាន។
វិធីការពារងាយបំផុត គឺបុរសជាស្វាមីត្រូវយកចិត្ដទុកដាក់ឱ្យបានច្រើនដល់ភរិយាដែលទើបនឹងសម្រាលកូនរួច ជាពិសេស ការរួមភេទមិនត្រូវចាប់បង្ខំឡើយ។
វិធីព្យាបាលជម្ងឺទាស់ដំណេក
គប្បីបញ្ជូនស្ដ្រីទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលតាមក្បួនវេជ្ជសាស្ដ្រទំនើប។
ដំបូន្មានរបស់អ្នកជំនាញ
សូមឱ្យស្វាមី ឬម្ដាយទាំងឡាយក្រឡេកមើលការរីកចម្រើននូវវិស័យវេជ្ជសាស្ដ្រទំនើបបច្ចុប្បន្នថាមានការរីកចម្រើនដល់កម្រិតណាហើយ។ សូមគិតទាំងអស់គ្នាថា ការទាស់បណ្ដាលមកពីការទទួលទាន ឬពីការរួមភេទ។ បើការទទួលទាន ឬការរួម ភេទនោះប្រព្រឹត្ដដោយសមស្រប និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ដ្រ គឺប្រាកដជាមិនមានរោគទាស់ចំពោះស្ដ្រីក្រោយសម្រាលទៀតឡើយ។
ការយល់ចិត្ដគ្នារវាងប្ដីប្រពន្ធគឺអាចជួយឱ្យគ្រួសារមួយមានសុខភាពល្អយូរអង្វែង និងក៏អាចជួយជំរុញកម្ពុជារដ្ឋឱ្យមានតែភាពសុខសាន្ដ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply