អ៊ុង និមល គួរតែ​ឆ្លៀតពេល​ថែរក្សា​សម្ផស្ស​ឱ្យបាន​ច្រើន

ពីអ្នក​តុបតែង​មុខ​ឱ្យតារា កញ្ញា អ៊ុង និមល ក៏បាន​ក្លាយជា​តារា​សម្ដែង​មួយរូប​ផងដែរ​នៅក្នុង​វិស័យ​សិល្បៈ។ និមល​បានប្រឡូក​ចូលសិល្បៈ​តាំងពី​ឆ្នាំ២០០៥​មកម្ល៉េះ ប៉ុន្ដែ​ដោយមាន​ការ​មមាញឹក​នឹង​ការងារ​ច្រើន ទើប​និមល​មិនសូវ​ជាមាន​ប្រជាប្រិយ នៅក្នុង​វិស័យសិល្បៈ។ មកដល់​ពេលនេះ​និមល​ក៏ចាប់ផ្ដើម​លេចធ្លោ​ម្ដងបន្ដិចៗ​នៅក្នុង​វិស័យ​នេះហើយ។ សព្វថ្ងៃនេះ​និមល​កំពុង តែ​មមាញឹក​នឹងការងារ​ជាច្រើន ដូចជា​ការថត​ស្ពតពាណិជ្ជកម្ម និង​ការងារ​ផ្ទាល់ខ្លួន​ផងដែរ តែទោះ​បីជាយ៉ាង​ណាក៏​និមលមិន​ដែលភ្លេច​ឡើយ​នូវការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

និមល​បានចូល​មកបកស្រាយ​អំពីការ​ថែរក្សា​សម្រស់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ប្រាប់​អំពី​វិធីសាស្ដ្រ​ថែរក្សា សម្រស់ និងការ​ថែរក្សា​សុខភាព​រាងកាយ​របស់ខ្លួន​ជូន​ប្រិយមិត្ដ​ទាំងអស់ ពិសេស​គឺមិត្ដនារី​ទាំងឡាយ​ឱ្យបាន​ជ្រាប​ផងដែរ។

ប្រវត្ដិ​សិល្បៈ

កាលពី​ឆ្នាំ២០០៤​កញ្ញា​និមល​គឺជា​អ្នកធ្វើការ​នៅក្នុង​ស្ថានីយប៉ុស្ដិ៍​ទូរទស្សន៍​ស៊ីធីអិន ដោយធ្វើ​ជាអ្នក​តុបតែង​មុខ និង​សម្លៀកបំពាក់​ឱ្យពួក​តារា និង​ពិធីករ​ពិធីការិនី។ នៅក្នុង​ឆ្នាំ២០០៥​និមល​ក៏ត្រូវបាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​ឱ្យនិមល​ថតស្ពត​ពាណិជ្ជកម្ម។ ក្រៅពីថត​ស្ពតណាណិជ្ជកម្ម​ហើយ និមល​ក៏បាន​ថតសម្លៀក​បំពាក់ម៉ូត និង​ថតម៉ូតសក់​ឱ្យទស្សនាវដ្ដី​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ។ មកដល់​ពេលនេះ និមល​មានការ​មមញឹក និង​ការងារ​ជាច្រើន ទាំងការ​ថតស្ពត​ពាណិជ្ជកម្ម ការងារ​នៅស៊ីធីអិន និង​មុខរបរ​ផ្ទាល់ខ្លួន​ជាដើម។

វិធី​ថែរក្សា​សម្រស់

សព្វថ្ងៃ​នេះកញ្ញា អ៊ុង និមល មានការ​មមាញឹក​ច្រើននឹង​ការងារ តែទោះ​បីជា​មានការ​មមាញឹក​ច្រើនយ៉ាង​ណាក៏ដោយ ក៏និមល​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់​ក៏ដូចជាការ​ថែរក្សា​សុខភាព​របស់​និមល​ផងដែរ។ ខាងក្រោមនេះ​គឺជាវិធី​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់កញ្ញា អ៊ុង និមល ដែលបាន​អនុវត្ដ​ជាប្រចាំ។

  • ការ​ថែរក្សា​សក់ ៖ កញ្ញា​និមល​ចូលចិត្ដ​លេងពណ៌សក់​បំផុត ធ្វើឱ្យ​សក់​និមល​មានបញ្ហា។ និមល​បាន​ជ្រើសរើស ប្រើនូវ​ផលិតផល​ដែលមាន​គុណភាព​យកមក​ប្រើប្រាស់ ដើម្បី​ឱ្យសក់​និមល​មានសុខភាព​ល្អឡើង​វិញ។ ជារៀង​រាល់ពីរថ្ងៃ​ម្ដង និមល តែងតែ​កក់សក់ម្ដង និង​បន្ទន់សក់​ម្ដង ហើយ​នៅក្នុង​មួយសប្ដាហ៍​និមល​អប់សក់​១ដង។
  • ការ​ថែរក្សា​ស្បែកមុខ ៖ និមល​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​ចំពោះ​ការថែរក្សា​ស្បែកមុខ ព្រោះ​ស្បែកមុខ​គឺមាន​សារៈ​សំខាន់ណាស់​សម្រាប់​និមល។ និមល​តែងតែ​ប្រើឡេ​ការពារ​នៅពេល​ថ្ងៃនិង​ពេលយប់ ដើម្បី​ឱ្យស្បែកមុខ​មានសំណើម​គ្មានមុន។ នៅពេល​ដែលចេញ​ទៅក្រៅ​ម្ដងៗ និមល​មិនដែល​ភ្លេចឡើយ​ចំពោះការ​ប្រើឡេ​ការពារ​ពន្លឺថ្ងៃ។ នៅពេល​ដែលសម្ដែង​ចប់និមល​តែងតែ​យកទឹក​ជូតសម្អាត​ផ្ទៃមុខ បន្ទាប់មក​និមល​បានប្រើ​ហ្វូមលាង​សម្អាត​ផ្ទៃមុខ​ចេញ។ ជារៀង​រាល់កន្លះ​ខែម្ដង​និមល​តែងតែ​ទៅធ្វើការ​ម៉ាស្សាស្បែក​មុខ ដើម្បី​ការពារ​កុំឱ្យ​មានមុន ឬ​ស្បែកមុខ​មានបញ្ហា​ដូចជា​កន្ទួល​រមាស់​ជាដើម។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ និមល​តែងតែ​ប្រើឡេ​ដែលមាន​កម្រិតខ្ពស់​ដើម្បី​ការពារ​ពន្លឺព្រះអាទិត្យ។ ហើយ​ពេលយប់ និមល​លាបឡេ​ការពារ និងផ្ដល់​សំណើម​ដល់ស្បែក។ និមល​តែងតែ​ប្រើសាប៊ូ​ដុសខ្លួន​ដែលមាន​ក្លិនក្រអូប និងផ្ដល់​សំណើម​ដល់ស្បែក ជាពិសេស​សាប៊ូ​កម្ចាត់​មេរោគ។
  • ការ​ថែរក្សា​ធ្មេញ ៖ ចំពោះ​សុខភាព​មាត់ធ្មេញ និមល​យកចិត្ដ​ទុកដាក់​បំផុត។ ដូចនេះ​រាល់ពេល​៦ខែ និមល​បានទៅ​ពេទ្យ ធ្មេញ​ម្ដង។ និមល​តែងតែ​ធ្វើការ​សម្អាត​ធ្មេញ​ក្នុងមួយ​ថ្ងៃបីដង ព្រឹក ថ្ងៃ និង​មុនពេល​ចូលគេង។ ជាពិសេស​នៅក្រោយ​ពេល​ទទួលទាន​អាហារ ហើយ​និមល​តែងតែ​ប្រើទឹកថ្នាំ ដើម្បី​លាង​សម្លាប់​មេរោគ​ជានិច្ច។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ការថែរក្សា​ភ្នែក និមល​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ប៉ុន្មាន​នោះទេ​ចំពោះ​បញ្ហានេះ ហើយ​សុខភាព​ភ្នែក​របស់​និមល​មិនដែល​មានបញ្ហា​នោះទេ។ នៅពេល​ដែលមាន​អារម្មណ៍​ថាភ្នែកមាន​បញ្ហា និមល​តែងតែ​ប្រើថ្នាំ​បន្ដក់ភ្នែក​ជានិច្ច។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះ​ចិញ្ចើម និមល​មិនសូវ​ជាយកចិត្ដ​ទុកដាក់​ថែរក្សា​ឱ្យបាន​ដិតដល់​នោះ ទេ។ នៅពេល​ដែលសម្ដែង ឬ​ចេញទៅ​ក្រៅម្ដងៗ និមល​មិនដែល​គូសចិញ្ចើម​នោះទេ យ៉ាងច្រើន​យកខ្មៅដៃ​គូសចិញ្ចើម​បន្ដិច​នៅលើ​ចិញ្ចើម​តែប៉ុណ្ណោះ។ ចំពោះ​ការកោរ​ចិញ្ចើម និមល​មិនសូវ​ជាកោរ​ញឹកញាប់​ពេកនោះ​ទេ តែបើកោរ​គឺកោរ​នៅពេល​ដែលចាំបាច់​តែប៉ុណ្ណោះ។ បើនិយាយ​ចំពោះ​រោមភ្នែក​វិញ និមល​តែងតែ​ប្រើម៉ាស្ការ៉ា​ជានិច្ច ដែលធ្វើ​ឱ្យរោមភ្នែក​មានបញ្ហា ដូចនេះ​នៅពេល​ដែលត្រឡប់​មកផ្ទះ​វិញនិមល​តែងតែ​ប្រើទឹកលាង​សម្អាត​រោមភ្នែក។ ចំពោះ​បបូរមាត់ និមល​ចូលចិត្ដ្ដ​លាបក្រេម​ពណ៌ស៊ីជម្ពូ និង​ពណ៌ស្រាលៗ មិន​ចូលចិត្ដ​លាបពណ៌​ដិតៗ​នោះទេ។
  • ការ​ថែរក្សា​ក្រចកដៃ​ក្រចកជើង ៖ និមល​តែងតែ​ធ្វើការ​សម្អាត​ក្រចកដៃ និង​ក្រចកជើង យ៉ាង​ហោចណាស់​២ដង​នៅក្នុង មួយ​សប្ដាហ៍ ដូចជា​ការកាត់​សាច់ និង​កាត់តម្រឹម​ក្រចក​ជាដើម។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាងកាយ

និមល​តែងតែ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​ទទួលទាន​ដំណេក ព្រោះការ​ទទួលទាន​ដំណេក​គឺមាន​សារៈសំខាន់​ណាស់ ចំពោះ​និមល។ ចំណែក​ឯការ​ទទួលទាន​អាហារ​វិញ និមល​មិនដែល​ធ្វេសប្រហែស​ឡើយ។ នៅក្នុង​មួយសប្ដាហ៍ និមល​ធ្វើ​លំហាត់ប្រាណ​២ដង។

គោល​បំណង​ទៅថ្ងៃ​អនាគត

មនុស្ស​គ្រប់រូប​តែងត្រូវ​ការអាជីព​ដ៏ពិតប្រាកដ​មួយ​ទៅថ្ងៃ​អនាគត។ ចំពោះ​កញ្ញា អ៊ុង និមល ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ សម្រាប់​ទៅថ្ងៃ​អនាគត និមល​ចង់ពង្រីក​ហាងកែសម្ផស្ស​ឱ្យរីកចម្រើន​ទៅមុខ​បន្ថែមទៀត​ផងដែរ។

បណ្ដាំផ្ញើ​របស់​កញ្ញា អ៊ឹង និមល

សុភាពនារី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់ និង​សុខភាព​ឱ្យបាន​ល្អ។ នៅពេល​ដែលមក​ពីកម្មវិធី​អ្វីមួយ ត្រូវតែ​ប្រញាប់​ធ្វើការ​លាងសម្អាត​មុខ​ឱ្យបាន​ស្អាត ចៀសវាង​ការកើត​មានបញ្ហា​ចំពោះ​ស្បែកមុខ។ ជាពិសេស​គឺត្រូវ​គិតគូរ​ពីសុខភាព​ឱ្យបាន​ច្រើន​ទើបជាការ​ប្រសើរ ហើយ​អ្វីដែល​ល្អបំផុត​នោះគឺ​ការធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោចណាស់​នៅក្នុង​មួយ​សប្ដាហ៍​ឱ្យបាន​ពីរដង។

ខាងលើ​នេះគឺជា​យល់​ឃើញ និង​ជាការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា អ៊ុង និមល តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាងកញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ អ៊ុង និមល
  • អាយុ ៖ ២៣ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំ​កំណើត ៖ ១៨ ០៤ ១៩៨៧
  • កម្ពស់ ៖ ១,៦៥​ម៉ែត្រ
  • ទម្ងន់ ៖ ៤៨​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣២ ២៦ ៣៦
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • បងប្អូន ៖ ៤នាក់​(ប្រុស​២នាក់ ស្រី២នាក់) ជាកូន​ទី៣
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ តារា​សម្ដែង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *