សុភាពនារីមួយចំនួនធំអាចបិទរោមភ្នែកដោយខ្លួនឯង ហើយក៏នៅមានមួយចំនួនដែលមិនទាន់អាចធ្វើបាន។ ការស្វែងយល់ពីវិធីបិទរោមភ្នែកនឹងអាចជួយសម្រួលពេលវេលាសម្រាប់សុភាពនារីក្នុងការចេញទៅរកអ្នកជំនាញដើម្បីតុបតែងមុខ។ ជាងនេះទៅទៀត បើសិនជាសុភាពនារីស្ទាត់ជំនាញក្នុងការផាត់មុខទៀតនោះកាន់តែប្រសើរ។
ដើម្បីបង្ហាញជូនមិត្ដនារីដែលមិនទាន់យល់ច្បាស់អំពីវិធីបិទរោមភ្នែកនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបធ្វើជាកិច្ចសម្ភាសន៍ជាមួយកញ្ញា បេអង មេជាងប្រចាំហាងស៊ីនឌី។
របៀបជ្រើសរើសរោមភ្នែក
ការតុបតែងភ្នែកជាផ្នែកសំខាន់មួយដែលជួយលើកសម្រស់នារីក្នុងកម្មវិធីពិសេសណាមួយ។ ភាពស្រស់ស្អាត និងភាពសិចស៊ីរបស់ស្ដ្រីក៏កើតចេញពីការតុបតែងភ្នែកនេះផងដែរ។ ទន្ទឹមនឹងភ្នែកដែលគួរជាទីទាក់ទាញហើយនោះ រោមភ្នែកកាន់តែសំខាន់ក្នុងការបន្ថែមសម្រស់ដល់លោកស្រីអ្នកនាងកញ្ញា។ ដើម្បីឱ្យកាន់តែមានភាពឥតខ្ចោះនោះ ការប្រើប្រាស់រោមភ្នែកជាការចាំបាច់ សម្រាប់ស្ដ្រីដែលត្រូវការឱ្យភ្នែកស្អាត។ ដើម្បីជ្រើសរើសរោមភ្នែកឱ្យសក្ដិសមនឹងភ្នែកលោកស្រីអ្នកនាងកញ្ញា គឺត្រូវមើលទៅលើទំហំភ្នែក និងប្រវែងនៃរោមភ្នែកដែលត្រូវបិទ និងការណែនាំបន្ថែមពីអ្នកជំនាញ។ ប៉ុន្ដែបើគិតថារោមភ្នែកពីធម្មជាតិវែងហើយនោះ មិនចាំបាច់បិទបន្ថែមទៀតនោះទេ ព្រោះលក្ខណៈពីធម្មជាតិទទួលបានភាពស្រស់ល្អស្អាតគួរឱ្យគយគន់។ មួយវិញទៀតនោះ ការបិទរោមភ្នែកក៏អាចប៉ះពាល់ដល់ការជ្រុះរោមភ្នែកធម្មជាតិផងដែរ បើសិនជាមិនមានវិធីបិទ និងបកត្រឹមត្រូវ។
វិធីបិទរោមភ្នែក
ការបិទរោមភ្នែកជាដំបូងត្រូវវាស់ប្រវែងត្របកភ្នែក បន្ទាប់មកបិទឱ្យស្មើនឹងគន្លាក់ភ្នែក និងនៅលើរោមភ្នែក។ បន្ទាប់មកសូមចាប់ផ្ដើមបិទរោមភ្នែកដែលត្រូវពាក់ដាក់លើរោមភ្នែកធម្មជាតិតែម្ដង ដោយចាប់អូសពីចុងភ្នែកម្ខាងទៅដល់ចុងភ្នែកម្ខាងទៀតថ្នមៗ។ វិធីបិទរោមភ្នែកមិនមានការពិបាកអ្វីច្រើននោះទេ សំខាន់បិទយ៉ាងណាក៏បានឱ្យតែមានលក្ខណៈស្មើលើរោមភ្នែកធម្មជាតិគឺជាការស្រេច។ វិធីនេះជាកិច្ចការងាយស្រួលមួយសម្រាប់ឱ្យសុភាពនារីតុបតែងដោយខ្លួនឯង ប៉ុន្ដែបើសិនជាយល់ថាមានការពិបាកនោះ គឺអាចស្វែងរកអ្នកជំនាញជួយ។
ដំបូន្មានអ្នកជំនាញ
បើសិនជាបិទមិនត្រូវនឹងត្របកភ្នែកនោះទេ ក៏អាចធ្វើឱ្យរោមភ្នែកដែលបិទនោះចាក់ភ្នែក បណ្ដាលឱ្យភ្នែកលោកស្រីអ្នកនាងកញ្ញាឡើងក្រហមក៏មានដែរ។ មួយវិញទៀតគប្បីជ្រើសរើសរោមភ្នែកណាដែលមានប្រវែងសមល្មម មិនត្រូវវែងពេក ឬក៏មិនត្រូវខ្លីពេកដែរ ដើម្បីមើលទៅកាន់តែសក្ដិសម។ ការជ្រើសរើសរោមភ្នែកក៏អាស្រ័យទៅលើលោកស្រីអ្នកនាងកញ្ញាផ្ទាល់ ដែលចាំបាច់ត្រូវតុបតែងមុខក្នុងលក្ខណៈភាពសិចស៊ី ឬធម្មជាតិ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply