រោយកជាបញ្ហាចោទជាសំខាន់ចំពោះលោកអ្នក ពិសេសសម្រាប់លោកអ្នកដែលធ្វើការក្នុងការិយាល័យច្រើនមិនសូវបានចេញក្រៅ និងចំពោះស្ដ្រីមេផ្ទះដែលនឿយហត់ច្រើនផងដែរ។ ដើម្បីចង់បំបាត់អាការរោយក លោកអ្នកអាចស្វែងយល់ជាមួយវិធីហាត់ប្រាណដែលអាចជួយដោះស្រាយបញ្ហានេះបាន។
ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្ដអ្នកអានទាំងអស់ស្វែងយល់ពីវិធីហាត់ប្រាណបំបាត់អាការរោយកជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈលោកគ្រូ ខាត់ សុខទី គ្រូបង្ហាត់កីឡានៅក្លឹបវីអាយភី។
វិធីហាត់ប្រាណបំបាត់អាការរោយក
ដើម្បីធ្វើវិធីហាត់ប្រាណបំបាត់បញ្ហារោយកនេះ មុនដំបូងលោកអ្នកត្រូវអង្គុយសមាធិពែនភ្នែនឱ្យស្រួល អង្គុយខ្នងឱ្យត្រង់ ដៃដាក់លើភ្លៅ ឱនក្បាលទៅខាងមុខចុះក្រោមបន្ដិច បន្ទាប់មកងើយទៅខាងក្រោយវិញបន្ដិចម្ដងៗ។ បន្ទាប់មកទៀតត្រូវងាកមកស្ដាំ រួចងាកមកខាងឆ្វេងវិញម្ដង។ សូមធ្វើចលនាបែបនេះដដែលៗ រហូតលោកអ្នកមានអារម្មណ៍ថាធូរស្រាលជាងមុន។ ការធ្វើវិធីបែបនេះគឺអាចជួយសម្រួលសរសៃឱ្យវិលមកសភាពដូចដើមវិញបាន។
សារៈប្រយោជន៍នៃការហាត់ប្រាណបំបាត់ការរោយក
វិធីហាត់ប្រាណបែបនេះគឺមិនអាចបំបាត់អាការរោយកទាំងស្រុងនោះទេ គ្រាន់តែជួយកាត់បន្ថយអាការរោយកតែប៉ុណ្ណោះ តែវិធីនេះនឹងអាចមានប្រសិទ្ធភាពជួយបំបាត់ភាពញឹកញយក្នុងការកើតមានអាការរោយកនេះបាន។ វិធីនេះគ្រាន់តែជាវិធីហាត់ប្រាណមួយក្នុងចំណោមសកម្មភាពហាត់ប្រាណជាច្រើនទៀតដែលបានផ្ដល់អត្ថប្រយោជន៍ដល់លោកអ្នក។ ការប្រើវិធីនេះមិនត្រឹមតែ ជួយសម្រួលអាការរោយកនោះទេ ក៏អាចជួយសម្រួលអារម្មណ៍ហត់នឿយបានមួយកម្រិតផងដែរ នៅពេលដែលមានបញ្ហាគិតច្រើន និងស្មុគស្មាញច្រើនពីការងារទាំងឡាយ។ ហាត់ប្រាណបែបនេះមិនត្រឹមតែជួយបំបាត់អាការរោយកប៉ុណ្ណោះទេ ថែមទាំងអាចជួយកាត់បន្ថយនូវអារម្មណ៍តានតឹងបានទៀតផង។
ប្រការគួរចៀសវាងពេលប្រើវិធីនេះ
សូមលោកអ្នកជ្រើសរើសទីតាំងសម្រាប់ការហាត់ប្រាណបំបាត់អាការរោយកឱ្យបានសមស្រប ងាយស្រួលពេលហាត់ ដូចជានៅតាមក្លឹបកីឡានានា ឬនៅផ្ទះក្នុងបន្ទប់មានភាពទូលាយល្មមងាយស្រួលក្នុងការហាត់ក៏បានដែរ។ លោកអ្នកគប្បីធ្វើវិធីនេះនៅទីតាំងដែលរាបស្មើ ចៀសវាងកន្លែងមានទួលបង្កការលំបាកនៅពេលអង្គុយហាត់។ នៅពេលដែលលោកអ្នកចាប់ផ្ដើមប្រើវិធីហាត់ប្រាណនេះ សូមអង្គុយឱ្យបានស្រួល និងចៀសវាងមិនត្រង់ខ្នង ដាក់ដៃឱ្យស្រួល សូមកុំធ្វើចលនាកខ្លាំងៗពេក ព្រោះអាចបណ្ដាលឱ្យជាប់សរសៃ ឬមានអាការរោយកកាន់តែខ្លាំង។ លោកអ្នកគប្បីសម្រាករាល់រយៈពេលបីទៅបួននាទីម្ដង ចៀសវាងកុំឱ្យកមានសកម្មភាពហាត់ច្រើនពេកក្នុងពេលតែមួយ។
ដំបូន្មានអ្នកជំនាញ
ការហាត់ប្រាណគ្រប់វិធីសុទ្ធតែបានផ្ដល់អត្ថប្រយោជន៍ចំពោះលោកអ្នក មិនថាលោកអ្នកមានជម្ងឺប្រចាំកាយ ឬមានសុខភាពមិនសូវល្អនោះទេ។ ការហាត់ប្រាណប្រៀបដូចជាឱសថសម្រាប់ជួយដល់សុខភាពលោកអ្នក។ ការហាត់ប្រាណនឹងជួយលោកអ្នកឱ្យចៀសផុតពីបញ្ហានានាចំពោះសុខភាពផ្លូវកាយ ជាពិសេសក៏អាចជួយទៅដល់សុខភាពផ្លូវចិត្ដ ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការស្មុគស្មាញ និងភាពតានតឹងក្នុងអារម្មណ៍ ហើយក៏អាចជួយបំបាត់រោគស្ដ្រេសផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply