វិធីលាងភ្នែក​​​ដោយខ្លួនឯង

ភ្នែកគឺជាសរីរាង្គមួយដ៏សំខាន់​ក្នុង​ចំណោម​សរីរាង្គ​ដទៃទៀត​នៅក្នុង​ខ្លួនមនុស្ស។ ប្រសិន​បើ​សុខភាព​ភ្នែក​របស់​លោកអ្នក​ចុះខ្សោយ អាច​ប៉ះពាល់​ដល់ការ​មើលឃើញ និងការ​ប្រកប​ការងារ​ប្រចាំថ្ងៃ​របស់​អស់​លោកអ្នក។ ហេតុដូច​នេះការ​ថែទាំ​ភ្នែក ក៏​ដូចជា​ការ​ថែរក្សា​សរីរាង្គ​ដទៃ​ទៀតដែរ លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ខ្ពស់បំផុត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមជួបជាមួយ​លោក​ចក្ខុបណ្ឌិត ដោរ សីហា ប្រធាន​សមាគម​គ្រូពេទ្យ​ភ្នែកកម្ពុជា នៃមន្ទីរពេទ្យ​ ព្រះអង្គឌួង ប្រាប់អំពី​ការ​ថែរក្សា​ភ្នែក។

តើអ្វីជាការលាងសម្អាតភ្នែក?

ការលាងសម្អាតភ្នែកមាន​សារៈ​សំខាន់​ក្នុង​ករណី​ដែលមាន​កម្ទេច​ដីធូលី សម្រាម ឬសារធាតុ​គីមីផ្សេងៗ​ចូល​ក្នុងភ្នែក នៅ ពេល​កំពុងធ្វើ​ដំណើរ ឬបំពេញ​ការងារ​អ្វីមួយ។ ជាធម្មតា​ភ្នែកមនុស្ស​យើងមាន​លក្ខណៈ​ពិសេស​ពី​ធម្មជាតិ ដោយមាន​ទឹកភ្នែក​លាង សម្អាត​ជាប្រចាំ ដូចជា​កម្ទេចដី ធូលី សារធាតុ​រំអិល​នានា និងមេរោគ​បាក់តេរី​ជាដើម ជាហេតុ​ធ្វើឱ្យ​យើងអាច​មើល​ឃើញច្បាស់​ ប្រសើរ។ ក្រៅពី​នេះទៀត ទឹកភ្នែក​មនុស្សយើង​មានសារ​ធាតុអាច​សម្លាប់​មេរោគ​បានមួយ​ចំនួន និងជួយ​សម្រួលក្នុង​ការចិញ្ចឹម​កញ្ចក់ ភ្នែក។

សារៈប្រយោជន៍នៃការលាងសម្អាតភ្នែកដោយខ្លួនឯង

ការលាងសម្អាតភ្នែកបានផ្ដល់នូវ​សារៈ​ប្រយោជន៍​ច្រើនដូចជា​អាចកាត់​បន្ថយការ​រលាក និងកាត់​បន្ថយសារ​ជាតិ​គីមី​ជ្រាបចូល​កាន់តែ​ជ្រៅ ដូច្នេះ​យើងត្រូវ​លាងសម្អាត​ភ្នែកភ្លាម ដើម្បីការពារ​កុំឱ្យ​ប៉ះពាល់​ដល់​សរីរាង្គ​របស់ភ្នែក។ ជាទូទៅ​ការលាង​សម្អាត​ភ្នែក គឺ​លោកអ្នក​មិនចាំ​បាច់លាង​ជារៀង​រាល់ថ្ងៃ​នោះទេ លោកអ្នក​អាចលាង​តែក្នុង​ករណីដែល​មាន​ធូលីចូល ឬនៅពេល​ដែលតុបតែង​មុខ និង​បាញ់​ទឹកអប់។ នៅពេល​វត្ថុ​ទាំងនោះ​ចូលទៅ​ក្នុងភ្នែក​របស់លោក​អ្នកដោយ​ចៃដន្យ ទើបចាប់​ផ្ដើមលាង​សម្អាត។​ ក្នុងការ​លាងសម្អាត​នេះយើង​អាចប្រើប្រាស់​ទឹកសម្រាប់​លាងភ្នែក​ប្រភេទ​ឡូស្យុងភ្នែក សេរ៉ូម ទឹកបរិសុទ្ធ ឬនិង​ថ្នាំបន្ដក់​ប្រភេទទឹកភ្នែក​សិប្បនិម្មិត។ សូមឱន​ក្បាលបើក​បិទភ្នែក​នៅក្នុងទឹក ឬបន្ដក់​ទឹកទៅ​លើភ្នែក​រយៈពេល​១០-១៥នាទី តាមសភាព​ធ្ងន់ឬស្រាល។ ប្រសិនបើ​នៅមិន​ទាន់បាន​ធូរស្រាល សូមប្រញាប់​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួបជា​មួយ​គ្រូពេទ្យ​ជំនាញ។

សូមចៀសវាង​ការលាង​សម្អាត​ភ្នែក​របៀបបុរាណ ដូចជាយក​ស្លឹកម្លូ ទឹកមូត្រ ប្រមាត់ត្រីរ៉ស់ នឹងយក​ជរ័មក​ដាក់ក្នុង ទឹកលាងភ្នែក។ ព្រោះក្នុង​ករណីភ្នែក​របស់លោកអ្ន​កមានការ​រលាត់ ឬប៉ះទង្គិច​ណាមួយ វាអាច​បង្ករោគ ដូចជា​ពពួកផ្សិត អាចបង្ក​ ទៅជា​ដំបៅ និងអាច​ធ្វើឱ្យ​ខូចភ្នែក​បាន។

វិធីការពារកុំឱ្យកើតមានបញ្ហា

ត្រូវឧស្សាហ៍លុបមុខ និងលាង​សម្អាតដៃ​របស់លោក​អ្នកជា​ប្រចាំ។ ព្រោះដៃ​ជាប្រភព​នាំឱ្យកើត​មាន​មេរោគ នៅពេល​អ្នក យក​ដៃប៉ះ ឬញី​នឹងភ្នែក​របស់លោកអ្នក។

ប្រសិនបើលោកអ្នកធ្វើ​ដំណើរតាម​ផ្លូវត្រូវ​ពាក់វ៉ែនតា​ការពារ​ពន្លឺ និងពាក់​មួកការពារ​សុវត្ថិភាព និងនៅពេល​ដែលលោក​ អ្នកលេង​កីឡា ដូចជា​កីឡាហែលទឹក​ជាដើម នៅក្នុងទឹក​មានជាតិ​គីមីម្យ៉ាង​ដើម្បីដាក់​សម្លាប់មេរោគ​វាអាចមាន​បញ្ហា​អាឡាក់ហ្ស៊ីភ្នែក​ ដូចនេះ​លោកអ្នក​អាចពាក់​វ៉ែនតា​ការពារ។ សម្រាប់អ្នក​ដែលពាក់​កែវភ្នែក ​(Contact Len) គួរតែ​ពាក់កុំ​ឱ្យលើស​ពី១៩ម៉ោង​ ក្នុង១ថ្ងៃ ហើយត្រូវ​ដោះវា​ចេញលាង​ឱ្យបាន​ត្រឹមត្រូវ នៅពេល​ដែលមាន​បញ្ហាភ្នែក ដូចជា​ក្រហម រមាស់ ផ្សា និងឈឺ​រកាំភ្នែក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើលោកអ្នកមានបញ្ហាភ្នែក ត្រូវទៅ​ជួបជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់ ជាការ​ប្រសើរ​ចៀសវាង​ការទិញ​ថ្នាំប្រើប្រាស់​ដោយខ្លួនឯង ដោយពុំ​មានវេជ្ជបញ្ជា​ត្រឹមត្រូវ។ សូមចៀសវាង​ការលាង​សម្អាត​ភ្នែកដោយ​វិធីសាស្ដ្រ​បុរាណ​ដែល អាចនាំ​ឱ្យមាន​គ្រោះថ្នាក់​ដល់ភ្នែក។ គួរញ៉ាំ​អាហារ​ដែលមាន​តុល្យភាព ដូចជាបន្លែ ផ្លែឈើ ដែលមាន​ពណ៌បៃតង​ចាស់ និងពណ៌ លឿង​ដែល​សម្បូរ​ដោយ​វីតាមីន និងសារធាតុ​ជួយដល់ភ្នែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *