កូន​កត្ដញ្ញូ

គុណ​បំណាច់​របស់​ឪពុកម្ដាយ​មានតម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន។ ការ​បម្រើ​អ្នកមាន​គុណ​គឺជា​សម្បត្ដិ​ដ៏ប្រពៃ និង​ជាអំពើ​ដ៏ល្អ​ប្រកប​ដោយ​គន្លង​ធម៌។ ដូចនេះ​ដើម្បី​ជាការ​តបស្នង​ក្នុងនាម​ជាកូន គឺមាន​កាតព្វកិច្ច​ជាច្រើន​ដែលត្រូវ​ធ្វើខ្លួន​ឱ្យក្លាយ​ទៅជា​បុត្រាបុត្រី​មួយដែល​មានភាព​កត្ដញ្ញូ​ចំពោះ​មាតាបិតា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កូន​គ្រប់រូប​ត្រូវគិត​ថាឪពុក​ម្ដាយ​បានចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​តូចក្រូច​ឆ្មារ ដូចនេះ​ជាការ​ចាំបាច់​បំផុត​ដែលខ្លួន​ត្រូវតប​ស្នងសងគុណ​បំណាច់​ដ៏ធំធេង​ជូនលោក​ទាំងពីរ​វិញ។ ពេលនេះ​សូ​ម​លោកអ្នក​ជាកូនៗ​គ្រប់រូប​គប្បី​ស្វែងយល់​ចំណុច​មួយចំនួន​ជាពិសេស​អំពី​កាតព្វកិច្ច និង​តួនាទី​ជាកូន​កត្ដញ្ញូ។

តួនាទី​របស់កូន​ប្រុសកូន​ស្រី

ក្នុងនាម​ជាកូន​ដែល​ប្រកប​ដោយ​គន្លងធម៌​មួយរូប គប្បី​មាន​ភារកិច្ច​ដែល​ត្រូវ​តបស្នង​លោកមាន​គុណ​ទាំងពីរ ដែល​កិច្ចការ​ទាំងអស់​នោះ​រួមមាន ការជួយ​សម្រាល​ការងារ​ឪពុកម្ដាយ រក្សា​កិត្ដិយស និង​សភាព​ថ្លៃថ្នូរ​របស់​គ្រួសារ ក្រាប​សំពះ គោរព​អ្នកមាន​គុណជា​ព្រះ​ក្នុងផ្ទះ និង​ជាព្រះ​ក្នុង​សន្ដានចិត្ដ​គ្រប់​ពេលវេលា ខិតខំ​កសាង​កុសល​ផលបុណ្យ បំពេញ​តួនាទី​ជាកូនកត្ដញ្ញូ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​គប្បី​ធ្វើយ៉ាង​ណាឱ្យ​លោកទាំងពីរ​សប្បាយ​ចិត្ដគ្រ​ប់​ពេលវេលា។

1 . ជួយ​សម្រួល​កិច្ចការ​ឪពុកម្ដាយ ៖ លោកអ្នក​ជាកូន​គប្បី​គិតថា​នឹងជួយ​ធ្វើការងារ​ឱ្យ​ឪពុកម្ដាយ ដោយ​មិនខ្ជិល​ច្រអូស​នោះទេ។ ភាពខ្ជិល​ច្រអូស​ជាអំពើ​មិនល្អ ហើយ​នឹងធ្វើ​ឱ្យ​លោកអ្នក​ខាតបង់​ប្រយោជន៍​គ្រប់បែប​យ៉ាង​ចំពោះ​ខ្លួនឯង។ លោកអ្នក​នឹង​ក្លាយជា​មនុស្ស​មិនល្អ គ្មាន​ភាព​ឧស្សាហ៍ ហើយ​ក្លាយជា​កូន​មិនល្អ​របស់​ឪពុកម្ដាយ​ទៀតផង។ ដូចនេះ​រាល់​កិច្ចការងារ​ទាំងឡាយ​ដែលខ្លួន​គិតថា​អាចធ្វើ​ទៅបាន​គួរមាន​ចិត្ដល្អ​យកអាសា​ជួយ​សម្រួល​កិច្ចការ​ដែលអ្នក​ដទៃ​ចង់​ពឹងពាក់។ ការ​សម្រួល​កិច្ចការ​របស់​ឪពុកម្ដាយ​គឺជា​ទង្វើ​ដ៏ល្អ​មួយ ដែល​លោកអ្នក​អាច​បំពេញ​កាតព្វកិច្ច​ជាកូន​ដ៏ល្អ។

2 . រក្សា​កិត្ដិយស​គ្រួសារ ៖ ទាំង​កូនប្រុស និង​កូនស្រី​ទាំងឡាយ​គប្បី​ដឹងថា​ខ្លួនត្រូវ​ធ្វើអ្វី​ខ្លះដើម្បី​រក្សា​កិត្ដិយស​គ្រួសារ និង​មុខមាត់​ឪពុកម្ដាយ ហើយ​ទង្វើ​អ្វីខ្លះ​ដែល​មិនគួរ​ប្រព្រឹត្ដ​នោះ។ ចំពោះ​កូនស្រី​ចរិយា​មារយាទ​ជារឿង​សំខាន់​ណាស់ កូនស្រី​ត្រូវធ្វើ​ខ្លួនឱ្យ​មាន​សុជីវធម៌ សីលធម៌ ធ្វើ​សេចក្ដី​ល្អ​ទៀងត្រង់ និង​សណ្ដាប់​ធ្នាប់ល្អ ព្រមទាំង​ការ​គោរព​តាម​ប្រពៃណី​ទំនៀម​ទម្លាប់។ ការដើរ​ហើរចេញ​កម្សាន្ដ​ហួសហេតុ​ដោយ​គ្មានការ​អនុញ្ញាត​ពីឪពុកម្ដាយ​គឺជា​ទង្វើមួយ​មិនសមរម្យ​សម្រាប់​កូនស្រី​នោះទេ។ ព្រោះការ​ធ្វើ​បែបនេះ​នឹងមាន​ការ​ជះឥទ្ធិពល​អាក្រក់ដោយសារ​ការ​ភ្លើតភ្លើន​ឈ្លក់​វង្វេង​នឹងភាព​ទាន់សម័យ និង​ធ្វើឱ្យ​កូនស្រី​ទៅក្លាយ​ទៅជា​គ្មាន ទម្លាប់ មិនស្ដាប់​ដំបូន្មាន និងអាច​ខូចអនាគត​ទៀតផង។ ដូចនេះ​កូនស្រី​ត្រូវស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ និង​ទទួលការ​អប់រំ​ឥរិយាបថ ឱ្យបាន​ត្រឹមត្រូវ​ពីឪពុក​ម្ដាយ ដើម្បី​លើក​ស្ទួយកិត្ដិយស​គ្រួសារ និង​ប្រទេសជាតិ ព្រមទាំង​សង្គម​ទាំងមូល​ផងដែរ។ រីឯ​កូនប្រុសវិញ​គឺជា​ភាពកក់ក្ដៅ​មួយ​ក្នុង​គ្រួសារ កូនប្រុស​មួយរូប​ត្រូវធ្វើ​ខ្លួនយ៉ាង​ណាឱ្យ​ក្លាយទៅជា​អ្នកដែល​ផ្ដល់​ភាពកក់ក្ដៅ​ជូន​គ្រួសារ​បន្ទាប់ពី​លោកឪពុក។ បច្ចុប្បន្ន​សង្គម​មានភាព​ជឿនលឿន​ទៅមុខ​ពីសម័យ​មួយទៅសម័យ​មួយ ដូចនេះ​ការ​ជ្រួលជ្រើម​ឈ្លក់​វង្វេង​នឹងភាព​ទាន់សម័យ​នោះកំពុង​តែមាន​ការ​ព្រួយបារម្ភ​ចំពោះ​យុវជន។ កូនប្រុស​ទាំងឡាយ​ត្រូវតែ​គិតគូរ​ឱ្យបាន​ត្រឹមត្រូវ បែងចែក​អ្វីដែល​ល្អ និង​អាក្រក់ មិនត្រូវ​បណ្ដែត​បណ្ដោយ​ខ្លួនឱ្យ​ជ្រុលធ្លាក់​ក្នុងអំពើ​អបាយមុខ​ទាំងអស់់​នោះទេ។ កូនប្រុស​ជាសសរ​ទ្រូង​ដ៏រឹងមាំ​សម្រាប់​គ្រួសារ​ក៏ដូចជា​សង្គមជាតិ​ផងដែរ។

3 . ទ្រព្យ​សម្បត្ដិ​នៅតែ​ជារបស់​កូន ៖ ទោះបីជា​ឪពុកម្ដាយ​មាន​ទ្រព្យ​តិចក្ដី​ច្រើនក្ដី លោកអ្នក​គ្មានអ្វី​គួរឱ្យ​ស្ដាយ​ដែល​ទុកទ្រព្យ​សម្បត្ដិ​ឱ្យទៅ​កូន​នោះទេ។ បើទោះ​បីជា​អ្នកមាន​គុណ​កំណាញ់ ក៏​ចំពោះ​អ្នកដទៃ​ប៉ុណ្ណោះ បើ​សម្រាប់​កូនគឺ​ទុកឱ្យ​ដោយចិត្ដ​រីករាយ និង​កក់ក្ដៅ​ជាទី​បំផុត។ ដូចនេះ​សូមកូន​ប្រុស​កូនស្រី​គប្បី​កុំធ្វើ​ឱ្យ​លោកអ្នក​មានគុណ​អស់ក្ដី​សង្ឃឹម ត្រូវ​ខិតខំ​ធ្វើខ្លួន​ឱ្យរឹងប៉ឹង រក្សានូវ​កិត្ដិយស​ថ្លៃថ្នូរ​របស់​គ្រួសារ​ទៅជា​ទុកចិត្ដដ​ល់​ឪពុកម្ដាយ​ដាច់ខាត មិន​ត្រូវមើលងាយ​ទ្រព្យ​លោក​ទាំងពីរ​ឱ្យសោះ ទោះបីជា​តិចតួច​ក្ដីឬ​គ្មានតម្លៃ​ក្ដី។ ព្រោះ​វាជា​ទ្រព្យ​ដែលបង្កប់​នូវ​មនោ​សញ្ចេតនា​ដ៏ជ្រាលជ្រៅ​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌ អាណិត ស្រឡាញ់ និង​សេចក្ដី​មេត្ដា​ដ៏រឹងមាំ ដែល​បញ្ចេញ​នូវ​កាយវិការ​រឹងប៉ឹង តែ​ទឹកចិត្ដ​ទន់ភ្លន់​សណ្ដោស​ប្រណីដល់កូន​ប្រុសស្រី​ជានិច្ច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

4 . គោរព​ព្រះ​ក្នុងផ្ទះ ៖ ការធ្វើ​បុណ្យ​ដាក់​បាត្រ​ក្រាបសំពះ​ព្រះ​នៅក្នុង​វត្ដ គឺ​ពិតជា​សេចក្ដី​ល្អ អំពើល្អ​ដែលមាន​ចិត្ដស្មោះ​សរ សន្សំ​កុសល​ផលបុណ្យ ប៉ុន្ដែ​កូនប្រុស​កូនស្រី​ទាំងឡាយ​សូមកុំភ្លេច​ព្រះក្នុង​ផ្ទះ ព្រះមាន​គុណ​ដ៏ធ្ងន់​គឺមាតាបិតា​ជាអ្នក​ដែលបាន​បង្កើត​ចិញ្ចឹម​បីបាច់​ថែរក្សាកូន​ទាំងពេល​លំបាក និង​សប្បាយ​រីករាយ។ ដូចនេះ​សូមកូន​ប្រុសស្រី​តបស្នង​គុណ​ចិញ្ចឹម​បីបាច់ថ្នាក់ថ្នម​ថែរក្សា របស់​លោក​ទាំងពីរ​កុំឱ្យ​មានភាព​ទើសទាល់ និងក្រាប​សំពះ​មាតាបិតា​កុំអៀនខ្មាស​ឱ្យសោះ។

5 . ធ្វើបុណ្យ​ទាន់ខែភ្លឺ ៖ សូម​កូនប្រុស​ស្រីធ្វើ​បុណ្យ​ឱ្យទាន់​ខែភ្លឺ រស្មីបំភ្លឺ​គង់មាន​ថ្ងៃណា​មួយនឹង​រលត់ ហើយនឹង​រលត់ពេល​ណាគឺ​មិនអាច​ដឹង​ទុកជាមុន​បាន​នោះទេ។ ការ​ប្រព្រឹត្ដ​អំពើ​ល្អសាង​កុសលផល​បុណ្យ ជាពិសេស​ការស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ​ជារឿង​ដ៏គប្បី​ដែលកូន​ទាំងឡាយ​គួរ​ប្រតិបត្ដិ ព្រោះលោក​ទាំងពីរ​នឹងមាន​សេចក្ដី​រីករាយ សប្បាយចិត្ដ​នៅពេល​ដែលកូន​ប្រកប​ដោយ​គន្លង​ធម៌​ដូចនេះ។ ឪពុកម្ដាយ​នឹង​ទទួលបាន​នូវភាព​កក់ក្ដៅ​ជាទី​បំផុត នៅពេល​ដែលកូន​បានធ្វើ​អ្វីដែល​ឱ្យឪពុកម្ដាយ​សប្បាយចិត្ដ​រីករាយ បំពេញ​នូវអ្វី​ដែល​លោក​ទាំងពីរ​ចង់បាន​តបស្នង​គុណ​បំណាច់​ដ៏ធំធេង ចិញ្ចឹមបី​បាច់​ថែរក្សា ជាពិសេស​មិនត្រូវ​ធ្វើឱ្យ​លោកមាន​គុណ​សម្រក់​ទឹកភ្នែក​ដោយសារ​កូន​នោះទេ។

បណ្ដាំ​ផ្ញើ

គុណអើយ​គុណដ៏​សែនធ្ងន់ បើទោះ​បីជា​តបស្នង​យ៉ាងណា​ក៏មិន​អស់ដែរ។ អ្នកម្ដាយ​ដ៏រឹងប៉ឹង​មាំមួន​បាន​ខិតខំត​ស៊ូព​ពោះប្រាំបួនខែ​ដប់ថ្ងៃ រហូត​ដល់ពេល​សម្រាល​ទ្រាំឈឺចាប់​ស្ទើរតែ​មិនចង់​បាន។ តែទោះ​បីជា​យ៉ាងណា​អ្នកមាន​គុណ​នៅតែ​ប្រឹងបង្កើត​រូបកូន​ឱ្យបាន​ឃើញពន្លឺ​ព្រះអាទិត្យ និង​ខិតខំ​បីបាច់​ចិញ្ចឹម​ថែរក្សា​ដើម្បី​ឱ្យកូន​មាន​អនាគត​ទៅថ្ងៃ​មុខ។ ដូចនេះគុណ​របស់​លោកអ្នក​មានគុណ ទាំងពីរ​ពិតជា​មិនអាច​កាត់ថ្លៃ​បានឡើយ។ សូម​ផ្ដាំផ្ញើ​ទៅកូន​ប្រុស​កូនស្រី​ទាំងឡាយ គប្បី​ធ្វើយ៉ាង​ណាឱ្យ​ក្លាយខ្លួន​ជាកូន​មួយរូប​ដែល​ប្រកប​ដោយ​គន្លង​ធម៌ ជាកូន​កត្ដញ្ញូ​សម្រាប់​ឪពុកម្ដាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *