លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២៨ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២៩ជាបន្ដទៅទៀត។
ចលនាទី២៩ ៖ លើកចំហៀងខ្លួន បន្ដឹងដៃជើងចំហៀងម្ខាងទៀត
ជំហរហាត់ ៖ មានជំហរហាត់ដូចចលនាទី២៧ដែរ តែខុសត្រង់ថាក្បាលជង្គង់បត់អង្កុញបន្ដិច។
របៀបហាត់ ៖ សូមធ្វើចលនាបង្ហើបអាងត្រគាកពីកម្រាល ដោយពឹងលើក្បាលជង្គង់ និងដោយច្រត់លើកែងដៃខាងស្ដាំ។ ពេលបង្ហើបអាងត្រគាក សូមបង្ហើបលើកជើងម្ខាងខាងលើធាក់បន្ដឹងត្រង់ទៅក្រោយ។ ពេលដំណាលគ្នា សូមលើកដៃដែលដាក់លើស្មា ត្រង់ទៅលើក្បាល។ ដៃ និងជើងដែលលើកឡើងលើនោះ ត្រូវទាញសន្ធឹងលើអ័ក្សតែមួយ។
ចំនួនហាត់ ៖ សូមធ្វើចលនានេះជាមួយចំហៀងខ្លួនខាងស្ដាំឱ្យបាន១០ដង និងជាមួយចំហៀងខ្លួនខាងឆ្វេងឱ្យបាន១០ដង។
សូមប្រុងប្រយ័ត្ន ៖ សូមគិតទៅដល់ឆ្អឹងកងកដោយបន្ធូររាល់ពេលចុងបញ្ចប់នៃចលនា។
ដំណកដង្ហើម ៖ សូមដកដង្ហើមចេញ ពេលទាញសន្ធឹងបន្ដឹងអស់ទាំងខ្លួន។
គោលបំណង ៖ ចលនានេះពង្រឹងសាច់ដុំចំហៀងខ្លួនដែលនៅខាងកម្រាល ពេលទាញបន្ដឹងតម្រង់ចំហៀងខ្លួនម្ខាង។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
(សូមបន្ដអានចលនាបន្ទាប់)
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply