ស្នាមក្រិនគឺជាបញ្ហាសម្រាប់មនុស្សគ្រប់រូប។ ស្នាមក្រិនអាចកើតឡើងដោយងាយបំផុត នៅពេលដែលលោកអ្នកនាងកញ្ញាមានការធ្វេសប្រហែស។ វាកើតឡើងដោយសារតែការប៉ះទង្គិចជាមួយវត្ថុរឹង កាលណាប៉ះទង្គិចយូរៗទៅក៏បង្កឱ្យស្បែកឡើងខ្មៅ ហើយមានស្នាមក្រិនតែម្ដង។ ចំពោះស្នាមក្រិនមិនអាចបំបាត់ភ្លាមៗបាននោះទេ គឺត្រូវប្រើរយៈពេលយូរ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកជំនាញសើស្បែកនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្ស មេហ្គាប៊ែល ពន្យល់អំពីវិធីបំបាត់ស្នាមក្រិននៅលើកែងដៃ ដើម្បីឱ្យលោកអ្នកបានយល់នឹងជ្រាបឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
តើអ្វីទៅគឺជាស្នាមក្រិននៅលើកែងដៃ?
ស្នាមក្រិនគឺស្បែកដែលមានសភាពឡើងក្រាស់ហើយមានពណ៌ស្រអាប់ ដោយសារតែលោកអ្នកនាងកញ្ញាបានប៉ះទង្គិចចុះឡើងៗជាញឹកញាប់ ទើបបណ្ដាលឱ្យកើតមានស្នាមក្រិន។ លោកអ្នកប្រាកដជាបានជ្រាបខ្លះៗហើយថាស្បែករបស់លោកអ្នកគឺមាន ជាតិពណ៌ នៅពេលណាដែលក្រិនវាមានសាច់ច្រើន ធ្វើឱ្យជាតិពណ៌ឡើងក្រមៅ។ ស្នាមក្រិនអាចកើតមាននៅតាមកន្លែងមួយចំនួន ដូចជាកែងដៃ ជង្គង់ ភ្នែកជើង(ភ្នែកគោល)ជាដើម។
មូលហេតុដែលបណ្ដាលឱ្យមានស្នាមក្រិននៅលើកែងដៃ
ស្នាមក្រិនអាចបណ្ដាលមកពីមូលហេតុមួយចំនួន ដូចជាក្រិនដោយសារលោកអ្នកឧស្សាហ៍ច្រត់ដៃនៅលើតុ ឬក៏ច្រត់នៅលើរបស់ផ្សេងៗដែលរឹង។ កែងដៃត្រូវបានប៉ះទង្គិចជាមួយវត្ថុអ្វីមួយចុះឡើងៗ ជាហេតុបណ្ដាលឱ្យក្រិន។ ហើយស្នាមក្រិនក៏អាចបណ្ដាលពីហ្ស៊ែនបានដែរ ប៉ុន្ដែករណីនេះគឺមានភាគតិចណាស់ អ្វីដែលជាក់ស្ដែងនិងអាចយកជាការបាននោះគឺបណ្ដាលមកពីការប៉ះទង្គិចជាមួយវត្ថុរឹងជាញឹកញាប់ ទើបបណ្ដាលឱ្យក្រិន។
វិធីបំបាត់ស្នាមក្រិននៅលើកែងដៃ
ស្នាមក្រិនគឺបណ្ដាលឱ្យស្បែកឡើងក្រាស់ហើយមានសភាពខ្មៅ ដូចនេះវិធីបំបាត់ស្នាមក្រិនគឺត្រូវប្រើវិធីជម្រុះដោយប្រើក្រែមជម្រុះ ឬបកជម្រុះ ជាពិសេសត្រូវប្រើត្រេទីណូអ៊ិន ឬវីតាមីនអា អាស៊ីផ្លែឈើ (ដូចជាក្រូចឆ្មារ ផ្លែប៉ោមជាដើម) ក្រែមអ៊ុយរ៉េអា១០ភាគរយ ឬ២០ភាគរយ អាស៊ីតសាលីសាលិក ក្រែមផ្ដល់សំណើម ដើម្បីយកមកលាបនៅលើកែងដៃដែលក្រិន។ វិធីបំបាត់នេះត្រូវប្រើរយៈពេលយូរណាស់ វាមិនអាចបាត់ដោយភ្លាមៗបាននោះទេ។
ផលប៉ះពាល់នៅពេលដែលមានស្នាមក្រិននៅលើកែងដៃ
ជាធម្មតាស្នាមក្រិនតែងតែផ្ដល់នូវផលប៉ះពាល់ដល់លោកអ្នកនាងកញ្ញា ប៉ុន្ដែវាមិនបានផ្ដល់នូវផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ វាគ្រាន់តែផ្ដល់នូវផលប៉ះពាល់មួយចំនួន ដូចជានៅពេលដែលវាក្រិនខ្លាំងវាអាចបង្កឱ្យមានការឈឺចាប់ ជាពិសេសចំពោះស្បែកស្ងួតវាអាចបណ្ដាលឱ្យមានការឈឺចាប់ ដោយសារតែស្នាមក្រិនវាប្រេះ។ សម្រាប់ស្ដ្រីនៅពេលមានស្នាមក្រិននៅលើកែងដៃអាចធ្វើឱ្យសោភ័ណភាពនៃសម្រស់ដៃត្រូវបានបាត់បង់ ដែលជាហេតុធ្វើឱ្យសុភាពនារីមិនហ៊ានពាក់អាវវាលក្លៀក ឬក៏ដៃខ្លីដោយសារតែមានស្នាមក្រិនខ្មៅនៅនឹងកែងដៃ។ ចំពោះលោកអ្នកនាងកញ្ញាដែលមានស្បែកខ្មៅស្រអែម កែងដៃដែលក្រិនមើលទៅឃើញលេចធ្លោ ជាងអ្នកដែលមានស្បែកសខ្លាំងណាស់។
វិធីការពារកុំឱ្យកើតមានស្នាមក្រិននៅលើកែងដៃ
ជាការពិតណាស់ស្នាមក្រិនបណ្ដាលមកពីការប៉ះទង្គិច ដូចនេះសម្រាប់លោកអ្នកនាងកញ្ញាដែលមិនចង់ឱ្យកើតមានស្នាមក្រិននៅលើកែងដៃនោះ គឺមិនត្រូវច្រត់នៅលើតុ ឬក៏វត្ថុរឹងៗយូរពេកនោះទេ។ តែបើសិនជាមានបញ្ហាបន្ដិចបន្ដួច សុភាពនារី ឬក៏សុភាពបុរសអាចប្រើក្រូចឆ្មារមកដុសនៅចំណុចដែលក្រិន ឬក៏ប្រើឡេដែលមានជាតិសំណើមដែលអាចជួយការពារស្បែកកុំឱ្យក្រិនជាដើម។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលមានបញ្ហាដូចជាក្រិនកែងដៃធ្ងន់ធ្ងរដែលធ្វើឱ្យលោកអ្នកនាងកញ្ញាមានការឈឺចាប់ ត្រូវមកពិភាក្សាជាមួយអ្នកជំនាញដើម្បីរកវិធីព្យាបាលនិងការពារ ជាពិសេសមិនត្រូវច្រត់ ឬបណ្ដោយឱ្យកែងដៃប៉ះទង្គិចនឹងវត្ថុរឹងនោះទេ។ អ្វីដែលល្អជាងនេះនោះគឺត្រូវតែមានឡូហ្សិន ឬក៏ក្រូចឆ្មារដុស និងលាបជារៀងរាល់ថ្ងៃទើបអាចការពារបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply