មជ្ឈមណ្ឌលជាតិកំចាត់ជម្ងឺរបេង និងហង់សិននឹងធ្វើការស្រាវជ្រាវជាពិសេស ដើម្បីរកជម្ងឺរបេងលើមនុស្សចាស់ កុមាររស់នៅក្នុងគ្រួសារដែលមានសមាជិកកើតជម្ងឺរបេង និងអ្នកកើតជម្ងឺទឹកនោមផ្អែម។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជានាយកមជ្ឈមណ្ឌលជាតិកំចាត់ជម្ងឺរបេង និងហង់សិនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃពុធទី១២ កញ្ញាកន្លងមកថា មជ្ឈមណ្ឌលជាតិនឹងធ្វើការស្រាវជ្រាវរកជំងឺរបេងលើមនុស្សចាស់ ដែលមានអាយុ៦០ឆ្នាំទ្បើង និងធ្វើការស្រាវជ្រាវជំងឺរបេងលើអ្នកកើតជំងឺទឹកនោមផ្អែម ដោយសារតាមរយៈលទ្ឋផលអង្កេតស្រាវជ្រាវរកអត្រាប្រេវ៉ាទ្បង់ជំងឺរបេងលើកទី២ និងចេញផ្សាយកាលពីឆ្នាំមុនបានបង្ហាញថា មនុស្សចាស់ និងអ្នកជំងឺទឹកនោមផ្អែមមានជំងឺរបេងច្រើនជាងប្រជាជនធម្មតា។
លោកបន្តថា “មូលហេតុដែលពួកគាត់មានជម្ងឺរបេងច្រើនជាងប្រជាជនធម្មតា ដោយសារពួកគាត់មានប្រព័ន្ឋការពាររាងកាយចុះខ្សោយ ជាហេតុធ្វើឲ្យពួកគាត់ងាយរងគ្រោះដោយសារជំងឺរបេង ”។
លោកប្រធានមជ្ឈមណ្ឌលជាតិបានបន្តឲ្យដឹងថា កម្មវិធីជាតិកំចាត់រោគរបេងគ្រោងនឹងធ្វើការស្រាវជ្រាវជម្ងឺរបេងលើកុមារ ដែលរស់នៅក្នុងគ្រួសារដែលមានសមាជិកកើតជំងឺរបេងផងដែរ។
លោកវេជ្ជបណ្ឌិត ទៀង ស៊ីវណ្ណា អនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងបានមានប្រសាសន៍ឲ្យដឹងថា ការស្រាវជ្រាវជម្ងឺរបេងលើមនុស្សចាស់ អ្នកជម្ងឺទឹកនោមផ្អែម និងកុមាររស់នៅជាមួយគ្រួសារមានសមាជិកកើតជំងឺរបេង គឺជាការបំផុសឲ្យមន្រ្តីកម្មវិធីជាតិកំចាត់រោគរបេង ធ្វើការផ្តោតជាពិសេសដល់ក្រុមគោលដៅទាំងនេះ ដោយសារប្រជាពលរដ្ឋក្នុងក្រុមប្រឈមទាំងនេះ មានផ្ទុកជំងឺរេបងច្រើនជាងប្រជាពលរដ្ឋធម្មតា ព្រោះប្រព័ន្ឋការពាររាងកាយពួកគេចុះខ្សោយ។
លោកបន្តថា “ក្រុមប្រឈមមុខទាំងនេះងាយកើតជម្ងឺរបេង ដូចអ្នករស់នៅជាមួយមេរោគអេដស៍ផងដែរ ព្រោះថាកាលណារាងកាយពួកគេចុះខ្សោយ ពួកគេប្រឈមមុខនឹងការឆ្លងជម្ងឺរបេងខ្ពស់”។
លោក វណ្ណា បានបន្តថា កុមារដែលរស់នៅក្នុងគ្រួសារដែលមានសមាជិកកើតជម្ងឺរបេង ពួកគេមានហានិភ័យខ្ពស់ណាស់ ក្នុងការប្រឈមមុខនឹងការឆ្លងជម្ងឺរបេងពីសមាជិកគ្រួសាររបស់ពួកគេ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply