ឌីជេ ឡាយអិន គ្រាន់តែជាឈ្មោះដែលប្រិយមិត្ដតែងតែហៅ ប៉ុន្ដែឈ្មោះពិតរបស់លោកនោះគឺ ហែម បូរិទ្ធ។ បូរិទ្ធ ជាពិធីករមានភាពល្បីល្បាញមួយរូបដែរ ប្រចាំនៅប្រទេសកម្ពុជាយើងនេះ។ បូរិទ្ធបានប្រឡូកចូលសិល្បៈជាង១០ឆ្នាំមកហើយ។ សព្វថ្ងៃនេះបូរិទ្ធបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ទាំងនៅក្រៅស្រុក និងនៅក្នុងស្រុក ជាពិសេសគឺយុវវ័យតែម្ដង។
លោក ហែម បូរិទ្ធ បានចូលខ្លួនមកបកស្រាយពីការថែរក្សាសម្រស់ និងសុខភាពរបស់លោកផ្ទាល់ជូនដល់ប្រិយមិត្ដអ្នកអានទាំងអស់ ពិសេសប្រិយមិត្ដដែលមានការគាំទ្រចំពោះរូបលោកទទួលជ្រាបតាមរយៈកិច្ចសម្ភាសជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលសិល្បៈ
មុនពេលចូលសិល្បៈ បូរិទ្ធបានទៅសិក្សាជាមួយឌីជេ ខេត រយៈពេលមួយឆ្នាំ។ បន្ទាប់មកបូរិទ្ធក៏បានធ្វើជាពិធីករនៅស្ថានីយវិទ្យុប៉ុស្ដិ៍១០៧ នៅក្នុងកម្មវិធី Music Talk Show ជាកម្មវិធីដំបូងបង្អស់នៅក្នុងជីវិតរបស់បូរិទ្ធនៅក្នុងឆ្នាំ២០០០។ នៅក្នុងឆ្នាំ២០០៣បូរិទ្ធក៏បានធ្វើជាអ្នកសម្ដែងខារ៉ាអូខេឱ្យផលិតកម្ម SSB ផលិតកម្មសាន់ដេ និងផលិតកម្មជាច្រើនទៀត។ ក្រៅពីធ្វើជាពិធីករ និងតារាសម្ដែង បូរិទ្ធក៏បានសម្ដែងរឿងអប់រំជាច្រើន ដូចជាការប្រើអំពើហិង្សា ស្រោមអនាម័យ និងរឿងអប់រំផ្សេងៗទៀត ដូចជារឿងមុនអ្វីៗកន្លងហួសជាដើម។ ក្រៅពីនេះបូរិទ្ធក៏បានបម្រើការងារនៅក្រុមហ៊ុនមួយចំនួនដែរ។ សម្រាប់ការងារដែលមានភាពជោគជ័យមកដល់ពេលនេះគឺដោយសារសមត្ថភាព ការបង្ហាត់បង្រៀន និងការចង្អុលបង្ហាញពីកញ្ញា យុគ ចិន្ដា។ សព្វថ្ងៃនេះបូរិទ្ធ កំពុងតែមានការមមាញឹក និងការងារជាច្រើន ទាំងការងារប្រចាំថ្ងៃ ការសិក្សា និងមុខជំនួញជាដើម។
ការថែរក្សាសម្រស់
សព្វថ្ងៃបូរិទ្ធកំពុងតែមានការមមាញឹកនឹងការងារជាច្រើន។ ប៉ុន្ដែទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ បូរិទ្ធមិនភ្លេចពីការថែទាំសុខភាពរបស់ខ្លួននោះទេ។ ខាងក្រោមជាវិធីនៃការថែរក្សាសម្រស់ និងសុខភាពរបស់ពិធីករ ហែម បូរិទ្ធ។
- ការថែរក្សាសក់ ៖ សក់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បូរិទ្ធ ដូចនេះនៅក្នុងមួយថ្ងៃបូរិទ្ធកក់សក់២ដង និងអប់សក់ម្ដង នៅក្នុងមួយសប្ដាហ៍ ជាមួយនឹងផលិតផលមានគុណភាពល្អ ដែលភរិយារបស់បូរិទ្ធជាអ្នកជ្រើសរើសឱ្យប្រើប្រាស់។
- ការថែរក្សាស្បែកមុខ ៖ ជារៀងរាល់ពេលក្រោកពីគេង និងពេលចូលគេង បូរិទ្ធបានធ្វើការសម្អាតស្បែកមុខជាមួយផលិតផលដែលល្អ និងជួយការពារស្បែកមុខ។ នៅពេលចេញទៅណាមកណាម្ដងៗ បូរិទ្ធតែងតែប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំ។
- ការថែរក្សាស្បែកដងខ្លួន ៖ បូរិទ្ធមិនមានអ្វីប្លែកនោះទេ គឺគ្រាន់តែសម្អាតបាក់តេរីនៅដងខ្លួនឱ្យបានស្អាតជាមួយសាប៊ូ និងស្បៃដុសខ្លួនជារៀងរាល់ពេលដែលងូតទឹក។ នៅពេលចេញក្រៅម្ដងៗ បូរិទ្ធតែងតែប្រើឡេការពារកម្ដៅថ្ងៃ និងពាក់អាវដៃវែងជានិច្ច។
- ការថែរក្សាភ្នែក ៖ បូរិទ្ធមិនសូវជាយកចិត្ដទុកដាក់នៅក្នុងការថែរក្សាភ្នែកប៉ុន្មាននោះទេ។ នៅពេលដែលធ្វើដំណើរ ទៅណាមកណាម្ដងៗ បូរិទ្ធតែងតែពាក់វ៉ែនតាការពារពន្លឺថ្ងៃ។ ហើយនៅពេលដែលមានអារម្មណ៍ថាភ្នែកមានបញ្ហា បូរិទ្ធបានប្រើទឹកថ្នាំសម្រាប់លាងសម្អាតធូលីដីដែលមាននៅក្នុងភ្នែកតែប៉ុណ្ណោះ។
- ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញជារឿងដ៏សំខាន់។ បូរិទ្ធតែងតែធ្វើការសម្អាតធ្មេញនៅក្នុងមួយថ្ងៃបីដង និងទៅជួបជាមួយទន្ដពេទ្យធ្មេញរាល់ពេល៦ខែម្ដង ដើម្បីធ្វើការសម្អាតធ្មេញ។ នៅក្រោយពេលដែលទទួលទានអាហារហើយ បូរិទ្ធតែងតែប្រើសរសៃអំបោះសម្រាប់សម្អាតធ្មេញ និងមានទឹកសម្រាប់ខ្ពុរមាត់ផងដែរ។
ការថែទាំសុខភាពរាងកាយ
- ការទទួលទានដំណេក ៖ បូរិទ្ធទទួលទានដំណេកមិនបានគ្រប់គ្រាន់នោះទេ ព្រោះដោយសារតែការងារ។ ប៉ុន្ដែនៅពេលទំនេរពីការងារបូរិទ្ធតែងតែឆ្លៀតពេលសម្រាកជានិច្ច។
- ការទទួលទានអាហារ ៖ បូរិទ្ធមិនដែលធ្វេសប្រហែសនោះទេ ចំពោះការទទួលទានអាហារ។ បូរិទ្ធតែងតែទទួលទានបន្លែ និងផ្លែឈើច្រើន ដើម្បីសុខភាពរឹងមាំ និងមានជីវជាតិបំប៉នដល់រាងកាយ។
- លំហាត់ប្រាណ ៖ ចំពោះការហាត់ប្រាណ បូរិទ្ធតែងតែធ្វើជាប្រចាំនៅពេលល្ងាច ដោយចំណាយពេលពីមួយម៉ោង ទៅពីរម៉ោង ដូចជាលើកអាល់ទែរ លេងបាល់ជាដើម។ បន្ទាប់ពីហាត់កីឡា បូរិទ្ធតែងតែទៅស្ទីមដើម្បីសុខភាព និងសម្រស់។
បំណងទៅថ្ងៃអនាគត
ការងារជាអ្នកសិល្បៈសព្វថ្ងៃនេះ បូរិទ្ធបានទទួលជោគជ័យច្រើន ហើយក៏ជាការងារដែលបូរិទ្ធស្រឡាញ់ផងដែរ។ ក្រៅពីនេះបូរិទ្ធមិនមានបំណងអ្វីនោះទេ ដោយបូរិទ្ធគ្រាន់តែចង់ឱ្យការងារ និងមុខរបរមានការរីកចម្រើនទៅមុខតែប៉ុណ្ណោះ។
បណ្ដាំផ្ញើរបស់ ហែម បូរិទ្ធ
សម្រាប់យុវជននិងយុវតីទាំងអស់ នៅពេលទំនេរមិនត្រូវដើរលេងច្រើនពេកនោះទេ គួរតែឆ្លៀតពេលសិក្សាឱ្យបានច្រើន។ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនអាចបំផ្លាញអនាគតរបស់មនុស្សយើងគ្រប់គ្នា។ បើមានពេលទំនេរច្រើន គួរតែចេះប្រើពេលវេលាឱ្យមានតម្លៃ និងគួរតែឆ្លៀតពេលលេងកីឡាឱ្យបានច្រើន ដូចជាលើកអាល់ទ័រ ឬលេងបាល់ ដើម្បីសុខភាពល្អ និងអាចរក្សាសម្រស់បាន។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ហែម បូរិទ្ធ
- អាយុ ៖ ២៧ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០៣ សីហា ១៩៨៣
- ទីកន្លែងកំណើត ៖ កំពង់ចាម
- កម្ពស់ ៖ ១,៧៥ម៉ែត្រ
- ទម្ងន់ ៖ ៧០គីឡូក្រាម
- បងប្អូន ៖ ៣នាក់ ប្រុស២ ស្រី១(ជាកូនច្បង)
- អាជីពនាពេលបច្ចុប្បន្ន ៖ ជាពិធីករ
- ស្ថានភាពគ្រួសារ ៖ មានគ្រួសារហើយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply