ជម្ងឺក្រពះគឺជាជម្ងឺមួយប្រភេទដែលមនុស្សសម័យបច្ចុប្បន្នជួបប្រទះជាញឹកញាប់ ហើយជម្ងឺនេះអាចកើតមាននៅលើមនុស្សគ្រប់វ័យ។ ជម្ងឺនេះអាចបង្កឱ្យលោកអ្នកជួបនឹងផលវិបាកជាច្រើន ជាពិសេសគឺទាក់ទងទៅនឹងអាយុជីវិត ប្រសិនបើលោកអ្នកនាងកញ្ញាមិនបានធ្វើការព្យាបាលឱ្យបានត្រឹមត្រូវទេនោះ។ នៅលើពិភពលោកយើងនេះ ជម្ងឺក្រពះគឺជាជម្ងឺដែលតែងតែជួបប្រទះ ស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងចំណោមជម្ងឺថ្លើម និងពោះវៀន។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្ដបន្ទាប់រួចមកហើយ។ ជាមួយគ្នានេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក ល.ហ អាយុ២៨ឆ្នាំ រស់នៅខេត្ដកណ្ដាល មុខរបរជាកម្មកររោងចក្រកាត់ដេរ មួយនៅទីក្រុងភ្នំពេញ។ លោកបានរៀបរាប់អំពីផលលំបាកនៃជម្ងឺក្រពះ ដើម្បីឱ្យមិត្ដអ្នកអានបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
លោក ល.ហ បានរៀបរាប់ឱ្យដឹងថា នៅដើមឆ្នាំ២០០៧ លោកបានមកភ្នំពេញដើម្បីរកការងារធ្វើ ដោយលោកបានធ្វើជាកម្មកររោងចក្រកាត់ដេរ។ ហេតុតែប្រាក់ខែតិច លោកខំប្រឹងធ្វើការថែមម៉ោងដល់យប់ជ្រៅ ជួនកាលមួយយល់ទល់ភ្លឺក៏មានដែរ។ ដោយសារតែការងារមមាញឹកពេក ការទទួលទានអាហារក៏មិនសូវជាទៀងទាត់ដែរ។ លោក ល.ហ ធ្វើការងារបានប្រហែលជាមួយឆ្នាំ មានថ្ងៃមួយនៅពេលដែលលោកទទួលទានបាយថ្ងៃត្រង់ជាមួយមិត្ដភក្ដិឆ្អែតមួយសន្ទុះក្រោយមកស្រាប់តែមានអារម្មណ៍ថាឆ្អល់ពោះ ហើយក្រហាយនៅក្នុងពោះ ហើយលោកក៏បានទៅទិញថ្នាំនៅតាមឱសថស្ថានយកមកលេប អាការបានធូរជាងមុន។ លោក ល.ហ បានបន្ថែមទៀតថា ចាប់តាំងពីថ្ងៃនោះមកលោកតែងតែមានអារម្មណ៍ថាចង់ក្អួតចង្អោរនៅពេលព្រឹកព្រលឹម ហើយនៅពេលដែលលោកមិនបានទទួលទានអាហារតែងតែចុកពោះ ជាពិសេសនៅចុងដង្ហើម និងមានភើជូរជារៀងរាល់ថ្ងៃផងដែរ។ ព្រោះតែអាការបែបនេះលោកក៏បានទៅពិភាក្សាជាមួយគ្រូពេទ្យដែលលក់ថ្នាំនៅតាមឱសថស្ថាន ហើយគ្រូពេទ្យបានប្រាប់លោកថា ប្រហែលជាលោកមានជម្ងឺក្រពះ ហើយក៏ផ្សំថ្នាំឱ្យលោកទទួលទានតាមធម្មតា។ ពីមួយថ្ងៃទៅមួយថ្ងៃអាការក្រពះនេះនៅតែដដែល មានពេលខ្លះលោក បានទិញថ្នាំខ្មែរមួយចំនួនមកដាំទឹកផឹក តែមិនសូវជាមានប្រសិទ្ធភាពប៉ុន្មាននោះទេ តែក៏អាចបង្ការបានខ្លះដែរ។
លោក ល.ហ បានរម្លឹកបន្ថែមទៀតថា នៅចុងឆ្នាំ២០០៩ ជម្ងឺនេះបានធ្វើឱ្យលោកកាន់តែមានផលលំបាកកាន់តែខ្លាំងឡើង មានពេលខ្លះចុកពោះរហូតធ្វើឱ្យលោកធ្វើការងារអ្វីមិនកើតទេ។ ជួនកាលនៅពេលដែលលោកទទួលទានស្រាតែបន្ដិចជម្ងឺក៏រើឡើងភ្លាម។ ព្រោះតែសភាពនៃជម្ងឺបែបនេះហើយធ្វើឱ្យលោកស្រកទម្ងន់ លោកក៏បានសម្រេចចិត្ដបោះបង់ការងារចោល ដើម្បីថែរក្សា ជម្ងឺរបស់លោក ដោយលោកបានទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ មកដល់ពេលនេះអាការរបស់លោកបានធូរគ្រាន់បើជាងមុនហើយ ដោយលោកបានអនុវត្ដទៅតាមការណែនាំរបស់គ្រូពេទ្យ ទាំងការទទួលទានអាហារ និងការតមអាហារជាដើម។
យោបល់របស់អ្នកជំនាញ
លោកវេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេសផ្នែកវះកាត់ទ្រូងពោះ នៃមន្ទីរពេទ្យព្រះកេតុមាលា បានបញ្ជាក់ប្រាប់ទស្សនាវដ្ដី សុខភាពយើងថា ចំពោះអ្នកជម្ងឺដែលមានការសង្ស័យថាខ្លួនអាចកើតមានជម្ងឺក្រពះ ដូចជាមានអាការក្អួតចង្អោរ ឈឺចុកចាប់នៅផ្នែកខាងឆ្វេងនៃពោះ លោកអ្នកត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ហើយមិនត្រូវជឿទៅលើអបិយជំនឿដែលមិនសមហេតុផលនោះទេ។ លោកអ្នកនាងកញ្ញាត្រូវដឹងថា ជម្ងឺក្រពះកើតឡើងដោយសារលោកអ្នកទទួលទានអាហារមិនទៀងទាត់ ទទួលទានដំណេកមិនបានគ្រប់គ្រាន់។ ចំពោះលោកអ្នកដែលគិតច្រើនក៏អាចកើតមានជម្ងឺក្រពះបានដែរ។ ដូចនេះដើម្បីការពារកុំឱ្យកើតមានជម្ងឺនេះ លោកអ្នកត្រូវតែទទួលទានឱ្យបានទៀងទាត់ ត្រូវតែគេងឱ្យបានទៀងពេលវេលា ទើបអាចចៀសផុតពីការកើតមានជម្ងឺនេះ។ អ្នកជម្ងឺត្រូវតែទទួលទានថ្នាំឱ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ជម្ងឺក្រពះនេះមិនអាចព្យាបាលនៅក្នុងរយៈពេលខ្លីនោះទេ ហើយការព្យាបាលនោះគឺមានរយៈពេលពី៤២ថ្ងៃឡើងទៅ ទើបជម្ងឺនេះអាចជាសះស្បើយ។ ផ្ទុយទៅវិញបើសិនជាលោកអ្នក មិនខ្វល់អំពីជម្ងឺនេះ ឬក៏មិនបានអនុវត្ដទៅតាមការណែនាំរបស់គ្រូពេទ្យនោះ ជម្ងឺនេះអាចវិវត្ដទៅរកភាពធ្ងន់ធ្ងរ ដូចជាមហារីក ជម្ងឺដំបៅក្រពះធ្ងន់ធ្ងរ ដែលធ្វើឱ្យហូរឈាមនៅក្នុងក្រពះ ឬក៏ក្អួតមកមានឈាម។ បើសិនជាមានដំណាក់កាលនេះគឺត្រូវតែធ្វើការវះកាត់ដែលធ្វើឱ្យខាតបង់ថវិកាជាច្រើន ហើយក៏អាចប្រថុយទៅនឹងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងដែរ។ អ្នកជម្ងឺក្រពះគួរតែតមចំពោះចំណីអាហារមួយចំនួន ដូចជាអាហារហឹរ អាហារផ្អូមៗជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០
Leave a Reply