មូលហេតុអ្វីបានជាខ្ញុំចេះតែអស់កម្លាំង និងខ្សោយផ្លូវភេទ? ខ្ញុំសូមបញ្ជាក់ថាខ្ញុំចាប់ផ្ដើមមានអាការបែបនេះចាប់តាំងពីអាយុ១៧ឆ្នាំម្ល៉េះ ហើយពីមុនមកធ្លាប់មានជម្ងឺទាក់ទងនឹងច្រមុះ និងមានការគិតច្រើន។ បុរស អាយុ៣២ឆ្នាំ ខេត្ដកោះកុង
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួររបស់លោកហាក់ដូចជាមានលក្ខណៈទូលំទូលាយក្នុងការឆ្លើយតែខ្ញុំសូមធ្វើការសង្ខេបថាប្រហែលជាលោកចង់ដឹងអំពីការទាក់ទងគ្នារវាងសុខភាពរាងកាយ(អស់កម្លាំង) សុខភាពផ្លូវចិត្ដ(គិតច្រើន)និងសុខភាពផ្លូវភេទ(ខ្សោយផ្លូវភេទ)។ បើតាមវ័យ ឬអាយុរបស់លោកប្រុស កម្រមានករណីខ្សោយផ្លូវភេទណាស់។ ខ្ញុំសន្និដ្ឋានថាករណីខ្សោយផ្លូវភេទដែលលើកមកនោះ ប្រហែលជាការឆាប់ចេញទឹកកាមហើយ មិនមែនជាបញ្ហាលិង្គមិនឡើងរឹង(លិង្គងាប់)នោះទេ។ ជាការពិត កំសោយផ្លូវភេទ ឬវិបត្ដិសុខភាពផ្លូវភេទដទៃទៀត ពិតជាមិនអាចខ័ណ្ឌចែកពីសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ដឡើយ ពោលគឺ ជាប់ពាក់ព័ន្ធគ្នា។ ដូច្នេះករណីលោក លោកត្រូវទៅធ្វើការព្យាបាលជម្ងឺតម្កាត់ផ្សេងៗជាចម្បងបន្ទាប់មកបើនៅតែមានការខ្សោយផ្លូវភេទដែលលោកលើកឡើងនេះទៀត ត្រូវទៅជួបគ្រូពេទ្យខាងផ្លូវភេទដើម្បីពិគ្រោះ និងព្យាបាលជាបន្ទាន់។ ព័ត៌មានលម្អិតសូមស្វែងរកអានអត្ថបទនៅក្នុងទស្សនាវដ្ដី សុខភាពយើងដែលបានចុះផ្សាយអំពីបញ្ហាឆាប់ចេញទឹកកាម និងលិង្គងាប់។ បើនៅមាន ចម្ងល់ទៀត លោកអាចសរសេរសំបុត្រជាថ្មីមកកាន់ស្នាក់ការទស្សនាវដ្ដី សុខភាពយើង។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអភ័យទោសផងដែរដល់មិត្ដអ្នកអានជាច្រើន ដែលបានផ្ញើសំបុត្រនិងលើកជាសំណួរមកកាន់ខ្ញុំបាទ ដែលមិនទាន់បានឆ្លើយ សូមមេត្ដារង់ចាំដោយអនុគ្រោះ។ នៅលេខក្រោយទៀតបើជាករណីចាំបាច់ទស្សនាវដ្ដី សុខភាពយើង នឹងបន្ថែមទំព័រសម្រាប់សំណួរមិត្ដអ្នកអាន។ សូមអរគុណ និងសូមជួបសំណាងល្អទាំងអស់គ្នា។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply