ទិវាពលកម្មអន្ដរជាតិជាទិវាមួយដែលបច្ចុប្បន្នត្រូវបានគេប្រារឰធ្វើឡើងស្ទើរតែនៅទូទាំងពិភពលោក ក្នុងគោលបំណងដើម្បីជាការឧទ្ទិសរម្លឹកដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហានរបស់កម្មករដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត។ ប្រទេសភាគច្រើននៅលើសកល លោកបានជ្រើសរើសយកថ្ងៃទី០១ ខែឧសភា ជាថ្ងៃប្រារឰទិវាពលកម្មអន្ដរជាតិ ឬហៅថាទិវាកម្មករ ដែលមកដល់ឆ្នាំ២០១១នេះ គឺជាការប្រារឰខួបលើកទី១២៥ឆ្នាំហើយ។
ខាងក្រោមនេះគឺជាការរៀបរាប់សង្ខេបអំពីប្រវត្ដិនិងអត្ថន័យនានានៃទិវាពលកម្មអន្ដរជាតិ ដោយលោក យឹម សេរីវឌ្ឍនៈ អ្នកសម្រប សម្រួលគម្រោងសកម្មភាពកម្មកររបស់អង្គការពលកម្មអន្ដរជាតិ (ILO) នៅកម្ពុជា។
ប្រវត្ដិទិវាពលកម្មអន្ដរជាតិ
នៅចុងសតវត្សរ៍ឆ្នាំ១៨ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ឆ្នាំ១៩ ជាយុគសម័យដែលមានការរីកចម្រើនខាងផ្នែកឧស្សាហកម្ម។ ចំណែក ឯពលករនៅអាមេរិកមានការចូលរួមកាន់តែច្រើនឡើងនៅក្នុងចលនាសហជីព ដើម្បីធ្វើការចរចាជាសមូហភាពស្វែងរកផលប្រយោជន៍ជូនសមាជិករបស់ពួកគេ។ លក្ខខណ្ឌការងាររបស់កម្មករគឺមានសភាពយ៉ាប់យឺនក្រៃលែង សុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការមិនអំណោយផលពិសេសអ្នកធ្វើការនៅតាមរោងចក្រ និងអណ្ដូងរ៉ែ ប្រាក់ឈ្នួលថោក ការងារប្រចាំថ្ងៃចាប់ពី១០ម៉ោងទៅ១៦ម៉ោងជាដើម។ល។
ឆ្នាំ១៨៨២ ព្រឹត្ដិការណ៍ធំៗជាច្រើននៅក្នុងចលនាពលករអាមេរិកកើតឡើងជាហូរហែ ដើម្បីទាមទារកំណត់ស្ដង់ដារការងារ។ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ១៨៨៦ កម្មកររាប់ម៉ឺននាក់បានដើរចេញពីកន្លែងធ្វើការប្រហែលជា១៣០០កន្លែងនៅទូទាំងសហរដ្ឋអាមេរិក ប្រារឰ ទិវាពលកម្មនៅក្នុងប្រវត្ដិសាស្ដ្រ។ ចលនាដ៏សំខាន់គឺកើតឡើងនៅទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយ (Illinois) ទាមទារធ្វើការ មួយថ្ងៃត្រឹមតែ៨ម៉ោង។ មានកម្មករប្រហែល៤ម៉ឺននាក់ធ្វើកូដកម្មជាមួយអ្នកអាណាធិបតេយ្យនិយមនៅក្បួនខាងមុខនៃក្រសែភ្នែកសាធារណៈ ជនបានថ្លែងយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមនោគមវិជ្ជាប្រាប់ពីសកម្មភាពត្រង់ៗចារឹកជាបដិវត្ដន៍ អ្នកអាណាធិបតេយ្យនិយម និង ភាពអាណាធិបតេយ្យនិយមត្រូវបានទទួលនូវការគោរពពីពលករនានា តែធ្វើឱ្យពួកនាយទុនស្អប់យ៉ាងខ្លាំង។ ថ្ងៃបន្ទាប់មក កម្មកររាប់រយពាន់ នាក់បានចេញធ្វើបាតុកម្ម ប៉ុន្ដែនៅទីក្រុង Chicago អំណាចច្បាប់ និងបទបញ្ជាបានក្លាយទៅជាការគាបសង្កត់ទៅលើបាតុករ។ កម្មករនៅឯ ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនសម្រាប់កសិកម្មរបស់មាកក័រមិក(McCormic Harvesting Machine Co.) ធ្វើកូដកម្មទាមទារឱ្យកាត់បន្ថយ ចំនួនម៉ោងធ្វើការមកត្រឹមតែ៨ម៉ោងក្នុង១ថ្ងៃ និងរារាំងមិនឱ្យរើសយកមនុស្សមកធ្វើការជំនួសកូដករ ដោយបិទច្រកមិនឱ្យពួកគេចូល។ ប៉ូលិស បានវាយកូដករដោយដំបង ចំណែកកូដករចោលដុំថ្មដាក់វិញ ប៉ូលិសតបដោយការបាញ់ទៅលើកូដករវិញ បណ្ដាលឱ្យមានមនុស្ស៥-៦នាក់ត្រូវបាត់បង់ជីវិត។
ថ្ងៃបន្ទាប់ ទី៤ ខែឧសភា ក្បួនបាតុកម្មមួយរៀបចំឡើងនៅទីលាន Haymarket Square ធ្វើការតវ៉ាអំពីអំពើហិង្សា ដែលបង្ក ឡើងដោយប៉ូលិស។ ប៉ូលិសបានបង្ខំឱ្យបាតុករធ្វើការបំបែកគ្នា រំពេចនោះគ្រាប់បែកមួយគ្រាប់បានចោលចូលមកក៏ផ្ទុះឡើង ធ្វើឱ្យមន្ដ្រីប៉ូលិសម្នាក់បានស្លាប់។ មានប៉ូលិសចំនួន៦០នាក់ និងជនស៊ីវិលចំនួន២០០នាក់ត្រូវទទួលរងរបួសនៅក្នុងហេតុការណ៍ហិង្សានោះ។ ជាសរុបមានប៉ូលិស ចំនួន១នាក់បានស្លាប់ភ្លាមៗ និង៧នាក់ទៀតស្លាប់នៅថ្ងៃបន្ទាប់។ ចំណែកជនស៊ីវិលបានស្លាប់ចំនួនពី៧-៨នាក់ ថ្នាក់ដឹកនាំសហជីពចំនួន៨នាក់ ដែលក្នុងនោះមានតែ៣នាក់ប៉ុណ្ណោះនៅកន្លែងកើតហេតុ ត្រូវបានគេចាប់កាត់ទោសឱ្យជាប់ពីបទធ្វើមនុស្សឃាត និងកាត់ទោសដាក់គុកអស់មួយជីវិតចំនួន៣នាក់ និងប្រហារជីវិតដោយព្យួរកចំនួន៤នាក់ មានតែម្នាក់ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាជាករណីលើកលែង។
ស្ថាបនិកទិវាពលកម្ម
ទិវាពលកម្មមានអាយុកាលជាង១០០ឆ្នាំមកហើយ តែមានចម្ងល់ថា នរណាជាអ្នកស្នើដំបូងគេនូវថ្ងៃបុណ្យជាតិសម្រាប់ការឈប់ សម្រាករបស់កម្មករ។ តាមកំណត់ត្រាខ្លះសរសេរថា លោក Peter J. Mcguire អគ្គលេខាធិការរបស់សម្ព័ន្ធរួបរួមជាងឈើ និងជាសហស្ថាបនិក សហព័ន្ធពលករអាមេរិកកាំង គឺជាអ្នកដំបូងគេដែលស្នើឱ្យមានទិវាសម្រាប់ផ្តល់នូវកិត្ដិយសដល់កម្មករទាំងឡាយណាដែលមានសេចក្ដីក្លាហាន និងបានពុះពារដ៏មហិមាបង្ហូរញើសឈាម ដើម្បីកសាង និងរក្សាបេះដូងរបស់សហរដ្ឋអាមេរិកឱ្យបានប្រសើរ។ ប៉ុន្ដែឋានៈរបស់លោក Peter Mcguire នៅក្នុងប្រវត្ដិសាស្ដ្រពលកម្មនៅមានភាពស្រពេចស្រពិល និងមិនទាន់មានការឯកភាពនៅឡើយទេ។
មនុស្សជាច្រើនជឿថា លោក មេតធ្យូ មេហ្គៀ (Matthew Maguire) មានមុខងារជាយន្ដការី គឺជាស្ថាបនិកនៃទិវាពលកម្មនេះគឺមិនមែនជាលោក Peter Mcguire ទេ។ បើតាមការស្រាវជ្រាវថ្មីៗនេះ ហាក់ដូចជាបានគាំទ្រនូវការអះអាងថា លោក មេតធ្យូ ជាលេខាធិការនៅមូលដ្ឋានលេខ៣៤៤របស់សមាគមយន្ដការីអន្ដរជាតិ នាទីក្រុង Paterson នៃរដ្ឋ New Jersey ជាអ្នកស្នើឱ្យមានការឈប់សម្រាកបុណ្យជាតិ សម្រាប់កម្មករនៅឆ្នាំ១៨៨២ ក្នុងខណៈដែលគាត់កំពុងបម្រើការជាលេខាធិការរបស់សហជីពពលករកណ្ដាល នៅទីក្រុងញូវយ៉ក។
ការទទួលស្គាល់ទិវាពលកម្មអន្ដរជាតិ
សហជីពពលករកណ្ដាលរបស់សហរដ្ឋអាមេរិក ប្រារឰទិវាកម្មករជាលើកដំបូងនៅថ្ងៃអង្គារ៍ ទី០៥ ខែកញ្ញា ឆ្នាំ១៨៨២ នៅក្នុងរដ្ឋ ញូវយ៉ក។ នៅឆ្នាំ១៨៨៣ ទិវានេះធ្វើជាលើកទី២នៅចំថ្ងៃទី០៥ ខែដដែល និងនៅឆ្នាំ១៨៨៤ ធ្វើជាលើកទី៣ នៅចំថ្ងៃច័ន្ទដំបូងនៃខែកញ្ញា។ លុះដល់ខែតុលាឆ្នាំដដែល សហជីពពលករកណ្ដាលបានមូលមតិគ្នាសម្រេចយកថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ជាថ្ងៃទាមទារការងារមួយថ្ងៃ៨ម៉ោងជាស្ដង់ដារទូទៅ។ ក្រោយពីមានការសម្រេចដូច្នោះមក សហជីពពលករនានានៅអាមេរិកបានត្រៀមរៀបចំធ្វើកូដកម្មទូទៅមួយ ដើម្បីគាំទ្រនូវការទាមទារនោះ។
ឆ្នាំ១៨៨៩ លោក សាមុអែល ហ្គមភឺស (Samuel Gompers) ប្រធានសហព័ន្ធពលករអាមេរិក(AFL)បានសរសេរសារលិខិតផ្ញើទៅ កាន់សមាជទី១របស់អន្ដរជាតិទី២ ដែលធ្វើការជួបប្រជុំនៅប្រទេសបារាំង។ គាត់បានជម្រាបមកជនសង្គមនិយមរបស់ពិភពលោកអំពីផែនការ របស់ AFL និងបានស្នើឱ្យមានការប្រយុទ្ធជាអន្ដរជាតិដើម្បីទាមទារជាសកលនូវការងារមួយថ្ងៃ៨ម៉ោង។ តបទៅនឹងសារលិខិតរបស់ហ្គមភឺស អន្ដរជាតិទី២បានអនុម័តដំណោះស្រាយមួយដោយអំពាវនាវធ្វើបាតុកម្មដ៏ធំមួយជាលក្ខណៈអន្ដរជាតិនៅថ្ងៃតែមួយដូចគ្នា ដើម្បីឱ្យកម្មករនៅគ្រប់ ទីកន្លែងអាចទាមទារធ្វើការងារតែ៨ម៉ោងក្នុង១ថ្ងៃ។ តាមផែនការរបស់សហព័ន្ធអាមេរិកអន្ដរជាតិអនុម័តយកថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៩០ ជាថ្ងៃសម្រាប់ការទាមទារ និងដើម្បីឧទ្ទិសដល់វីរៈភាពនិងការបាត់បង់ជីវិតរបស់ពលករអាមេរិកនៅទីលាន Haymarket Square នៅខែឧសភា ឆ្នាំ១៨៨៦។
ទីបំផុតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៨៩៤ សភានៃរដ្ឋសហព័ន្ធអាមេរិកបានអនុម័តច្បាប់ដើម្បីទទួលស្គាល់ជាផ្លូវការ ដោយយកថ្ងៃច័ន្ទ ដំបូងនៃខែកញ្ញាជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់បុណ្យជាតិស្របច្បាប់ក្រោយពីរដ្ឋជិត៣០បានអនុម័តទទួលស្គាល់ជាបន្ដបន្ទាប់រួចហើយ។ នៅ អាមេរិក ទិវាពលកម្មជាបុណ្យកម្សាន្ដសប្បាយនៅក្នុងរង្វង់គ្រួសារ មិត្ដភក្ដិ និងមានកម្មវិធីប្រជាប្រិយផ្សេងៗ ហើយក៏ជាថ្ងៃចុងបញ្ចប់វិស្សមកាលក្នុងរដូវក្ដៅផងដែរ តែក៏នៅមានពលរដ្ឋអាមេរិកខ្លះយល់ថា ទិវាពលកម្មនេះកើតចេញពីចលនាសង្គមនិយមទៅវិញ។
គោលបំណងទិវាពលកម្មអន្ដរជាតិ
– គឺឱ្យតម្លៃទៅលើពលកម្មរបស់មនុស្សមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍មនុស្ស និងគ្រួសារ បង្កើតចំណូល ទៅក្នុងសេដ្ឋកិច្ច និងការរីកចម្រើនរបស់សង្គមជាតិ។
– ចង់ឱ្យមានស្ដង់ដារការងារសមស្រប ដោយកាត់បន្ថយម៉ោងការងារមកត្រឹមតែ៨ម៉ោងក្នុង១ថ្ងៃ ឬក៏ឈប់សម្រាក២ថ្ងៃក្នុង ១សប្ដាហ៍។
– ធ្វើការកំណត់ស្ដង់ដារប្រាក់ឈ្នួលឱ្យត្រឹមត្រូវ និងការផ្ដល់ប្រាក់ឈ្នួលដោយមិនមានការរើសអើង។
– កែលម្អ ឬលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការឱ្យបានសមរម្យ និងស្អាតបាត ដើម្បីបង្ការ និងដោះស្រាយ ជាតិពុល និងគ្រោះថ្នាក់ការងារឱ្យបានល្អ។
សំណូមពរ
សំណូមពរដល់កម្មករនិយោជិត បុគ្គលិក និងមន្ដ្រីរាជការទាំងអស់ចម្រុះវិស័យ សូមលើកតម្លៃនៃទិវាពលកម្មនេះ ព្រោះវាមិនមែនមានប្រយោជន៍សម្រាប់អ្នកដែលមានការងារធ្វើនៅក្នុងវិស័យឯកជន ឬសម្រាប់តែក្រុមសហជីពនោះទេ។ ពោលគឺវាមានតម្លៃសម្រាប់មនុស្សគ្រប់រូប និងជាសាកល ដោយហេតុថាវាជាកញ្ចក់សង្គមមួយដែលបានឆ្លុះបញ្ចាំងអំពីដំណើរការវិវត្ដន៍របស់ប្រទេសទាំងផ្នែកលក្ខខណ្ឌសមស្រប នៃការរស់នៅរបស់កម្មករ និយោជិត របស់មនុស្សក្នុងសង្គម ការអនុវត្ដលទ្ធិប្រជាធិបតេយ្យ និងសេរីភាពក្នុងការសំដែងមតិដែលជាមាគ៌ាគ្រឹះឆ្ពោះទៅរកការគោរពសិទ្ធិមនុស្សពេញលេញ និងការអភិវឌ្ឍដោយចេរភាព។ សូមរាជរដ្ឋាភិបាលរួមចំណែកលើកស្ទួយឱ្យកាន់តែខ្លាំង និង ផុសផុលដោយឱ្យទិវានេះបានប្រព្រឹតិទៅដោយរលូនជារៀងរាល់ឆ្នាំ ប្រកបដោយសុវត្ថិភាព។ សូមអំពាវដល់អង្គការជាដៃគូនានា អង្គការជាតិ និងអន្ដរជាតិ សូមជួយឧបត្ថម្ភគាំទ្រ និងបង្កឱ្យអង្គការសហជីពក៏ដូចជាដៃគូផ្សេងៗមានលទ្ធភាពធ្វើការប្រារឰនូវទិវាពលកម្មនេះឱ្យជាប់ហូរហែ រៀងរាល់ឆ្នាំ ក្លាយជាប្រពៃណីនៃការសម្ដែងមតិជាសាធារណៈអហិង្សា ដើម្បីយុត្ដិធម៌សង្គម និងការអភិវឌ្ឍ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply