សូមជម្រាបសួរលោកវេជ្ជបណ្ឌិត! នាងខ្ញុំមានអាយុ២៥ឆ្នាំមកហើយ នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំមុន។ រយៈ ពេលជាងមួយឆ្នាំនេះ នាងខ្ញុំបានជ្រើសរើសយកវិធីពន្យារកំណើត តាមរយៈការលេបថ្នាំគ្រាប់ពន្យារកំណើត។ ប៉ុន្ដែពេលថ្មីៗនេះ ឪពុកម្ដាយ និងប្ដីរបស់នាងខ្ញុំមិនព្រមឱ្យនាងខ្ញុំប្រើប្រាស់នោះទៀតទេ ដោយពួកគាត់ខ្លាចនាងខ្ញុំខូចសុខភាព។ មិត្ដភក្ដិរបស់នាងខ្ញុំបាន ទូន្មានឱ្យនាងខ្ញុំជ្រើសរើសវិធីចាក់ទឹកក្រៅពាង។ តើវិធីនេះមានប្រសិទ្ធភាពឬទេ? សូមលោកវេជ្ជបណ្ឌិតមេត្ដាជួយឱ្យយោបល់ដល់ នាងខ្ញុំផង សូមអរគុណទុកជាមុន។
លោកស្រី វ. ល. ណ អាយុ២៥ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជម្រាបសួរប្អូនស្រី! ការបាញ់ទឹកកាមចេញក្រៅ ឬចាក់ទឹកក្រៅពាងនោះ គឺជាវិធីសាស្ដ្រមួយ សម្រាប់បុរសដែលត្រូវដកប្រដាប់ភេទឬលិង្គចេញមកខាងក្រៅមុនពេលបាញ់ទឹកកាមចេញ ក្នុងគោលបំណងបញ្ចៀសការបាញ់ទឹកកាមចូលទៅក្នុងទ្វារមាស ដែលនាំឱ្យមេជីវិតបង្កកំណើតបាន។ ប៉ុន្ដែនៅក្នុងការអនុវត្ដជាក់ស្ដែង ការបាញ់ចេញទឹកកាមខាងក្រៅនេះ មានគុណវិបត្ដិច្រើន ដែលក្នុងនោះអាចមានកង្វះភាពជាក់លាក់នៃប្រសិទ្ធភាព។ ការបាញ់ទឹកកាមចេញក្រៅនោះ តម្រូវឱ្យបុរសមានការប្រុងប្រយ័ត្នខ្ពស់ និងឆន្ទៈ ជាពិសេសពេលបាញ់ចេញទឹកកាម ដែលជួនកាលពិបាកនឹងអនុវត្ដឱ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀតមេជីវិតស្ពែមម៉ាតូសូអ៊ីដអាចមាននៅក្នុងទឹករំអិលភេទ ដែលហៀរចេញមុនពេលបាញ់ទឹកកាមចេញ។ រីឯស្ដ្រីជាដៃគូជួនកាលមានការសង្ស័យ មិនទុកចិត្ដទៅលើភាពប៉ិនប្រសប់ ឬភាពសុខស្រួលរបស់ដៃគូខ្លួន។ ព្រោះថានៅក្នុងទឹកកាម១មីលីលីត្រអាចមានមេជីវិតស្ពែម ម៉ាតូសូអ៊ីដដល់ទៅ២០លានឯណោះ ដែលយើងអាចពិចារណាបានថា គ្រោះមានផ្ទៃពោះអាចកើតមានឡើងយ៉ាងខ្លាំង។ បើតាមការស្រាវជ្រាវ ការបាញ់ទឹកកាមចេញក្រៅមានប្រសិទ្ធភាពទប់ស្កាត់ការមានគភ៌បានចំនួនប្រមាណជា៨០%តែប៉ុណ្ណោះ មានន័យថាអត្រាគ្រោះមានផ្ទៃពោះអាចមានកម្រិតពី២០%ទៅ២៧%។
បើនិយាយអំពីគុណវិបត្ដិនៃការបាញ់ចេញទឹកកាមខាងក្រៅនេះ អាចនៅតែមានផ្ទៃពោះដដែល មានអត្រាគួរឱ្យកត់សម្គាល់ពី២០%ទៅ២៧%។ ហេតុនេះអត្រាបរាជ័យមានកម្រិតធំ ដែលអាចឈានទៅដល់ការមានផ្ទៃពោះបាន។ បើគិតពីហេតុផលវិញ មានច្រើនគឺ ៖
- បុរសជាដៃគូមិនបានដកលិង្គមកខាងក្រៅទាន់ពេលវេលា និងជាប្រចាំនោះទេ ឬជួនកាលគាត់មិនបានដឹងឬចាប់អារម្មណ៍ ថាអាចបាញ់ចេញទឹកកាមពេលណានោះទេ
- ទឹករំអិលភេទដែលចេញមុនពេលបាញ់ទឹកកាមចេញ អាចមានផ្ទុកទៅដោយមេជីវិតស្ពែមម៉ាតូសូអ៊ីដ។
- បើនិយាយអំពីគុណប្រយោជន៍ វិធីបាញ់ទឹកកាមចេញក្រៅនេះមានផលប្រយោជន៍តិចតួចបំផុត គឺជាមធ្យោបាយងាយ មិនចំណាយថវិកា មិនមានផលប៉ះពាល់ជាដើម លើកលែងតែការអាចតាំងគភ៌ដោយចៃដន្យ។
សរុបសេចក្ដីមក វិធីបាញ់ទឹកកាមចេញក្រៅមិនអាចទប់ស្កាត់ការតាំងគភ៌ និងការឆ្លងមេរោគជម្ងឺកាមរោគបាននោះទេ។ ជារួមវាមិនមែនជាវិធីពន្យារកំណើតត្រឹមត្រូវ ប្រសិទ្ធភាព១០០%នោះទេ។ ហេតុនេះប្អូនស្រីមិនគួរទុកចិត្ដលើវិធីនេះឡើយ ក្នុងការពន្យារកំណើត។ វិធីនេះអាចមានប្រសិទ្ធភាពខ្ពស់ បើសិនជាអាចប្រើថ្នាំសម្លាប់មេជីវិតដាក់នៅក្នុងទ្វារមាសបន្ថែម។ បើប្អូនស្រីនៅតែមានចម្ងល់ អាចសាកសួរមកទស្សនាវដ្ដី សុខភាពយើង និងខ្ញុំបាទម្ដងទៀត ឬជួបជាមួយគ្រូពេទ្យជំនាញខាងពន្យារកំណើត។ សូមប្អូនស្រីជួបសំណាងល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply