ពេលមករដូវម្ដងៗ នាងខ្ញុំមានអារម្មណ៍មិនស្រួលក្នុងខ្លួនសោះ ហើយមានអាការឈឺចុកពោះទៀតផង។ តើមានវិធីអ្វីជួយ នាងខ្ញុំកុំឱ្យឈឺចាប់ និងមានអារម្មណ៍ស្រស់ស្រាយឬទេ? លោកស្រី ទ.ស.ន អាយុ៣៨ឆ្នាំ ខេត្ដកំពង់ចាម
វេជ្ជបណ្ឌិតយើងៈ ពេលមករដូវមានអាការរំខានខ្លះៗជារឿងធម្មតា។ ពិតជាមានវិធីជួយសម្រាលការឈឺចាប់ និងជួយឱ្យមានអារម្មណ៍ជ្រះថ្លាមួយចំនួន ដូចជាការលេបថ្នាំបំបាត់ការឈឺចាប់ ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារឱ្យបានត្រឹមត្រូវ បន្ដការរួមដំណេកជាធម្មតាជាដើម។ ដើម្បីទប់ទល់នឹងការឈឺចាប់ដែលសង្ស័យថាអាចកើតមាននៅពេលមករដូវនោះ បងស្រីត្រូវ លេបថ្នាំបំបាត់ការឈឺចាប់១ថ្ងៃ ឬ២ថ្ងៃមុនមករដូវ។ ព្រោះថាពេលជិតមករដូវ ខ្លួនមនុស្សស្រីចាប់ផ្ដើមបញ្ចេញសារធាតុអ័រម៉ូនប្រូស្ដា ក្លង់ឌីន ដែលជាដើមចមធ្វើឱ្យឈឺពោះ ជួនធ្វើឱ្យរាកទៀតផង។
ពេលមករដូវ បើបងស្រីទទួលអារម្មណ៍មិនល្អ ត្រូវខិតខំសម្រាកឱ្យបានច្រើន ជាពិសេសពេលថ្ងៃត្រង់ និងពេលរសៀល។ ហើយពេលយប់ សូមឆាប់ចូលដំណេកតាមដែលអាចធ្វើទៅបាន ទើបជាការប្រសើរ។ ចំពោះការទទួលទាន សូមពិសាចំណីអាហារណា ដែលសម្បូរជាតិសរសៃ ឬជាតិទឹក ដូចជាគ្រាប់ធុញ្ញជាតិ ផ្លែឈើ បន្លែជាដើម។ ព្រោះអាហារទាំងនោះជួយសម្រួលអារម្មណ៍តានតឹង ជាពិសេសទាក់ទងនឹងការបត់ជើងធំ។ ការរួមភេទពេលមករដូវ ពិតជាជួយសម្រាលអារម្មណ៍មិនល្អបានដែរ។ ការឈានដល់ចំណុចកំពូលនៃការរួមភេទ អាចជួយបំបាត់អាការឈឺពោះពេលមករដូវរបស់ស្ដ្រីបាន។ បើចង់យល់ដឹងលម្អិត សូមអានអត្ថបទ“ការរួមភេទ ពេលមករដូវ” ក្នុងទស្សនាវដ្ដីសុខភាពយើង លេខ០០៦ ខែកក្កដា ២០០៦។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply