“ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅឱ្យមើលផៅសន្ដាន” នេះជាពាក្យបុរាណខ្មែរពីយូរលង់ណាស់មកហើយ។ សម័យនេះមិនមែនជាសម័យ“នំមិនធំជាងនាឡិ”នោះទេ ជាសម័យទំនើបដែលបុរស និងនារីមានសិទ្ធិនៅក្នុងការជ្រើសរើសគូស្រករបានដោយខ្លួនឯង ចំណែកឯឪពុកម្ដាយគ្រាន់តែជាអ្នកណែនាំកូន ដើម្បីឱ្យកូនជ្រើសរើសគូស្រករឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ ការសម្រេចចិត្ដគឺស្ថិតនៅលើបុគ្គល។ ដូចនេះការជ្រើសរើសគូស្រករជាប្រការចាំបាច់ដែលនារីគ្រប់រូបត្រូវតែយកចិត្ដទុកដាក់ជាចម្បង។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកសាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា អនុប្រធានដេប៉ាទឺម៉ងប្រវត្ដិសាស្ដ្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដើម្បីបរិយាយលក្ខណៈបុរសដែលនារីជ្រើស រើសធ្វើជាស្វាមីឱ្យបានសមស្របទៅតាមសម័យកាលវិវឌ្ឍន៍នៃសង្គម។
បុរសដែលនារីជ្រើសរើស ជាបុរសប្រភេទណាខ្លះ?
នារីគ្រប់រូបតែងតែប្រាថ្នាបុរសដែលល្អ ចេះជួយទុក្ខធុរៈនារីដែលជាប្រពន្ធ ចេះឱ្យតម្លៃទៅលើនារីជាធំ។ មាននារីមួយចំនួន តែងតែឱ្យឪពុកម្ដាយជាអ្នកជ្រើសរើសគូស្រករសម្រាប់អនាគត ប៉ុន្ដែក៏មាននារីមួយចំនួនធំដែលជ្រើសរើសគូស្រករដោយខ្លួនឯង។ នារីប្រភេទនេះតែងតែសម្លឹងរកបុរសដែលមានលក្ខណៈដូចខាងក្រោម ៖
១ . សីលធម៌ល្អ ៖ បុរសដែលមានសីលធម៌ល្អជាបុរសដែលតែងតែស្ថិតនៅក្នុងកែវភ្នែករបស់នារីគ្រប់រូប ដែលមានដូចជា ៖
– ចេះគោរពមាតាបិតា ចាស់ទុំ ញាតិមិត្ដជិតខាង។
– ចរិតឫកពាស្លូត មិនកាចពេកមិនស្លូតពេក។
– មានចិត្ដស្មោះជាមួយភរិយា និងឱ្យតម្លៃភរិយា ឪពុកម្ដាយ បង ឬប្អូន។
– ចេះស្រឡាញ់គ្រួសារខាងស្រីក៏ដូចជាខាងប្រុស ដោយមិនមានចិត្ដលម្អៀង។
នារីគ្រប់រូបមិនប្រាថ្នាបុរសណាដែលចូលចិត្ដមើលងាយស្ដ្រីភេទ មើលងាយឪពុកម្ដាយ និងមើលងាយអ្នកទន់ខ្សោយនោះទេ។
២ . មិនប្រព្រឹត្ដអំពើពាលា ៖ ការប្រព្រឹត្ដអំពើពាលាវាជារឿងមួយដែលនាំមកនូវការវិនាសដល់ខ្លួន ដូចជាទ្រព្យសម្បត្ដិ ជាដើម។ ចំពោះសុភាពនារីក៏មិនជ្រើសរើសយកបុរសណាដែលចូលចិត្ដប្រព្រឹត្ដអំពើពាលាដែរដូចជា ៖
– ប្រមឹក ផឹកស្រា ឬគ្រឿងស្រវឹងជារឿយៗ។
– ដើរយប់ ដើររាំច្រៀង មានស្រីញី។
– ប្រព្រឹត្ដល្បែងស៊ីសងដែលនាំឱ្យវិនាសដល់ខ្លួន។
– សេពគប់មិត្ដមិនល្អ ដែលនាំទៅរកផ្លូវមិនល្អ ដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម។
៣ . បញ្ញាវាងវៃ ៖ ស្ដ្រីគ្រប់រូបតែងតែប្រាថ្នាចង់បានបុរសដែលមានចំណេះដឹងខ្ពស់ ទាំងគំនិតស្មារតី។ ព្រោះនាងតែង តែគិតថាបុរសជំពូកនេះជាបុរសដែលចេះគិតគូរពិចារណាបានវែងឆ្ងាយ អាចដឹកនាំគ្រួសារបានល្អដូចជា ៖
– ចេះអត់ធ្មត់ នៅពេលដែលមានបញ្ហាកើតឡើងចំពោះខ្លួន។ ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង នៅពេលដែលជួបនឹងការវិបាក អ្វីមួយ។
– ចេះគិត និងពិចារណាវែងឆ្ងាយ ចេះបែងចែកច្បាស់លាស់ មិនធ្វើអ្វីទៅតាមចិត្ដរបស់ខ្លួនឯង ពេលជួបនឹងឧបសគ្គចេះ ដោះស្រាយបានល្អ។
– ក្លាហាន មានគំនិតច្នៃប្រឌិត ឆ្លាត អាចផ្គត់ផ្គង់គ្រួសារបាន ហ៊ានទទួលខុសត្រូវនូវទង្វើរបស់ខ្លួន អាចធ្វើជាឪពុកដ៏ល្អ និងប្ដីដ៏ល្អ អាចដឹកនាំគ្រួសារបានល្អនៅពេលថ្ងៃអនាគត។ ជាពិសេសជាបុរសចេះជួយសង្គមជាតិ អាចធ្វើជាគំរូដ៏ល្អសម្រាប់ក្មេងជំនាន់ក្រោយ។
– ពូកែយកចិត្ដភរិយា ចេះលួងលោមភរិយា ដោយសម្ដីពិរោះ មិនទ្រគោះបោះបោក ជួយលើកទឹកចិត្ដភរិយា។
៤ . ការងារល្អ ៖ ស្ដ្រីណាក៏ប្រាថ្នាបុរសដែលមានការងារល្អធ្វើដែរ មិនប្រាថ្នាបុរសដែលគ្មានការងារច្បាស់លាស់នោះទេ។ ព្រោះការងារជាកត្ដាចាំបាច់បំផុតសម្រាប់ការរស់នៅក្នុងសង្គម។ បុរសដែលមានការងារធ្វើអាចផ្គត់ផ្គង់គ្រួសារបាន ថែមទាំងធ្វើ ឱ្យគ្រួសារមានសុភមង្គលបានថែមទៀតផង។
៥ . ទ្រព្យសម្បត្ដិ ៖ ទ្រព្យសម្បត្ដិក៏ជាចំណុចមួយដ៏សំខាន់សម្រាប់នារីផងដែរ ព្រោះមាននារីមួយចំនួនមិនសូវជាមាន សមត្ថភាពនៅក្នុងការស្វែងរកប្រាក់បានដូចបុរសទេ។ ហើយអ្វីដែលពិសេសនេះគឺនារីជាអ្នកគ្រប់គ្រងទ្រព្យសម្បត្ដិ នៅពេលអនាគត ដូចនេះទ្រព្យសម្បត្ដិគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ស្ដ្រីមេផ្ទះ។
៦ . រូបសម្បត្ដិ ៖ នារីមួយចំនួនតែងតែប្រាថ្នាបុរសដែលមានរូបរាងស្អាត សង្ហា មានកាយសម្បទាគ្រប់គ្រាន់។ ប៉ុន្ដែក៏ នៅមាននារីមួយចំនួនដែលជ្រើសរើសយកបុរសដែលមិនមានកាយសម្បទាគ្រប់គ្រាន់ ដោយសារតែបុរសនោះមាននូវសីលធម៌ សមត្ថភាព ចំណេះដឹងខ្ពស់ ការងារល្អ ចរិតល្អ ចេះឱ្យតម្លៃទៅលើនារី។ ចំណែកឯបុរសដែលមានរូបរាងសង្ហាតែមិនមានសមត្ថភាព មិនមានសីលធម៌ មិនចេះឱ្យតម្លៃទៅលើនារីនោះ នារីនឹងមិនសម្រេចចិត្ដជ្រើសរើសយកបុរសប្រភេទនេះឡើយ។
ដំបូន្មានផ្ដល់ប្រឹក្សា
នារីត្រូវតែចេះឱ្យតម្លៃខ្លួនឱ្យខ្ពស់ជាងបុរស ត្រូវរៀបខ្លួនឱ្យបានត្រឹមត្រូវ មុននឹងធ្វើការជ្រើសរើសគូស្រករ ទាំង សម្លៀកបំពាក់ ទាំងការនិយាយស្ដី ទាំងការរៀបចំទុកដាក់នៅក្នុងផ្ទះ មិននាំខ្លួនឱ្យធ្វើខុស ឬប្រាសចាកនឹងប្រពៃណី ដែលពាក្យ ចាស់លោកពោលថា កុំឱ្យទុំមុនស្រគាល។ បើសិនជានារីមិនចេះរៀបចំខ្លួនឱ្យបានត្រឹមត្រូវនោះ ងាយនឹងបាត់បង់នូវបុរសដែលបានរៀបរាប់ខាងលើ។ ដូចនេះដើម្បីជ្រើសរើសបុរសដែលល្អបាន នារីត្រូវតែចេះរៀបចំខ្លួនឯងឱ្យបានល្អជាមុនសិន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply