ភរិយាខ្ញុំបាទទើបតែមានកូនដំបូង ហើយទើបតែសម្រាលរួចបានរយៈពេល២ខែ។ នាងមិនសូវសម្បូរទឹកដោះទេ ដូច្នេះកូន របស់ខ្ញុំបាទត្រូវបៅទឹកដោះគោបន្ថែម។ តើខ្ញុំបាទអាចបន្ដក់ទឹកបន្ថែមឱ្យកូនបានឬទេ? លោក ហ.ស.ភ អាយុ២៤ឆ្នាំ ខេត្ដបាត់ដំបង
វេជ្ជបណ្ឌិតយើងៈ ថ្មីៗនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរឱ្យបំបៅកូន ដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលកើតរហូតដល់រយៈពេល៦ខែ។ លើសពី៦ខែ ទើបឪពុកម្ដាយត្រូវបន្ថែមចំណីអាហារ ផ្សេងទៀតដល់កូន។ ចំពោះករណីភរិយាប្អូនប្រុសមិនសូវសម្បូរទឹកដោះ គឺគ្មានជម្រើសអ្វីក្រៅពីឱ្យកូនបៅទឹកដោះគោបន្ថែមនោះទេ ។ តាមធម្មតាទឹកដោះគោសម្រាប់កូនបៅមានក្បួនខ្នាតលាយរបស់វា ត្រូវដាក់ម្សៅទឹកដោះគោប៉ុន្មាន លាយជាមួយនឹងទឹកចំនួនប៉ុន្មាន។ បើសិនជាលាយបានត្រឹមត្រូវតាមខ្នាតកំណត់ ពិតជាមិនមានបញ្ហាទេ។ ដូច្នេះនៅក្នុងទឹកដោះគោដែលលាយតាមខ្នាតត្រឹមត្រូវមានបរិមាណ និងគុណភាពម្សៅទឹកដោះគោ និងជាតិទឹកគ្រប់គ្រាន់ទៅហើយ។ ការដាក់ទឹកលាយជាមួយទឹកដោះគោច្រើនពេក ដាក់ទឹកជ្រុលនាំឱ្យរាវពេក នាំឱ្យបាត់បង់គុណភាព ពិតជាមិនត្រឹមត្រូវ និងមិនគួរធ្វើឡើយ។ ព្រោះថាការដាក់ទឹកច្រើនជ្រុលទៅក្នុងទឹកដោះគោ អាចធ្វើឱ្យបាត់បង់គុណភាពទឹកដោះគោ នាំឱ្យកូនបៅទឹកដោះគោច្រើន តែមិនមានកម្រិតសារធាតុចិញ្ចឹមគ្រប់គ្រាន់។ បងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាយល់ថាក្រោយពីបៅទឹកដោះគោ ឬពីបៅដោះម្ដាយ ត្រូវបន្ដក់ទឹកឱ្យកូនដើម្បីឱ្យជ្រះក។ ការបន្ដក់ទឹកពីរ បីតំណក់ ពិតជាគ្មានបញ្ហាទេ។ តែការបន្ដក់ទឹកឱ្យកូនច្រើនពេក មិនគួរធ្វើឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply