ព្រះមហាក្សត្រ​យាង​ចូលរួម​ប្រារព​ពិធី​រំលឹកខួប​លើកទី​២០ឆ្នាំ​មន្ទីរពេទ្យគន្ឋបុប្ផា​ជាផ្លួវការ

ព្រះមហាក្សត្រ​កម្ពុជា​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី កាលពីព្រឹក​ថ្ងៃសៅរ៍ ទី២២ កញ្ញា​បានយាង​ចូលរួម​ក្នុង​ព្រះរាជពិធី​រំលឹកខួប​លើកទី២០​នៃការ​​បង្កើត​មន្ទីរពេទ្យ​គន្ឋបុប្ផា និង​សម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​IRM​នៅមន្ទី​រ​ពេទ្យ​គន្ឋបុប្ផា​ទី៥។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​សាស្រ្តាចារ្យ បេអាត​ រីចនើ(Beat Richner)ស្ថាបនិក​មន្ទីរពេទ្យគន្ឋ​បុប្ផា និង​ជាប្រ​ធាន​មូលនិធិ​គន្ឋបុប្ផា​បានមាន​ប្រសាសន៍ រំលឹក​ពីការ​កកើត​មន្ទីរពេ​ទ្យ​គន្ឋបុប្ផា និង​ប្រវត្តិ​លោក​បានមក​កាន់​ប្រទេស​នេះ ជាលើក​តំបូង​នៅឆ្នាំ​១៩៧៤ និង​ចាកចេញ​មុន​របបខ្មែរ​ក្រហម​ចូល​មកដល់។ លោកបន្ត​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​ស្វីស​បានជួយ​បង្កើន​ថវិការ​ដល់​មន្ទីរពេទ្យ​នេះពី​៣ទៅ៤លានដុល្លារ​ស្វីសហ្រ្វង់ ហើយ​លោក​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា​នឹងជួយ​បង្កើន​ទឹកប្រាក់​ពី​២លាន​ដល់៤លានដុល្លារ​ក្នុងមួយ​ឆ្នាំ។

លោកបន្ត​ថា “ខ្ញុំសូម​អរគុណ​សម្តេចហ៊ុន សែន ដែល​បានផ្តល់​ថវិការ​១លា​នដុល្លារ​តាមរយៈ​ក្រសួង​សុខាភិបាល លោក​ជំទាវ​គតិព្រឹត្តិ​បណ្ឌិត ប៊ុន​ រ៉ានីហ៊ុនសែន​ប្រធាន​កាកបាត​ក្រហម​កម្ពុជា បាន​ឧបត្ថម្ភ​១លាន​ដុល្លារ និង​អរគុណដល់​លោក​ជំទាវ ហ៊ុន ម៉ាណា ដែលបាន​ជួយ​ឧបត្ថម្ភ​ចំនួន​៣០០.០០០ដុល្លារ និង​សន្យា​បន្តជួយ​រកជំនួយ​បន្តទៀត ”។

លោកបន្ត​ថា “ខ្ញុំ​សង្ឃឹមថា​សហគមន៍​ជាតិ អន្តរជាតិ​គួរជួយ​ដល់​មន្ទីរពេទ្យ​គន្ឋបុប្ផា ហើយ​ខ្ញុំក៏​សង្ឃឹមថា​សហគមន៍​អាស៊ាន​នឹងជួយ​ដល់មន្ទីរពេទ្យនេះ​ផងដែរ ព្រោះ​កុមារខ្មែរ​នៅតែ​ក្រីក្រ​មិនមាន​លទ្ឋភាព​បង់ប្រាក់​នោះទេ”។ លោក​បន្ថែម​ថា “ឥទ្បូវនេះ​ខ្ញុំអាច​លេង​សែលទ្បូ​បាន ប៉ុន្តែ​ប្រហែល​រយៈពេល​៥ឆ្នាំទៀត​ខ្ញុំ​លេង​​លែង​កើត ខណៈ​មន្ទីរពេទ្យ​ត្រូវការ​ថវិការ​សម្រាប់​រយៈពេល​២០ឆ្នាំ​ខាងមុខ​​ទៀត ហេតុនេះ​ខ្ញុំសង្ឃឹម​ថាសហគមន័​ជាតិ អន្តរជាតិ រដ្ឋាភិបាល​នឹងជួយ​ដល់​​ដំណើរការ​របស់​មន្ទីរពេទ្យ​នេះ ”។

ក្នុង​រយៈពេល​២០ឆ្នាំ​កន្លងមក​នេះ​មន្ទីរពេទ្យ​បាន​ទទួល​កុមារ​ចូលមក​សម្រា​​ក​ព្យាបាល​ជាង១.៣៥០.០០០នាក់ និង​ពិគ្រោះ​ជម្ងឺ​ក្រៅជាង​១១លាននាក់​ និង​ចំណាយ​ថវិការ​សរុប​ចំនួន​៤៦៥​លានដុល្លារ។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានមាន​ប្រសា​សន៍​ថា ការ​សម្រេច​បាននូវ​សមិទ្ឋិផល​ធំៗ របស់​មន្ទីរពេទ្យ​គន្ឋបុប្ផា​ក្នុង​រយៈពេល​២០ឆ្នាំ​កន្លងមក​នេះ គឺ​ដោយសា​ទេពកោសល្យ និងការ​ខិតខំ​ប្រឹងប្រែង​​មិនចេះ​នឿយហត់​របស់លោក​សាស្រ្តាចារ្យ Beat Richner ដែល​សមិទ្ឋិផល​នេះ ឆ្លើយតប​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន​ជាប្រមុខ ដែល​ដាក់ចេញ​នូវ​គោល​នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ និង​កាត់បន្ថយ​អត្រា​ស្លា​ប់​របស់​មាតា និង​ទារក។

លោកបន្ត​ថា “សមិទ្ឋិផល​នេះ ក៏​មិនអាច​កាត់ផ្តាច់​ចេញពីការ​ជួយ​ជ្រោម​ជ្រែង បូជា​កំលាំង​កាយចិត្ត ពីថ្នាក់​ដឹកនាំ និង​បុគ្គលិក​ទាំងអស់​របស់​មន្ទីរពេទ្យ​នេះ និង​សូមមេត្តា​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់ជួយ​ព្យាបាល ថែរទាំ​និងផ្តល់​ភាព​កក់​ក្តៅ​ដល់កុមារ​បន្ថែមទៀត ”។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ក្នុង​ឳកាសនោះ​ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​ថ្លែង​អំណរគុណ​ដល់​សប្បុ​រស​ជនជាតិ​ អន្តរជាតិ​ដែលបាន​ឧបត្ថម្ភ​គាំទ្រ​មន្ទីរពេទ្យ ក្នុង​រយៈពេល​២០ឆ្នាំ​កន្លងមក និង​បានថ្លែង​អំណរគុណ​ដល់​សម្តេច​អគ្គមហា​សេនាបតី​តេជោហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលបាន​ឧបត្ថម្ភ​ថវិការ​ជាច្រើន​លានដុល្លារ​ក្នុងមួយឆ្នាំៗ​ដល់​មន្ទីរពេទ្យ​នេះ។ អរគុណ​ដល់​លោកជំទាវ​គតិព្រឹទ្ឋិ​​បណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធា​ន​កាកបាត​ក្រហម​កម្ពុជា ដែលបាន​ឧបត្ថម្ភ​ថវិការ​១លាន​ដុល្លារ និង​លោក​ស្រីហ៊ុន ម៉ាណា ប្រធាន​មូលនិធិ​បាយ័ន​និង​ជាអគ្គនាយក​វិទ្យុ​និង​ទូរទស្ស​ន៍​​បាយ័ន ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យនេះ​ចំនួន​៣០០០០០​​ដុល្លារ​អាមេរិក។

សម្តេច​ព្រះមរបនាថនរោត្តម សីហមុនី​បានមាន​បនញទូល​បន្តថា “ការ​ថែររក្សា​សុខមាលភាព​សង្គម​ជាភារៈកិច្ច​សំខាន់ ដែលយើង​ទាំអស់គ្នា​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់ អភិវឌ្ឈន៍​ឲ្យបាន​កាន់តែ​ប្រសើរ សំដៅ​ថែររក្សា​ការពារ និង​ព្យាបាល​សុខភាព​ជូន​ប្រជារាស្រ្ត​នៅទូទាំង​ប្រទេស”។ ព្រះអង្គ​មាន​បន្ទូលបន្ត​ថា “ព្រះករុណា​ព្រះមហាវីរក្សត្រ និង​ព្រះសម្តេច​អគ្គមហេសី ជាទីគោរព​ដ៏ខ្ពង់ខ្ពស់ ព្រះអង្គ​តែង​ប្រោស​ព្រះរាជទាន​ការលើក​ទឹកចិត្ត ដល់ការ​ថែរសុខភាព​របស់​ប្រជានុរាស្រ្ត កូន​ចៅ​ចៅទួត​របស់​ព្រះអង្គ ពិសេស​ចំពោះ​កុមារ​និង​ស្រ្តី ”។

ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រះអង្គបា​ន​ប្រោស​ព្រះរាជ​ឧបត្ថម្ភ​ផ្ទៃដី​មួយចំនែក​នៃ​ព្រះបរម​រាជវាំង និង​ព្រះរាជ​ទ្រព្យ​មួយចំ​នួន​ដល់លោក​សាស្រ្តាចារ្យ Beat Richner ដើម្បី​កសាង​មន្ទីរពេទ្យគន្ឋបុប្ផា​ទី១ រហូតដល់​ទី៥ ដែល​ជាការ​ចូលរួម​លើក​កំពស់​សុខភាព​កុមារ​ជាកូន​ចៅ ចៅទួត​​របស់​ព្រះអង្គ។

ព្រះអង្គ​បាន​ប្រទាន​នូវ​ព្រះរាជទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ​ចំនួន​១០.០០០ដុល្លា​រដល់​លោក​សាស្រ្តាចារ្យ Beat ​Richner​ផងដែរ។​

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *