ស្ដ្រីគ្រប់រូបគួរតែមានគំនិតច្នៃប្រឌិតដ៏ល្អមួយសម្រាប់ការរៀបចំផ្ទះ ជាពិសេសការរៀបចំកម្រាលពូក។ ការរៀបចំកម្រាលពូកឱ្យបានត្រឹមត្រូវធ្វើឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយពុំបាច់បារម្ភអំពីផលប៉ះពាល់ ហើយអាចធ្វើឱ្យ កម្រាលពូកអាចរក្សាទុកបានយូរទៀតផង។ មិត្ដនារីទាំងអស់ប្រហែលជាគិតថា តើធ្វើដូចម្ដេចដើម្បីជ្រើសរើសកម្រាលពូកលោកអ្នកអាចរក្សាទុកបានល្អ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី សាពណ៌ ម៉ូដែនលីង អេជិនស៊ី ប្រាប់អំពីរបៀបជ្រើសរើសកម្រាលពូក ដើម្បីឱ្យលោកអ្នកនាងកញ្ញាងាយស្រួលនៅក្នុងការជ្រើសរើសកម្រាលពូក។
របៀបជ្រើសរើសកម្រាលពូក
មិត្ដនារីទាំងអស់គួរតែជ្រើសរើសកម្រាលពូកផ្កា និងពណ៌ទៅតាមចំណង់ចំណូលចិត្ដអ្នកនាងកញ្ញា ឬក៏ក្រុមគ្រួសាររបស់ លោកអ្នកផ្ទាល់។ ព្រោះកម្រាលពូកមានច្រើនប្រភេទដែលធ្វើឱ្យស្ដ្រីគ្រប់រូបពិបាកនៅក្នុងការជ្រើសរើសពណ៌សឬពណ៌សាច់។ បើ លោកអ្នកនាងកញ្ញាជ្រើសរើសកម្រាលពូកដែលមានផ្កា ឬដែលមានពណ៌ច្រើនលាយគ្នា នៅពេលដែលបោកគក់ អាចធ្វើឱ្យចេញពណ៌ ប្រឡាក់មើលទៅមិនស្អាត។ ជាពិសេសមិត្ដនារីត្រូវជ្រើសរើសកម្រាលពូកទៅតាមប្រភេទនៃគ្រែគេងរបស់លោកអ្នកនាងកញ្ញាផង ដែរ។ សម្រាប់អ្នកដែលមានជីវភាពធូរធារ បន្ទប់គេងគឺធំទូលាយ ចាំបាច់ត្រូវជ្រើសរើសកម្រាលពូកដែលមានផាសុកភាព និងសោភ័ណ ដូចជាត្រូវប្រើពណ៌ស នៅពេលដែលចូលទៅសម្រាកធ្វើឱ្យមានអារម្មណ៍បរិសុទ្ធ ស្រស់ថ្លា ស្រឡះមុខមាត់។ តែបើមិត្ដនារី ជ្រើសរើសកម្រាលពូកដែលមានជាផ្កាចម្រុះពណ៌មើលទៅរញ៉េរញ៉ៃរីកស្គុះស្គាយបន្ដិច តែគឺតម្រូវទៅតាមចំណង់ចំណូលចិត្ដរបស់ លោកអ្នកនាងកញ្ញាផងដែរ។ បើសិនជាមិត្ដនារីដែលជាមេផ្ទះវ័យចំណាស់ គួរតែជ្រើសរើសកម្រាលពូកដែលស្រគត់ស្រគំមើលទៅត្រជាក់ភ្នែក។
សារៈប្រយោជន៍ និងផលប៉ះពាល់ក្នុងការជ្រើសរើសកម្រាលពូក
កម្រាលពូកអាចផ្ដល់អត្ថប្រយោជន៍ធ្វើឱ្យលោកអ្នកនាងកញ្ញាបានធូរស្បើយ សប្បាយចិត្ដ មានផាសុកភាពល្អ នៅពេល ដែលចូលបន្ទប់គេងមានអារម្មណ៍ស្រស់ថ្លា ត្រជាក់ចិត្ដ។
ប៉ុន្ដែនៅពេលដែលស្ដ្រីមេផ្ទះជ្រើសរើសកម្រាលពូកមិនបានត្រឹមត្រូវ ពណ៌ស្រស់ឆើតឆាយ ធ្វើឱ្យអារម្មណ៍របស់លោកអ្នកនាងកញ្ញាមិនបានសម្រាកដូចគ្នា។ តែបើជ្រើសរើសយកពណ៌ស ឬពណ៌សាច់គឺចិត្ដរបស់លោកអ្នកនាងកញ្ញាបរិសុទ្ធទៅតាមពណ៌ ទាំងនោះ ហើយងាយស្រួលនៅក្នុងការបោកគក់ ព្រោះស្ដ្រីមេផ្ទះសម្អាតអាចមើលឃើញស្នាមប្រឡាក់ដោយភ្នែកទទេបាន។
ដំបូន្មានរបស់អ្នកជំនាញ
ស្ដ្រីមេផ្ទះទាំងអស់ចង់ឱ្យការរស់នៅមានភាពស្រស់ថ្លា។ នៅពេលដែលលោកអ្នកនាងកញ្ញាដាក់ក្បាលនៅលើខ្នើយមាន អារម្មណ៍ល្អ។ ហេតុនេះគួរតែជ្រើសរើសពណ៌ដែលស្រគត់ស្រគំមិនឆើតឆាយ ជាពិសេសពណ៌សាច់ និងពណ៌ស គឺមានសារៈសំខាន់បំផុតនៅក្នុងការរស់នៅរបស់មនុស្ស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply