បើទោះជាជម្ងឺអេដស៍ ត្រូវបានគេចាប់អារម្មណ៍ច្រើនជាងគេក៏ដោយ ប៉ុន្តែជម្ងឺកាមរោគដទៃទៀត ដូចជាជំងឺប្រមេះទឹកបាយក៏ជាជម្ងឺបង្កផលវិបាកជាច្រើនដល់បុគ្គល និងដល់ទារកក្នុងផ្ទៃទៀតផងប្រសិនជាម្តាយបានឆ្លងមេរោគនេះ។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងជាអ្នកឯកទេសផ្នែកជម្ងឺកាមរោគ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ទី២៤ កញ្ញាកន្លងមកថា ជម្ងឺប្រមេះទឹកបាយឆ្លងតាមរយៈការរួមភេទ ហើយប្រសិនជាបុរសមានជំងឺនេះ ពួកគេនឹងបង្កការចម្លងទៅដៃគូរួមភេទរបស់ខ្លួនបាន ប្រសិនជាមិនបានទទួលការព្យាបាលឲ្យបានសះស្បើយជាមុន។ លោកបន្តថា ជម្ងឺនេះក៏បង្កឲ្យទារកក្នុងផ្ទៃរលាកភ្នែក និងអាចឈានទៅពិកាភ្នែកបានផងដែរ ប្រសិនជាម្តាយដែលមានផ្ទៃពោះបានឆ្លងមេរោគនេះ ដោយមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។
លោកបន្តថា គេអាចដឹងពីការឆ្លងមេរោគ និងកើតជម្ងឺនេះ តាមរយៈរោគសញ្ញាមួយចំនួនដូចជា ក្រហាយក្នុងបង្ហួរនោម ពិបាកជុះនោម និងមានហូរខ្ទុះឬទឹកព៌ណស ដូចជាទឹកបាយចេញពីប្រដាប់បន្តពូជ។ អ្នកឆ្លងមេរោគនេះជាក្រុមមនុស្សមានភាពស៊ាំខ្សោយ និងដាច់រលាត់នៅពេលរួមភេទ។ អ្នកឆ្លងមេរោគនេះ មិនគិតស្រីឬប្រុសទ្បើយ ។
លោក ចាន់ វិចិត្រ បានបន្តថា ជម្ងឺប្រមេះទឹកបាយជាជម្ងឺដែលយើងឧស្សាហ៍ជួបញឹកញាប់ជាងគេ ក្នុងចំណោមជម្ងឺកាមរោគដទៃទៀត ប៉ុន្តែលោកមិនអាចបញ្ជាក់ពីទិន្នន័យជម្ងឺនេះ ថាមានប៉ុន្មានភាគរយនៃជម្ងឺកាមរោគសរុបទ្បើយ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply