មន្ទីរពេទ្យ​រុស្សី​ពង្រឹង​ការ​ផ្តល់​សេវា​របស់ខ្លួន​ប្រកប​ដោយ​គុណភាព​​ឆ្លើយតប​នឹង​​គោ​ល​នយោបាយ​​រដ្ឋាភិបាល

មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត​(រុស្សី)​បាននិង​កំពុង​ពង្រឹង​គុណភាព​សេវា​របស់ខ្លួន ដើម្បី​ឆ្លើយតប​តាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្ររបស់​​រាជរដ្ឋាភិបាល និង​ទប់ស្កាត់​លំហូរ​ប្រជាជន​ចេញទៅ​ព្យាបាល​នៅក្រៅប្រទេស។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត​បានមាន​ប្រ​សាសន៍​ឲ្យដឹង​កាលពី​ល្ងាចថ្ងៃ​អង្គារ ទី២៥ កញ្ញា​កន្លងមក​ថា ចាប់តាំង​ពីមន្ទីរពេទ្យ​បានក្លាយជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ មន្ទីរពេទ្យ​បាននិង​កំពុង​ខិតខំ​ធ្វើយ៉ាង​ណា​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​គុណភាព ប្រសិទ្ឋិភាព​ក្នុងការ​ព្យាបាល និង​ប្រ​កាន់ខ្ជាប់​ក្រមសីលធ៌ម​វិជ្ជាជីវៈ​របស់​ខ្លួន។ លោកបន្ត​ថា មន្ទីរពេទ្យ​នេះមាន​ជំនាញ​​ឯកទេស​ចំនួន២២​ផ្នែក ដែលអាច​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​ទិសទី​ទូទាំង​ប្រទេស។

ជំនាញ​ទាំងនោះ​មានដូចជា ផ្នែក​សង្រ្គោះ​បន្ទាន់ វះកាត់​គ្រប់ផ្នែក សុខភាព​​ផ្លូវចិត្ត ប្រព័ន្ឋ​ប្រាសាទ មហារីក ជំងឺភ្នែក​គ្រប់ប្រភេទ ជំង​សើរស្បែក និង​កាម​រោគ ជំងឺ​សួត ជំងឺ​ក្រពះ ពោះវៀន បេះដូង រោគស្រ្តី និង​សម្ភព ជំងឺមាត់​ធ្មេញ​ជា​ដើម ដែលផ្នែក​និមួយៗ​មាន​គ្រូពេទ្យ​ឯកទេស ដែលសុទ្ឋ​បញ្ចប់ការ​សិក្សា​នៅបរទេ​ស​រង់ចាំ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ។

លោក​វេជ្ជបណ្ឌិត ងី ម៉េង បានបន្ត​ថា “ខ្ញុំ​សំណូមពរ​ប្រជាពលរដ្ឋ​កម្ពុជា​សូម​ប្រើប្រាស់​មន្ទីរពេទ្យ​ក្នុងស្រុក​ឲ្យអស់​លទ្ឋភាព​សិន មុន​ចេញទៅ​ពិនិត្យព្យាបាល​នៅក្រៅ​ប្រទេស ដើម្បី​សន្សំ​ថវិការ ពេលវេលា​ក៏ដូចជា​កុំឲ្យ​មានលំហូរ​សេដ្ឋកិច្ច​ទៅ​ប្រទេស​របស់គ ”។ លោក​បន្ថែមថា “មន្ទីរពេទ្យ​បាននិង​កំពុង​ព្យាបាល​ជូនអ្នក​ជំងឺ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ តាមរយៈ​មូលនិធិ​សមធ៌ម​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាង​ណា​ចូលរួមកា​ត់បន្ថយ​ភាពក្រីក្រ​របស់ប្រ​ជាពលរដ្ឋ ”។

បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ មាន​បុគ្គលិក​ដែលជា​គ្រូពេទ្យ​ឯកទេស វេជ្ជបណ្ឌិត គិលាបដ្ឋាក គិលា​នុបដ្ឋាកយិកា អ្នក​ជំនាញ​មន្ទីរ​ពិសោធន៍ និង​បុគ្គលិក​ពាក់ព័ន្ឋ​ជាច្រើន​ទៀត​ចំនួន​៧៧៨នាក់។

លោក​នាយក​មន្ទីរពេទ្យ​ដដែល​បានបន្ត​ថា “ជោគជ័យ​របស់​គ្រូពេទ្យ​គឺការ​ពិនិត្យព្យាបាល​ជូនប្រ​ជាពលរដ្ឋ​ដោយ​គុណភាព ទើបយើង​បាននិង​កំពុង​ពង្រឹង​ក្រមសីលធ៌ម សេវា​ព្យាបាល​ប្រកបដោយ​វិជ្ជាជីវៈ ”។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក ងី ម៉េង បាន​បន្តថា មន្ទីរពេទ្យ​បាននិង​កំពុង​ពង្រឹ​ង​សមត្ថភាព​គ្រូពេទ្យ និង​ពង្រីក​ការទិញ​សម្ភារៈ ឧបករណ៍​ទំនើបៗ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​របស់​មន្ទីរពេទ្យ ក៏ដូចជា​បំរើ​ក្នុងការ​ប្រើប្រាស់​លើ​ការ​វិនិច្ឆ័យ​រក​ប្រភព​ជំងឺ​របស់​ប្រជាពលរដ្ឋ។ លោក​បន្តថា ដោយមាន​ការ​គាំទ្រ និង​ឧបត្ថម្ភ​ពីក្រសួង​សុខាភិបាល យើងបាន​និងកំពុង​អនុវត្ត​តាម​គោលនយោបាយ តាម​ផែនការ​យុទ្ឋសាស្រ្ត​របស់​ក្រសួង ដោយយក​ប្រាក់ពី​អ្នកមាន​លទ្ឋភាព​ខ្ពស់មក​ជួយ​ដល់អ្នក​ជំងឺ​ក្រីក្រ ដើម្បី​ផ្តល់ការ​ព្យាបាល​ប្រកប​ដោយ​សមធ៌ម និង​ផ្តល់​សេវា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ឋិភាព​ខ្ពស់។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *