នៅពេលធ្វើការងារកាន់តែមមាញឹក លោកអ្នកតែងមានអារម្មណ៍មួរហ្មង គួបផ្សំនឹងវ័យកាន់តែវិវត្ដន៍ លោកអ្នកតែងមាន អាការចុករោយដៃជើង ស្ពឹកស្រពន់ខ្លួនប្រាណជាមិនខាន។ ការធ្វើម៉ាស្សាចាប់សរសៃអាចជួយបំបាត់ការឈឺសន្លាក់ ការចុករោយខ្លួន ប្រាណ និងជួយបំបាត់ស្ដ្រេស។ ការម៉ាស្សាចាប់សរសៃនេះវិធីសាស្ដ្រមួយកំពុងពេញនិយមសម្រាប់មនុស្សនាសម័យបច្ចុប្បន្ន។ ម៉ាស្សា មានប្រយោជន៍អ្វីខ្លះ?
សូមប្រិយមិត្ដអ្នកអានធ្វើការស្វែងយល់ពីវិធីសាស្ដ្រនៃការធ្វើម៉ាស្សានេះ ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការជួបសម្ភាសន៍ជាមួយលោកស្រី ហេង ជាន ម្ចាស់ហាងកែសម្ផស្សប៊ីប៊ី។
របៀបធ្វើម៉ាស្សាចាប់សរសៃ
ការម៉ាស្សាចាប់សរសៃជាបច្ចេកទេសមួយដែលប្រើដៃ ម្រាមដៃដើម្បីបំបាត់ឬព្យាបាលការឈឺសន្លាក់ដៃ សន្លាក់ជើង ចុករោយខ្លួនប្រាណ បំបាត់អាការស្ពឹកស្រពន់នានាជាដើម។ ដំណាក់កាលដំបូងអ្នកជំនាញធ្វើម៉ាស្សាចាប់យកក្រែមមានជាតិប្រេង ឬហឹរតិចមកលាបលើកន្លែងដែលត្រូវម៉ាស្សា។ នៅពេលម៉ាស្សា គេចាំបាច់ត្រូវប្រើក្រែមប្រភេទនេះ ដើម្បីឱ្យសរសៃទន់ ស្បែកមានជាតិសំណើមងាយស្រួលក្នុងការធ្វើម៉ាស្សាចាប់សរសៃ និងធ្វើឱ្យក្ដៅស្រួលខ្លួនផង។ ប្រសិនបើយើងមិនប្រើក្រែមទេ ស្បែកអាចរលាក ឬរលាត់នៅពេលធ្វើម៉ាស្សា។ បន្ទាប់មកទើបអ្នកជំនាញយកម្រាមដៃឈ្លីលើកន្លែងដែលត្រូវម៉ាស្សា ដូចជាដងខ្លួន ដៃជើង បាតដៃ បាតជើងជាដើម ដោយធ្វើចលនាយឺតៗតាមបច្ចេកទេសម៉ាស្សាចាប់សរសៃ។
អត្ថប្រយោជន៍នៃការធ្វើម៉ាស្សា
ការម៉ាស្សាអាចជួយសម្រួលឱ្យសរសៃយឺត ឈាមដើរស្រួល និងបំបាត់នូវការតានតឹងក្នុងអារម្មណ៍ផងដែរ។ សម្រាប់អ្នក ដែលអង្គុយធ្វើការងារច្រើន ការងារមមាញឹក មិនមានពេលគ្រប់គ្រាន់ក្នុងការហាត់ប្រាណ ដើម្បីថែរក្សាសុខភាព ជាពិសេសទប់ស្កាត់ ការចុករោយខ្លួនប្រាណ អាចធ្វើការម៉ាស្សានេះដើមី្បឱ្យស្រួលខ្លួនឡើងវិញ។ លោកអ្នកដែលធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់យូរពេក អាចធ្វើឱ្យមិនស្រួលខ្លួន មិនបែកញើស ត្រូវធ្វើម៉ាស្សាហើយស្ទីមខ្លួនដើមី្បឱ្យបែកញើស បញ្ចេញជាតិពុលពីក្នុងខ្លួនដើម្បីឱ្យស្រួលខ្លួន។ នៅពេលធ្វើម៉ាស្សាខ្លួនហើយ គេច្រើនស្ទីមខ្លួនជាមួយជាតិថ្នាំ ដើម្បីឱ្យបែកញើស បញ្ចេញជាតិពុល និងជួយឱ្យសរសៃឈាមរត់ស្រួលផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
ការម៉ាស្សាចាប់សរសៃអាចធ្វើទៅបាន ហើយប្រសិទ្ធភាពចំពោះលោកអ្នកដែលមានអាការឈឺសន្លាក់បន្ដិចបន្ដួចប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានជម្ងឺសន្លាក់់ធ្ងន់ធ្ងរ ការធ្វើម៉ាស្សាមិនមានប្រសិទ្ធភាពទេ លោកអ្នកគួរប្រញាប់អញ្ជើញទៅជួបពិគ្រោះជាមួយ គ្រូពេទ្យជំនាញ។ ម្យ៉ាងទៀតលោកអ្នកគួរស្វែងរកសេវាចាប់សរសៃដែលមានជំនាញច្បាស់លាស់។ បើជ្រើសរើសយកការថែរក្សាសុខ ភាព តាមបែបស្ទីម និងម៉ាស្សាគួរធ្វើក្នុងមួយសប្ដាហ៍ពីរដងជាការប្រសើរ។ ជាងនេះទៅទៀតលោកអ្នកគួរហាត់ប្រាណបន្ថែមដើម្បី ឱ្យសុខភាពរបស់លោកអ្នកកាន់តែរឹងមាំ មានអាយុកាន់តែយឺនយូរ និងសម្រស់ស្រស់ស្អាត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply