ដោយមើលឃើញទំហំចំណាយកាន់តែកើនឡើង និងមន្ទីរពេទ្យកំ ពុងប្រឈមមុខផ្នែកថវិកា លោកស្រី ហ៊ុន ម៉ាណា អគ្គនាយកស្ថានីយ៍វិទ្យុនិងទូរទស្សន៍បាយ័ន និងជាប្រធានមូលនិធិបាយ័ននឹងធ្វើពិធីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យគន្ឋបុប្ផានៅចុងខែតុលាខាងមុខនេះ។
លោក ទី សន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត៍ ទី២៧ កញ្ញា កន្លងមកថា នៅថ្ងៃទី២០ តុលា ខាងមុខនេះ លោកស្រី ហ៊ុន ម៉ាណា នឹងរៀបចំពិធីរៃអង្គាសប្រាក់នៅសាលពិពណ៌កោះពេជ្រ ដើម្បីរៃអង្គាសប្រាក់សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ដែលបច្ចុប្បន្នកំពុងប្រឈមមុខកង្វះខាតថវិការ ក្នុងការពិនិត្យព្យាបាលកុមាររាប់លាននាក់មកពីទូទាំងប្រទេស។ លោកបន្តថា នៅក្នុងពិធីនោះនឹងមានការថ្លែងសន្ទរកថាពីលោកស្រី ហ៊ុន ម៉ាណា និងការថ្លែងសន្ទរកថាពីលោកសាស្រ្តាចារ្យ Beat Richner ព្រមទាំងមានការប្រគុំតន្រ្តីផងដែរ។
លោកស្រី ហ៊ុន ម៉ាណា បានបរិច្ចាកប្រាក់ចំនួន៣០០.០០០ដុល្លាររួចហើយដល់មន្ទីរពេទ្យនេះ និងពេលក្រោយមកលោកស្រីបានគៀងគររកជំនួយបានចំនួន៥០.០០០ដុល្លារបន្ថែមទៀតដល់មន្ទីរពេទ្យនេះ។
លោកស្រី ហ៊ុន ម៉ាណា អគ្គនាយកវិទ្យុនិងទូរទស្សន័បាយ័ន និងជាប្រធានមូលនិធិបាយ័នបានមានប្រសាសន៍ក្នុងពិធីរំលឹកខួបលើកទី២០នៃការបង្កើតមន្ទីរពេទ្យគន្ឋបុប្ផាកាលពីសប្តាហ៍មុនថា ការពិតមានអ្នកចង់ជួយច្រើនដល់មន្ទីរពេទ្យនេះ ប៉ុន្តែពួកគេមិនសូវបានដឹងព័ត៌មានលម្អិតពីមន្ទីរពេទ្យ និងការខ្វះខាតរបស់មន្ទីរពេទ្យនេះនោះទេ។
លោកស្រីបន្តថា “ការជួយរបស់ខ្ញុំកន្លងមក គឺមិនដើម្បីយកមុខមាត់ និងដើម្បីល្បីឈ្មោះនោះទេ គឺកើតឡើងពីទឹកចិត្តអាណិតកូនខ្មែរ និងចង់ជួយសម្រាលការខ្វះខាតរបស់មន្ទីរពេទ្យនេះ”។
លោកសាស្រ្តាចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាប្រធានមូលនិធិគន្ធបុប្ផាបានមានប្រសាសន៍ “ខ្ញុំសូមអរគុណសម្តេចហ៊ុន សែនដែលបានផ្តល់ថវិការ១លានដុល្លារតាមរយៈក្រសួងសុខាភិបាល លោកជំទាវគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភ១លានដុល្លារ និងអរគុណដល់លោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភចំនួន៣០០.០០០ដុល្លារ និងសន្យាបន្តជួយរកជំនួយបន្តទៀត ”។
លោកបន្តថា “សហគមន៍អន្តរជាតិគួរជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយខ្ញុំក៏សង្ឃឹមថាសហគមន៍អាស៊ាន នឹងជួយដល់មន្ទីរពេទ្យនេះផងដែរ ព្រោះកុមារខ្មែរនៅតែក្រីក្រមិនមានលទ្ធភាពបង់ប្រាក់នោះទេ”។ លោកបន្ថែមថា “ឥឡូវនេះខ្ញុំអាចលេងសែលឡូបាន ប៉ុន្តែប្រហែលរយៈពេល៥ឆ្នាំទៀតខ្ញុំលេងសែលឡូលែងកើត ខណៈមន្ទីរពេទ្យត្រូវការថវិការសម្រាប់រយៈពេល២០ឆ្នាំខាងមុខទៀត ហេតុនេះខ្ញុំសង្ឃឹមថាសហគមន៍ជាតិ អន្តរជាតិ រដ្ឋាភិបាលនឹងជួយដល់ដំណើរការរបស់មន្ទីរពេទ្យនេះ”។
ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះមន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារចូលមកសម្រាកព្យាបាលជាង១.៣៥០.០០០នាក់ និងពិគ្រោះជម្ងឺក្រៅជាង១១លាននាក់ និងចំណាយថវិការសរុបចំនួន៤៦៥លានដុល្លារ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply