មិនមែនតែរាងកាយទេដែលត្រូវការចំណីអាហារដើម្បីចិញ្ចឹមជីវិត សូម្បីតែស្បែកក៏ត្រូវការចំណីអាហាររបស់វាដាច់ដោយ ឡែកដែរ។ ក្រៅពីកត្ដាមួយចំនួនស្ដីពីសុខភាព បរិស្ថាន ការប្រើប្រាស់ផលិតផលរក្សាស្បែក និងកត្ដាធម្មជាតិរបបទទួលទាន ដើរតួនាទីសំខាន់បំផុតសម្រាប់សោភ័ណភាពស្បែក។ តើចំណីអាហារប្រភេទណាដែលអាចជួយរក្សាសម្រស់របស់ស្បែកបាន?
លោកអ្នកជាពិសេសសុភាពនារីទាំងអស់នឹងបានជ្រាបកាន់តែច្បាស់អំពីប្រភេទអាហារមួយចំនួនដែលស្បែកត្រូវការជាចាំ
បាច់ប្រចាំថ្ងៃ តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែកជាមួយទស្សនាវដ្ដី សុខភាពយើង។
1 . របបអាហារត្រឹមត្រូវ ៖ របបទទួលទានមួយដ៏សមស្របបំផុតអាចជួយឱ្យស្បែកមានសុខភាពល្អបាន។ ការទទួលទានអាហារ ត្រឹមត្រូវអាចជួយឱ្យរាងកាយមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងការពារផ្ទៃស្បែកឱ្យម៉ត់រលោង រក្សាបាននូវកម្រិតតឹង និងយឺតដែលជាភាពចាំបាច់ជំរុញឱ្យស្បែកមានភាពស្រស់ថ្លា។ ការទទួលទានមិនបានត្រឹមត្រូវអាចធ្វើឱ្យស្បែកប្រឈមមុខនឹងការវិវត្ដន៍ទៅរកភាពចាស់ជរាតាមរយៈការស្ដែងចេញជារោគសញ្ញាមួយចំនួន ដូចជាស្បែកលឿង ស្បែកស្លេកស្លាំង ស្បែកស្ងួត ស្បែករលាកបែកស្រកាជាដើម។ ក្នុងរបបអាហារមួយពេល គួរតែមានតុល្យភាពរវាងបរិមាណប្រូតេអ៊ីន និងជាតិខ្លាញ់ ព្រោះថាបើបរិភោគអាហារពីរ ប្រភេទនេះច្រើនពេកអាចធ្វើឱ្យឡើងមុនខ្សាច់នៅលើស្បែក។ ជាពិសេសពពួកវីតាមីនមួយចំនួនជាអាហារសំខាន់សម្រាប់ស្បែក។
2 . វីតាមីនអា ៖ មានភាពចាំបាច់ជួយរក្សា និងផ្សារភ្ជាប់ជាលិកាទាំងឡាយរបស់ស្បែកធ្វើឱ្យស្បែកមិនសូវជ្រីវជ្រួញ។ វីតាមីននេះ មាននៅក្នុងចំណីអាហារដែលសម្បូរទៅដោយបេតាការ៉ូទីនដែលរាងកាយអាចផ្លាស់ប្ដូរមកជាវីតាមីនអា ដូចជាផ្នែកក្រហមនៃស៊ុត ងាវ ការ៉ុត ប៉េងប៉ោះ ដំឡូងបារាំង ឪឡឹក ល្ហុង ស្ពៃបៃតងជាដើម។
3 . វីតាមីនបេ ៖ មានប្រសិទ្ធភាពផ្លាស់ប្ដូរកាឡូរីឱ្យក្លាយជាថាមពលដើម្បីជំនួយដល់ការកកើតថ្មីនៃស្បែក និងរក្សាស្បែកឱ្យមាន ជាតិរំអិល និងសំណើម។ ស្បែកក្លាយជាស្ងួតគ្រើម ប្រសិនខ្វះវីតាមីនបេ។ វីតាមីនបេមាននៅក្នុងសាច់មាន់ សាច់ទា ស៊ុត ត្រី ល្ង សណ្ដែកដី និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ។
4 . វីតាមីនសេ ៖ មានគុណប្រយោជន៍អាចជួយរក្សាកូឡាសែន ជាភ្នាសក្រោមរចនាសម្ព័ន្ធស្បែក ជួយធ្វើឱ្យស្បែកតឹង និងយឺតបានល្អ។ ម្ហូបអាហារសម្បូរទៅដោយជាតិវីតាមីនសេ គឺល្ហុង ក្រូចពោធិសាត់ ក្រូចខ្វិច ទឹកផ្លែឈើ សណ្ដែកបាយ និងត្រសក់ស្រូវ។
5 . វីតាមីនអឺ ៖ មានប្រសិទ្ធភាពទប់ទល់នឹងអុកស៊ីដកម្ម ពន្យឺតរយៈកាលចាស់ជរារបស់ស្បែក។ ត្រីសាល់ម៉ុង សណ្ដែក សាច់ឆ្អឹងជំនី ក្រូចខ្វិច ប្រេងអូលីវ និងបន្លែបៃតង ជាម្ហូបអាហារដែលសម្បូរទៅដោយវីតាមីនអឺ។
6 . ជាតិរ៉ែសេឡេនាម ៖ អាចទប់ស្កាត់ការជ្រៀតចូលកាំរស្មីពណ៌ស្វាយបាន ហើយអាហារដែលអាចបំពេញបន្ថែមជាតិរ៉ែនេះ គឺត្រី ប្លាធូ ល្ងរ។ល។
7 . ជាតិស័ង្កសី ៖ អាចជំនួយឱ្យស្បែកមាំទាំ និងយឺត ព្រមទាំងបង្ការស្បែកមិនឱ្យជ្រីវជ្រួញទៀតផង។ គ្រឿងសមុទ្រ មាន់បារាំង សាច់ជ្រូក សណ្ដែកសៀង និងផ្សិតគ្រប់ប្រភេទជាម្ហូបអាហារដែលសម្បូរទៅដោយជាតិស័ង្កសី។
8 . ទឹក ៖ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះទឹកជាសារធាតុចាំបាច់មួយប្រភេទដែលមិនអាចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ជាទូទៅរាងកាយតម្រូវឱ្យយើងទទួលទានទឹកក្នុងមួយថ្ងៃយ៉ាងតិចបំផុតមួយលីត្រកន្លះ។ ទឹកគ្មានកាឡូរីទេ ដូច្នេះវាមិនមែនជាសារធាតុដែលផ្ដល់ថាមពលទេ។ ប៉ុន្ដែទឹកធ្វើឱ្យផ្លាស់ប្ដូរកោសិកា និងច្រានកាកសំណល់ចោល។
ដំបូន្មានអ្នកជំនាញុ
ការរក្សាភាពស្រស់ស្អាតនៃស្បែកតាមរយៈការទទួលទានអាហារអាចធ្វើឱ្យរាងកាយមាំមួន ហើយស្បែកស្រស់ស្អាតបាន អង្វែងទៀតផង។ ចំណែកឯការប្រើប្រាស់ផលិតផលផ្សេងៗ ថ្វីត្បិតតែទទួលបានលទ្ធផលឆាប់រហ័ស ប៉ុន្ដែក៏មានគុណវិបត្ដិមិនអាចមើលរំលងបានដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply