មនោមយិទ្ធិ​ជាការ​គ្រប់គ្រង​អំណាច​ដួងចិត្ដ

លោកអ្នក​ប្រាកដ​ជាតែងតែ​គិត​ប្រាថ្នា​ចង់ឱ្យ​ខ្លួន​លោកអ្នក​ក្លាយជា​មនុស្ស​ម្នាក់​ដ៏មាន​ឥទ្ធិពល មាន​អំណាច​លើមនុស្ស​ដែលនៅ​ជុំវិញខ្លួន និង​ប្រាថ្នា​ចង់ធ្វើ​អ្វីមួយ​ប្រកបដោយ​សេចក្ដី​សម្រេច​ជោគជ័យ។ ទន្ទឹម​នឹងនេះ​លោកអ្នក​មួយចំនួន​ប្រហែលជា​ធ្លាប់គិត ហើយថា​គ្រប់យ៉ាង​ដែល​ទទួលបាន​ផលនិង​សម្រេច​នោះ​កើតឡើង​ពីការ​តាំងចិត្ដ កម្លាំងចិត្ដ ឬដោយ​កម្លាំងពលកម្ម​ខ្លួនឯង​នោះឡើយ ។ មនោមយិទ្ធិ​ជាវិធី​បែប​ផ្លូវចិត្ដ​ខាង​សាសនា ដែល​លោកអ្នក​ស្ទើរតែ​មិនធ្លាប់​ជួប មិនធ្លាប់​ឮតាំងពី​ដើមមក​សោះ ហើយក៏​កាន់តែ​មិនធ្លាប់​ស្គាល់​ថា តើ​មនោមយិទ្ធិ​នោះជា​អ្វី? ប្រើ​ដើម្បី​អ្វីនោះ​ឡើយ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

មាន​ចម្ងល់​ត្រូវតែ​ស្វែងរក​ដំណោះ​ស្រាយ ស្រាវជ្រាវ​រកចម្លើយ និង​បកស្រាយ​បំភ្លឺ ហើយ​ដែល​ពេលនេះ​ទស្សនាវដ្ដី សុខភាព​យើង សូមនាំ​អារម្មណ៍​របស់​លោកអ្នក​អាន​ឱ្យមក​ធ្វើការ​ស្វែងយល់​អំពី​មនោមយិទ្ធិ។

មនោមយិទ្ធិ ជាអ្វី?

មនោមយិទ្ធិ​(មៈ-នោ-មៈ-យិត-ធិ) មានន័យ​ប្រហាក់​ប្រហែល​ជាមួយ​នឹងពាក្យ​ជាភាសាអង់គ្លេស​ថា វីលផាវវើ (Will Power)។ ពាក្យថា​មនោមយិទ្ធិ​នេះ ជា​វាក្យស័ព្ទ​ខាង​ព្រះពុទ្ធសាសនា​មានន័យ​ថា ឫទ្ធិ​ដែល​សម្រេច​ដោយ​ចិត្ដ។ ប៉ុន្ដែ​ក្នុងការ​បកប្រែ​ពីពាក្យ វីលផាវវើ ជាភាសា​អង់គ្លេស​វិញ គឺ​សំដៅ​ដល់​អំណាច​ដែលធ្វើ​ឱ្យអ្វីៗ​សម្រេច​ផល និងដែល​កើតឡើង​ពីកម្លាំងចិត្ដ​របស់​មនុស្ស​ម្នាក់ៗ។

មនោមយិទ្ធិ​កើតមាន​នៅកន្លែង​ណា?

តាមការ​ពិតទៅ​មនោមយិទ្ធិ គឺជាអ្វី​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស​យើង​គ្រប់ៗគ្នា ពោល​គឺកម្លាំង​ចិត្ដ កម្លាំង​ប្រាថ្នា កម្លាំង​អធិដ្ឋាន កម្លាំង​តាំងចិត្ដ​ដ៏ជាក់​លាក់ ឬ​ជាកម្លាំង​នៃកិលេស​តណ្ហា ដែលជា​គ្រឿង​ភ្ញោច​ឱ្យលោកអ្នក​មាន​សកម្មភាព​ផ្សេងៗ​រៀងខ្លួន និង​នាំឆ្ពោះ​ទៅកាន់គោល​បំណង​របស់​លោកអ្នក។ ទាំងនេះ​សុទ្ធសឹង​ជាមនោមយិទ្ធិ​វិជ្ជមាន​(មនោម​យិទ្ធិ​ផ្នែក​ដែល​ល្អ) ឬ​មនោមយិទ្ធិ​អវិជ្ជមាន (មនោមយិទ្ធិ​ផ្នែក​មិនល្អ ឬផ្នែក​អាក្រក់)។ មនុស្ស​ដែលមាន​មនោមយិទ្ធិ​ច្រើន​រមែង​មានការ​ប្រាថ្នា​អ្វីយ៉ាង​ខ្លាំងក្លា រហូត​សុខចិត្ដ ប្ដូរ​ជីវិត ដើម្បីស​ម្រេច​គោលបំណង​របស់​ខ្លួន។ ចំណែក​លោកអ្នក​ដែល​មិនមាន​មនោមយិទ្ធិ​តែងតែ​មាន​អារម្មណ៍​រារែក​នឹង​ធ្វើអ្វី​មួយ ដែលជា​ហេតុ​ធ្វើឱ្យ​មិនសូវ​បានផល​សម្រេច ឬ​ធ្វើបាន​តែពាក់​កណ្ដាល​ទីក៏បោះបង់​ចោល។

ហេតុអ្វី​ត្រូវ​សាងមនោមយិទ្ធិ?

ការដែល​មនុស្ស​យើង​មាន​វណ្ណៈ ឬ​ជីវភាព​រស់នៅ តំណែង​ក្នុង​សង្គម​ខុសប្លែក​ពីគ្នា ក្រៅពី​កើតឡើង​ដោយសារ​ចំណេះដឹង និង​សមត្ថភាព វាក៏មាន​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​មនោមយិទ្ធិ​ផងដែរ។ ប៉ុន្ដែគ្រា​ន់តែ​ថាមនុស្ស​ភាគច្រើន​មិនយល់ ហើយ​បែរជា​គិតថា​វាកើតឡើង​តាម​អំណាច​ព្រេងវាសនា ឬ​រាសី​ទៅវិញ។ អ្វីដែល​សំខាន់​បំផុត​នោះ គឺ​កម្លាំង​តណ្ហា​ដែល​ផុសចេញ​ពីជម្រៅ​នៃដួងចិត្ដ ឬ​មនោមយិទ្ធិ​នេះឯង​ដែល​សម្ដែង​នូវភាព​អស្ចារ្យ​គួរស្ញប់​ស្ញែង គឺវាអាច​ជំរុញ​មនុស្ស​ដែលមាន​ឋានៈទាប​ឱ្យឈាន​ឆ្ពោះទៅកាន់​ឋានៈ​មួយដែល​ខ្ពង់ខ្ពស់​បាន។

មនោមយិទ្ធិ​អាចមាន​ប្រយោជន៍​អ្វីខ្លះ?

ចិត្ដ​មនុស្ស​យើងមាន​អំណាច​អស្ចារ្យ​ណាស់ បើ​ហ្វឹកហាត់​ក្នុង​ផ្លូវណា ច្រើនតែ​កើតបាន​ជាផល​ក្នុងផ្លូវនោះ​វិញ។ មនុស្ស​ដែល​បណ្ដោយ​ចិត្ដគំនិត​ឱ្យអណ្ដែត​អណ្ដូង​រវើរវាយ​ញយៗ​ដង លទ្ធផល​ដែល​ទទួលបាន​គឺមួយ​ជីវិត​របស់ពួ​កគេ​នឹងមិន​ទទួលបាន​ប្រយោជន៍​ជាធំ​ដុំ ជាដុំកំភួន​នោះទេ។ ប៉ុន្ដែ​ចំណែក​ឯមនុស្ស​ដែលមាន​ការ​តាំងចិត្ដ​យ៉ាង​មុតមាំ​ជាក់លាក់ ពួកគេ​រមែង​ធ្វើការ​អ្វីៗបាន​សម្រេច និង​ទទួល​បានផល​គួរជាទី​មោទនៈ និង​គួរឱ្យ​អស្ចារ្យ​ណាស់។ ការហាត់​កសាង​អំណាច​ចិត្ដ ឬ​មនោមយិទ្ធិ​ឱ្យក្លាយ​ទៅជា​ទម្លាប់ គឺជាអ្វី​ដែលមាន​គុណ​តម្លៃ​បំផុត ហើយ​សំខាន់​ជាងការ​ហ្វឹកហាត់​ចំណេះដឹង ឬក៏ការ​ហ្វឹកហាត់​ផ្សេងៗ​ទៀត។ ពីព្រោះផល​សម្រេច​គ្រប់យ៉ាង​សុទ្ធតែ​មាន​មនោមយិទ្ធិ​ជាគ្រឹះ ជា​មូលដ្ឋាន។ អ្នក​ដែលមាន​មនោមយិទ្ធិ គឺជា​មនុស្ស​ដែលមាន​ប្រៀប​លើអ្នក​ដទៃ។

មធ្យោបាយ​ហ្វឹកហាត់​មនោមយិទ្ធិ

ការ​ធ្វើអ្វីមួយ​ឱ្យបាន​សម្រេច និង​ទទួល​ផល​ជាវិជ្ជមាន​នោះ ជាចាំបាច់​ត្រូវមាន​គោល​ការណ៍​ច្បាស់លាស់ ហើយ​ក៏ត្រូវ​ទាមទារ​នូវ​មធ្យោបាយ​ជាក់លាក់​ដែរ។

  • ហ្វឹកហាត់​ប្រាថ្នា​នូវអ្វី​ដែលខ្លួន​បាន​ប៉ាន់ស្មាន​ថាអាច​នឹងធ្វើ​ទៅបាន​ដោយ​កម្លាំង​ថ្វីដៃ​របស់ខ្លួនឯង​ផ្ទាល់ ហើយ​តាំងចិត្ដ យ៉ាង​ជាក់លាក់​ក្នុងការ​ធ្វើកិច្ចការ​នោះ​ឱ្យបាន​សម្រេច។ ហាត់​ធ្វើញយៗ​ដោយ​ជ្រើសរើស​យកពីងាយ​ទៅមុន ដូចជា​ការដើរ​ដោយ​ជើង នៅលើ​ថ្នល់ សម្លឹង​មើល​ផ្លាកសញ្ញា​ខាងមុខ​ហើយ​តាំងចិត្ដ​ទៅឱ្យ​ដល់ផ្លាក​សញ្ញា​នោះ។ ការ​ធ្វើដូចនេះ​មើល​ទៅហាក់​ដូចជា​ងាយស្រួល​ណាស់ ប៉ុន្ដែ​អាចជួយ​ក្នុងការ​ហ្វឹកហាត់​ចិត្ដឱ្យ​ស៊ាំនឹង​ផល​សម្រេច ហើយ​បើកាលណា​ស៊ាំញយៗ​កម្លាំង​នឹងកើន​ច្រើនឡើង។
  • គិតប៉ង​ធ្វើអ្វីមួយ​ត្រូវធ្វើ​ឱ្យបាន ពោល​គឺត្រូវ​តាំងចិត្ដ​ធ្វើឱ្យ​បាន​សម្រេច ទោះបីជា​មាន​ឧបសគ្គច្រើន​ប៉ុណ្ណាក្ដី និង​ទោះបីជា​ត្រូវធ្វើ​រហូត​ទៅដល់​រាប់ពាន់​ដង ច្រើន​ខែឆ្នាំ ក៏​នៅតែ​ព្យាយាម​ធ្វើឱ្យ​ទាល់តែ​បាន​ជោគជ័យ។
  • មិន​ត្រូវយក​កិច្ចការ​មកធ្វើ​ម្ដងច្រើន​មុខព្រមៗ​គ្នា​នោះទេ តែត្រូវ​ជ្រើសរើស​កិច្ចការ​ណាមួយ​មកធ្វើ​ជាមុន និងធ្វើ​ទៅតាម​លំដាប់​លំដោយ សំខាន់​ព្យាយាម​ធ្វើដោយ​ប្រកាន់​ខ្ជាប់​នូវការ​សមាធិ និង​អត់ធ្មត់។
  • ត្រូវ​សង្ឃឹម និង​ជឿជាក់​លើ​ខ្លួនឯង ពឹង​ខ្លួនឯង និងជួយ​ខ្លួនឯង​គ្រប់ពេល​វេលា។

បណ្ដាំ​ផ្ញើ

ការ​ព្យាយាម​ជាប្រការ​ការមួយ​ដែល​លោកអ្នក​គួរតែ​អនុវត្ដ ឯការ​តាំងចិត្ដ​ឱ្យល្អ​ក៏ជា​សីលធម៌​មួយដ៏​ប្រពៃ​ក្នុងការ​រស់នៅ​ជាមនុស្ស​ដែរ។ ការ​ព្យាយាម​យកឈ្នះ​លើចិត្ដ​អ្នកដទៃ​មិនមែន​ជារឿង​ដែលធ្វើ​ទៅក្នុង​រយៈពេល​ខ្លីមួយ​ឬពីរថ្ងៃ​បាន​នោះទេ វា​ទាមទារ​នូវការ​ព្យាយាម និង​អត់ធ្មត់។ ការ​ព្យាយាម​ឱ្យមាន​ប្រៀប​លើអ្នក​ដទៃទៀត​សោត ក៏​មិនមែន​ជាការ​ព្យាយាម​ដោយ​ខុស ឬ​ការ​តាំងចិត្ដ​ឱ្យមាន​មនោមយិទ្ធិ​អវិជ្ជមាន ឬ​ផ្នែក​អាក្រក់​នោះឡើយ។ សូម​លោកអ្នក​តាំងចិត្ដ​ឱ្យ​ជ្រះថ្លា ប្រមើល​មើលនូវ​អំពើល្អ ទើបជា​ជោគជ័យ​ក្នុង​ជីវិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *