របៀប​ថែរក្សា​ស្បែក​មុខឱ្យស

ស្បែកមុខ​សស្អាត​គ្មាន​ស្លាក​ស្នាម ទោះជា​ស្ថិតនៅ​ក្នុង​លំដាប់​ណា វ័យណា​ក៏ចង់​បានដែរ​មិនដែល​ស្ថិតនៅ​ឆ្ងាយ​ពីដួងចិត្ដ របស់​មនុស្ស​គ្រប់​រូបទេ។ ហេតុនេះ​ហើយ​ទើបមាន​អ្នកខ្លះ​ខិតខំ​ចំណាយ​ប្រាក់កាស​ជាច្រើន​ដើម្បី​កែច្នៃ​ធ្វើយ៉ាង​ណាឱ្យ​តែបាន​ផ្ទៃមុខស ស្អាត​ផូផង់ ដោយមិន​បានគិត​ពីផល​ប៉ះពាល់​ផ្សេងៗ​ដែល​កើតមាន​ឡើង​នៅពេល​ក្រោយ

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ​លោកអ្នក ជាពិសេស​សុភាពនារី​ទាំងអស់​នឹងបាន​ជ្រាប​អំពីអាថ៌​កំបាំង​ដែលធ្វើ​ឱ្យមុខ​ស​ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់ទេ រួមជា​មួយ​នឹងបញ្ហា​មួយ​ចំនួន​របស់​ផ្ទៃមុខ​ដែល​ទស្សនាវដ្ដី សុខភាពយើង​ទទួល​បានពី​ការបក​ស្រាយ​ជម្រាប​ជូនពី​លោក វេជ្ជបណ្ឌិត ថៃ គា អ្នក​ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ។

ការកែ​ប្រែសម្បុរ​ស្បែក

តាម​ពិត​មនុស្ស​យើង​ម្នាក់ៗ ទោះជា​មានសម្បុរ​ស្បែក​បែបណា​ក៏ដោយ​សុទ្ធតែ​បានបង្កប់​នូវភាព​ស្រស់​ស្អាត​របស់​ស្បែក​រួច ជាស្រេច​ទៅហើយ។ លោកអ្នក​មិនមាន​អ្វីដែល​គួរឱ្យ​ចង់បាន​លើសពី​នេះទៀត​ទេ។ មានការ​យល់​ច្រឡំ​មួយចំនួន​ក្នុងករណី​របស់អ្នក ចម្រៀង​ម៉ៃ​ឃើល ជែកសាន់ ដែលបាន​ធ្វើការកែ​ប្រែស្បែក​ខ្មៅ​ធម្មជាតិ​របស់ខ្លួន​ទៅជា​ស្បែកស។ ឃើញ​ដូចនេះ​ទើប​លោកអ្នក​មួយ ចំនួនចង់​ធ្វើតាម​ដោយ​ខំប្រឹង​ប្រែងរិះរក​គ្រប់វិធី​ដើម្បី​កែសម្បុរ​ស្បែក​របស់​ខ្លួន។ បញ្ហានេះ​បើតាម​បច្ចេក​ទេស គឺមិន​ងាយ​នឹងធ្វើ​បាន ឡើយ បើបានត្រូវ​ត្រូវចំណាយ​ប្រាក់ច្រើន ព្រមទាំង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ទៀតផង។

វិធីធ្វើ​ឱ្យស្បែក​មុខស

វិធី​ពិសេស​បំផុត​ដែល​លោកអ្នក​មិនបាច់​ចំណាយ​ប្រាក់នោះ គឺត្រូវ​ចៀសវាង​ពីពន្លឺថ្ងៃ។ ព្រោះ​ពន្លឺថ្ងៃ​មានការ​ប៉ះពាល់​ច្រើន ប្រការ​ណាស់​នៅលើ​ស្បែកមុខ​ដែលនៅ​កណ្ដាល​វាលមិន​មានអ្វី​បិទបាំង​ដូចដែល​បានលើក​មក​ជម្រាប​ជូន​លោកអ្នក​អាននៅ​ក្នុង​អត្ថបទ  “ វិធីថែទាំ​ស្បែក​ពេលនៅ​ហាលថ្ងៃ” ចេញ​ផ្សាយ​លេខ០០៧ ខែសីហា ២០០៦ របស់​ទស្សនាវដ្ដី​សុខភាពយើង។ លោកអ្នក​សាក​ល្បង គិត​បន្ដិច​ទៅមើល កាលពី​លោកអ្នក​នៅវ័យ​កុមារភាព​ស្បែក​របស់​លោកអ្នក​ស្អាត​ដោយមិន​មានអ្វី​ជាជំនួយទេ។ ម្យ៉ាងទៀត លោក​អ្នកអាច​ប្រៀប​ធៀប​ជាមួយ​នឹងស្បែក​ដែលនៅ​ក្នុងម្លប់​រាប់សិប​ឆ្នាំ​(ស្បែកក្នុង​អាវឬខោ)​លោកអ្នក​នឹងឃើញ​សភាព​ម៉ដ្ឋ​រលោង​របស់​ស្បែក​មិនខាន​ឡើយ នោះហើយ​គឺជាលទ្ធផល​នៃការ​ចាកផុត​ពីពន្លឺ​ថ្ងៃ។ ដូចនេះ​ដើម្បីឱ្យ​ស្បែកស​មិនមាន​អ្វីច្រើន​ទេ ដោយ​គ្រាន់តែ លោកអ្នក​រក្សាភាព​ស្រស់ស្អាត​បែបនេះ​រហូតនោះ​ជាការ​ស្រេច​ទៅ​ហើយ។ ក្រៅពី​នេះ​ចំណី​អាហារ​ដែល​សម្បូរ​ដោយពពួក​វីតាមីន​ជា ច្រើន​ប្រភេទ ដោយ​រាប់តាំង​ពីបន្លែ​ដែលមាន​ពណ៌បៃតង​ទឹកក្រូច​លឿង​ជាដើម​ក៏អាចរួម​ចំណែក​ជួយ​លោកអ្នក​ក្នុងរឿង​នេះបាន។

គ្រោះថ្នាក់​នៃការ​ប្រើ​ផលិតផល​ធ្វើឱ្យ​ស្បែកមុខ​ស

នៅក្នុង​ស្រទាប់​ស្បែក​របស់​មនុស្ស​យើង មាន​កោសិកា​ពីរប្រភេទ​ដែល​ទ្រទ្រង់​ភាពមាំទាំ​របស់​ស្បែក​គឺកោសិកា​សម្រាប់ ជួយឱ្យ​ស្បែក​លូតលាស់​និង​កោសិកា​ដែល​បញ្ចេញ​ជាតិ​មេឡានីន​សម្រាប់​ឱ្យពណ៌​ដល់ស្បែក​ឱ្យមាន​សម្បុរ​ដូចគ្នា​គ្រប់​ទីកន្លែង​ទាំងអស់ ទៅតាម​ជាតិសាសន៍​នីមួយៗ។ បើសិន​ជា​លោកអ្នក​ចង់ឱ្យ​ស្បែក​មុខស​លើស​ពីស្បែក​ធម្មជាតិ​លោកអ្នក​យល់ខុស​ហើយ។ ផ្ទុយ​ទៅវិញ​គ្រប់​ផលិតផល​ដែលធ្វើ​ឱ្យ​ស្បែកមុខស​ទាំងអស់​សុទ្ធតែ​មានសារ​ជាតិថ្នាំ​សម្រាប់​កាត់ស្បែក​មុខឱ្យ​ស្ដើង ទើបអាច​មើលទៅ​សជាង​មុន និង​ទប់ស្កាត់​កោសិកា​ស្បែក​ដែល​ជួយឱ្យ​ស្បែក​លូតលាស់​មិនឱ្យដុះ​ឡើង​បាន។ បន្ទាប់​ពីសហើយ លោកអ្នក​នឹងត្រូវ​ប្រឈមមុខ​នឹងការ ជាំមុខ ការ​រលាក​ស្បែក បើធ្ងន់ធ្ងរ​នោះ​ជម្ងឺ​មហារីក​ស្បែក​កំពុង​រងចាំ​លោកអ្នក​មិនខាន​ឡើយ។

ដំបូន្មាន​អ្នកជំនាញ

សូមលោក​អ្នកមេត្ដា​កុំចង់ឱ្យ​មុខស​ធ្វើអ្វី ព្រោះ​វាអាចធ្វើ​ឱ្យ​លោកអ្នក​ស្ដាយ​ក្រោយ​មិនខាន​នៅពេល​ដែល​លោកអ្នក​ខូច ស្បែកមុខ ព្រោះមិន​មានថ្នាំ​សម្រាប់​ជួយ​លោកអ្នក​ឡើយ។ លោកអ្នក​នឹង​មាន​ស្បែកមុខ​ដ៏ស្អាត​ផូផង់​ដោយ​គ្រាន់តែ​លោកអ្នក​ថែរក្សា វាកុំឱ្យ​ខ្មៅ​ជាងស្បែក​ធម្មជាតិ​ទៅ វាគ្រប់គ្រាន់​ណាស់ទៅ​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *