របៀប​តុបតែង​ភ្នែក

ភ្នែក​មួយគូ​លេចធ្លោ​ត្រូវពឹងផ្អែក​ទៅលើ​ការ​តុបតែង​ត្របកភ្នែក​ដើម្បី​ឱ្យមាន​ភាព​ស្រស់ស្អាត។ ការ​តុបតែង​ភ្នែក​ឱ្យស្រស់ស្អាត​បាន​ទាមទារ​ឱ្យមាន​វិធីសាស្ដ្រ​ក្នុងការ​តុបតែង​មិនអាច​ធ្វើ​ស្រេចតាម​តែការ​នឹកឃើញ​នោះទេ។ ទាំងនេះ​ក៏អាស្រ័យ​ទៅតាម​ស្ថានភាព​ភ្នែក​របស់​សុភាពនារី​ផ្ទាល់​ផងដែរ ទើបធ្វើ​ឱ្យការ​តុបតែង​នេះ​ទទួលបាន​លទ្ធផល​ល្អ។ តើគួរ​តុបតែង​ភ្នែក​បែបណា​ទើបអាច​ស្រស់ស្អាត​បាន?

រូបភាពទស្សនាវដ្តីសុខភាពយើង

ចម្ងល់​របស់​សុភាពនារី​ស្ដីពីការ​តុបតែង​ភ្នែក បាន​បកស្រាយ​ដោយ​កញ្ញា ទូច សុគន្ធា អ្នក​ជំនាញ​នៅហាង​កែសម្ផស្ស​ម្កុដមាស​តារា​ពិភពលោក​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ភ្នែក​ជាដួង​ព្រលឹង

ចំពោះ​មនុស្ស​ស្រី មុនដំបូង​បង្អស់​ត្រូវ​និយាយ​ដល់ភ្នែក​មួយគូ មានតម្លៃ​ដូច​គ្រាប់ពេជ្រ​មួយគូ។ ភ្នែកស្អាត​ហើយ​ចម្លែក
អស្ចារ្យ ព្រោះភ្នែក​មួយគូ​អាច​សម្ដែង​ជួសយើង​នូវអ្វីៗ​ទាំងអស់​ដែលចង់​និយាយ ឬ​មិនចង់។ មិនតែ​ប៉ុណ្ណោះ​ភ្នែកអាច​ឱ្យយើង​មើល ឃើញ​នូវអ្វី​ដែលនៅក្នុង​រង្វង់ភ្នែក​គូសង្សារ ឪពុកម្ដាយ និង​មិត្ដភក្ដិ​របស់យើង។

ការ​តុបតែង​ភ្នែក

ការ​តុបតែង​មុខជា​កត្ដាចម្បង​មួយ​ក្នុងការ​លើក​សម្រស់ស្ដ្រី។ ការ​តុបតែង​ទាមទារ​ធ្វើនៅគ្រប់​ផ្នែក​ទាំងអស់​នៅលើ​ផ្ទៃមុខ រួម​ទាំងភ្នែក​ផងដែរ។ ដើម្បី​ឱ្យបាន​កែវភ្នែក​មួយគូ​លេចធ្លោ​និង​ស្រស់ស្អាត ជាជំហាន​ដំបូង​សុភាពនារី​ត្រូវ​ដឹងពី​ស្ថានភាព​ភ្នែក​ខ្លួនឯង ទីកន្លែង​ដែលត្រូវ​ចូលរួម និង​ពេលវេលា​ក៏សំខាន់​មួយ​ចំណែក​ផងដែរ។ ការ​តុបតែង​ភ្នែក​រួមមាន​ការផាត់​ត្របកភ្នែក​ខាងលើ និង​ត្របកភ្នែក​ខាងក្រោម រោមភ្នែក​ព្រម​ជាមួយ​ការ​គូសរឹម​ភ្នែក​ផងដែរ។ ជាទូទៅ​ការ​ផាត់​ត្របកភ្នែក​ទាំងលើ និង​ក្រោម អាចធ្វើ​ទៅបាន​អាស្រ័យ​ទៅតាម​ស្ថានភាព​ភ្នែក។ ជាអាទិ​ក្នុង​ករណី​សម្រាប់​អ្នកដែល​មានភ្នែក​តូច គួរតែ​ផាត់ពណ៌​ដិតបន្ដិច ទើបអាច​លើកភ្នែក ឱ្យគន្លាក់​ភ្នែក​មានរាងធំ​បន្ដិច រួម​ជាមួយ​បច្ចេកទេស​នៃការ​បិតត្របកភ្នែក​ដើម្បី​ឱ្យមាន​ភាពទា​ក់ទាញ ហើយ​បន្ថែម​ម្សៅស្អិត និង​ការគូស​រឹមភ្នែក​ឱ្យមាន​ចេញមក​ក្រៅបន្ដិច​ផងដែរ។ ចំណែក​អ្នកមាន​ភ្នែកធំ អាចផាត់​បាន​ទាំងពណ៌​ស្រាល និង​ពណ៌ដិត​ដែលសុទ្ធតែ​ជួយឱ្យភ្នែក​ស្រស់ស្អាត​ដូចគ្នា​ទាំងអស់។ រីឯការ​ផាត់ភ្នែក បើ​លោកស្រី​អ្នកនាង​កញ្ញា​ចង់ផាត់​តាមពណ៌​ធម្មជាតិ​គប្បី​ជ្រើសរើស​ពណ៌ទឹកក្រូច ពណ៌ផ្កាឈូក​ខ្ចី ពណ៌​សូកូឡាខ្ចី និង​ពណ៌លឿង​ខ្ចី បន្ទាប់មក​ត្រូវផាត់​លាយ​ជាមួយ​ពណ៌​សូកូឡាផាត់​ឱ្យសព្វរង្វង់ភ្នែក។ ប្រសិន​បើ លោកស្រី​អ្នកនាង​កញ្ញា​ចង់ឱ្យមើ​លទៅ​មានភាព​សិចស៊ី​គប្បី​បន្ថែម​ស្រមោលពណ៌​ក្រហម ឬ​ពណ៌ផ្កាឈូក​ព្រឿងៗ​បន្ដិច ទើបភ្នែក​មើល ទៅមាន​ភាព​ទាក់ទាញ។ បើមិន​ដូច្នោះទេ អាចផាត់​តែមួយ​ពណ៌ក៏បាន គឺ​ប្រើពណ៌ខ្មៅ ប្រសិន​បើមិត្ដនារី​ស្ថិតនៅ​វ័យចំណាស់​បន្ដិច គួរ ប្រើ​ពណ៌​សូកូឡា​ទើបមើល​ទៅ​ស្រស់ស្អាត។ ចំពោះការ​គូស​ត្របកភ្នែក​ខាងក្រោម​ក៏ដូចគ្នា​ដែរត្រូវ​ផ្ចិតផ្ចង់​បន្ដិច​ទើបស្អាត។ បើភ្នែក​តូច ត្រូវ​លួចគូស​មកក្រៅ​បន្ដិច ផ្ទុយ​ទៅវិញ​បើភ្នែកធំ ត្រូវ​គូសចូល​ក្នុងបន្ដិច នោះ​សម្រស់​និងលេចធ្លោ​មួយកម្រិត​ទៀត។

ដំបូន្មាន​អ្នក​ជំនាញ

ការ​តុបតែង​ភ្នែក​ក៏ត្រូវ​ពឹងផ្អែក​ផងដែរ​ទៅលើ​ពណ៌​សម្លៀកបំពាក់ និងព​ណ៌ក្រែម​លាប​បបូរមាត់ ទាល់តែ​ទាំងបី​ផ្នែក​នេះ ស៊ីសង្វាក់គ្នា​ទើបមើល​ទៅស្រស់​ស្អាតបាន។ បើ​លោកស្រី​អ្នកនាង​កញ្ញា​មិនមាន​សមត្ថភាព​អាច​តុបតែង​ដោយ​ខ្លួនឯងទេ គួរតែ​រកអ្នក ជំនាញ​ជាជំនួយ​ទើបបាន បើ​មិនដូច្នោះ​ទេ កែវភ្នែក​ទាំងគូ​របស់​លោកស្រី​អ្នកនាង​កញ្ញា​នឹងក្លាយ​ទៅជា​ភ្នែកខ្មោច​មិនខាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *