ខ្ញុំបាទអាយុ២៧ឆ្នាំ រស់នៅខេត្ដសៀមរាប សូមសួរលោកវេជ្ជបណ្ឌិតនូវសំណួរដូចតទៅ ៖
1 . ហេតុអ្វីនៅពេលរួមភេទលិង្គឆាប់ទន់?
2 . នៅពេលរួមភេទ ប្ដីមានភាពស្រណុកសុខស្រួល តែប្រពន្ធមិនមានភាពស្រណុកសុខស្រួល ហេតុអ្វី?
លោក ភ.ណ អាយុ ២៧ឆ្នាំ ខេត្ដសៀមរាប
វេជ្ជបណ្ជិត លី ចេងហ៊ុយ ៖ ខ្ញុំសូមធ្វើការឆ្លើយនឹងសំណួរទាំងពីររបស់ប្អូនប្រុសម្ដង១សំណួរដូចតទៅ ៖
1 . មូលហេតុលិង្គឆាប់ទន់នៅពេលរួមភេទ គឺមានកត្ដាច្រើនយ៉ាង។ នៅពេលរួមភេទ បើសិនជាលិង្គរបស់ប្អូនប្រុសឆាប់បាញ់ចេញទឹកកាម ជាដាច់ខាតលិង្គរបស់ប្អូនប្រុសត្រូវតែទន់ ព្រោះជាដំណាក់កាលទី៤ ដែលលិង្គត្រូវតែទន់មកសភាពដើមវិញ។ បែប នេះលិង្គទន់ក្រោយពេលចេញទឹកកាម បើឆាប់ទន់ដោយសារកត្ដានេះ គឺជាបញ្ហាឆាប់ចេញទឹកកាម។ ករណីមួយទៀតជាការឆាប់ទន់ ដោយសារពេលកំពុងរួមភេទនោះ តម្រេកតណ្ហា និងចំណង់ភេទរបស់ប្អូនប្រុសថមថយដោយសារកត្ដាផ្លូវចិត្ដ មិនចូលចិត្ដនារីជាដៃគូ ឬរំខានដោយកត្ដាផ្សេងៗទៀត។ ការរំខានអារម្មណ៍នៅពេលរួមភេទបែបនេះជាហេតុធ្វើឱ្យលិង្គទន់វិញ អាចរហូតដល់លែងបន្ដ ដំណើរការរួមភេទតទៅទៀត រហូតដល់ចប់គោលដៅ។ ហេតុនេះបើប្អូនប្រុសបានត្រួតពិនិត្យខ្លួនឯង និងព្យាបាលកែតម្រូវរួចហើយ តែមិនមានភាពប្រសើរឡើង ប្អូនត្រូវទៅជួបអ្នកជំនាញខាងផ្លូវភេទ ដើម្បីសុំយោបល់សម្រាប់ការអនុវត្ដបន្ដ។
2 . ការរួមភេទមានគោលដៅរួមគឺដើម្បីទទួលបានសេចក្ដីសុខស្រួលទាំងពីរនាក់ ទាំងភាគីបុរសជាប្ដី និងភាគីស្ដ្រីជាភរិយា ។ បុរស និងស្ដ្រីអាចឆាប់ទទួលបានភាពស្រណុកសុខស្រួលងាយៗដូចគ្នា និងជួនកាលក្រទទួលភាពស្រណុកសុខស្រួល។ ជួនភាគីទាំង ពីរអាចទទួលភាពស្រណុកសុខស្រួលមុនក្រោយគ្នា។ បែបនេះជារឿងធម្មជាតិ។ បើតាមការសិក្សាស្រាវជ្រាវអំពីភាពស្រណុកសុខស្រួលនេះបានបង្ហាញថា បុរសទទួលសេចក្ដីសុខស្រួលផ្លូវភេទដល់កំពូលតែមួយលើកទេក្នុងពេលរួមភេទម្ដង រីឯស្ដ្រីអាចទទួលភាពសុខស្រួលដល់កំពូលច្រើនដង។ ប៉ុន្ដែបុរសខ្លះឆាប់សុខស្រួលដល់កំពូល នារីខ្លះក៏ឆាប់ទទួលអារម្មណ៍សុខស្រួលដល់កំពូលដែរ។ រីឯបុរសខ្លះទៀតមិនងាយទទួលអារម្មណ៍សុខស្រួលនោះទេ នារីខ្លះទៀតមិនងាយទទួលអារម្មណ៍ស្រណុកសុខស្រួលដល់កំពូលភ្លាមនោះ ដែរទេ។ ករណីសំណួររបស់ប្អូនប្រុសដែលចង់ដឹងពីមូលហេតុនៃប្ដីទទួលបានអារម្មណ៍ស្រណុកសុខស្រួល រីឯប្រពន្ធមិនមានភាពស្រណុកសុខស្រួលនោះ គឺជាករណីដែលបុរសនោះឆាប់ចេញទឹកកាម និងទទួលអារម្មណ៍សុខស្រួលមុនប្រពន្ធ។ ឬអាចនិយាយបានម្យ៉ាងទៀតថា ដោយសារស្ដ្រីជាប្រពន្ធនោះក្រទទួលសេចក្ដីស្រណុកសុខស្រួល គាត់មិនទាន់បានស្រួលផងប្ដីសុខស្រួលឈប់រួមភេទទៅហើយ។ ជាដំណោះស្រាយ ពួកគាត់ទាំងពីរត្រូវស្វែងយល់ពីរយៈពេលដែលឈានដល់សេចក្ដីសុខស្រួលពីគ្នាទៅវិញទៅមក ជាពិសេសបុរសត្រូវតែព្យាយាមស្វែងយល់ពីស្ថានភាពផ្លូវភេទរបស់ភរិយាឱ្យបានច្រើនទើបជាការប្រសើរ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply