រួមភេទ​លើកដំបូង​អាចមាន​ផ្ទៃពោះ

នាងខ្ញុំ​នៅលីវ​មិនទាន់​រៀបការ​ទេ។ នាងខ្ញុំ​សូមសួរ​ថាតើការ​រួមភេទ​ដំបូង​របស់​ស្ដ្រី អាច​បង្កមាន​ផ្ទៃពោះ​ដែរឬទេ? សូម​វេជ្ជបណ្ឌិត​យើង​ជួយ​ប្រាប់នាង​ខ្ញុំតាមការ​គួរ។ កញ្ញា ស.ច.ធ អាយុ១៩ឆ្នាំ ភ្នំពេញ

វេជ្ជ​បណ្ឌិត​យើង ៖ ឆ្លើយទៅ​សំណួរ​ប្អូនស្រី ដែល​ថាការ​រួមភេទ​លើកដំបូង​អាច​បណ្ដាល​ឱ្យមាន​ផ្ទៃពោះ គឺជាការ​អាច​កើតមាន។ មានស្ដ្រី​ច្រើនមក​ហើយ ដែលមាន​ផ្ទៃពោះ​ដោយសារ​តែការ​រួមភេទ​លើក​ដំបូង ជាអាទិ​ករណី​ចាប់​រំលោភ​១ដង​មាន​ផ្ទៃពោះ ករណី​ជ្រុលជ្រួស​ជាមួយ​សង្សារ​១ដងមា​ន​ផ្ទៃពោះ​ជាដើម។ ដូច្នេះ​បើមាន​ការ​រួមភេទ​ដំបូង​ក្ដី ទី​ប៉ុន្មានក្ដី ដែល​មិនចង់​បាន​កូន ត្រូវ​ប្រើ​ស្រោមអនាម័យ ឬ​រកវិធី​ពន្យារ​កំណើត​ផ្សេង​ទៀត។ វេជ្ជបណ្ឌិត​យើង​សូម​រំលឹកថា​ការរួមភេទ​មិន​ត្រឹមតែ​បង្កការ​តាំងគភ៌​ដែល​មិនចង់​បានតែ​ប៉ុណ្ណោះទេ ថែមទាំង​បង្កការ​ឆ្លង​ជម្ងឺកាមរោគ ដូចជា​មេរោគ​អេដស៍ វីរុស​រលាក​ថ្លើម ស្វាយ​ប្រមេះ​ជាដើម។

តាមរយៈ​សំណួរ​នេះ ប្រហែល​ជាប្អូនស្រី​មាន​សង្សារ ឬ​មានបុរស​កំណាន់​ចិត្ដ អាចមាន​ការ​រួមភេទ​ជាមួយគ្នា​ជាយ​ថាហេតុ ហើយ​មើល​ទៅ។ ប្អូនស្រី​ត្រូវគិត​ថាការ​រួមភេទ​មិនបាន​គិតគូរ​ជាមុន មិន​ត្រឹមតែ​បំផ្លាញ​សុខភាព​ប្អូនស្រី​ប៉ុណោះ​ទេ ប្អូនស្រី​នឹងអាច​មាន​វិប្បដិសារី បើសិន​ជាស្នេហា​នេះដើរ​ដល់ផ្លូវ​បែកគ្នា។ ជាលទ្ធផល​អាចឱ្យ​ប្អូនស្រី​គិតច្រើន ព្រួយ​ចិត្ដ ជួន​រហូតដល់​ទៅគិត​ខ្លីចង់​សម្លាប់ខ្លួន​ទៀតផង។ ការ​សម្លាប់ខ្លួន​ជាអំពើ​កំសាក​មិនគួរ​ធ្វើឡើយ ស្ដាយណាស់​ដែល​ឪពុកម្ដាយ​ខំចិញ្ចឹម​កូនយ៉ាង​លំបាក អស់អង្ករ​រាប់តោន។ បើចង់​យល់ដឹង​លម្អិត​អំពីការ​មាន​ផ្ទៃពោះ​របស់​យុវវ័យ សូមអាន​អត្ថបទ “យុវតី​ឆាប់មាន​ផ្ទៃពោះ មាន​សុខភាព​មិនល្អ” ក្នុង​ទស្សនាវដ្ដី​សុខភាព​យើង លេខ០០៣ ខែ​មេសា ២០០៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *