ម៉ូតសម្លៀកបំពាក់ស្អាតៗប្លែកៗបាននឹងកំពុងរីកចម្រើនទៅតាមសង្វាក់វិវឌ្ឍន៍នៃសង្គមជាតិ។ ការប្រដេញគ្នានៃម៉ូតសម្លៀកបំពាក់បានធ្វើឱ្យលោកអ្នក ជាពិសេសសុភាពនារីពិបាកជ្រើសរើសឱ្យបានសក្ដិសម និងមានភាពថ្លៃថ្នូរណាស់។ ក្នុងមួយឆ្នាំៗ តែងតែមានម៉ូតប្រចាំឆ្នាំទៅតាមបែបផែននៃការនិយមចូលចិត្ដ។ ដោយឡែកសម្រាប់ឆ្នាំថ្មីនេះ មានម៉ូតសម្លៀកបំពាក់បែបណាខ្លះ ដែលគួរតែជ្រើសរើស?
នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូនមិត្ដអ្នកអាននូវម៉ូតសម្លៀកបំពាក់ខ្មែរក្នុងឆ្នាំ២០០៧នេះទុកជា ការស្វែងយល់តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកស្រី អ៊ុយ ពិសី ម្ចាស់ហាងកាត់ដេរសន្ធរមុខទាន់ចិត្ដ។
អំពីសម្លៀកបំពាក់នារី
នៅក្នុងឆ្នាំថ្មីនេះ ម៉ូតសម្លៀកបំពាក់នារីប្លែកជាងពីឆ្នាំមុនបន្ដិច។ បច្ចុប្បន្ននេះទាំងក្រណាត់ហូល ទាំងផាមួង ដែលជាផលិត ផលខ្មែរ ក្រណាត់ប៉ាក់ជាផលិតផលបរទេសមានច្រើនបែបច្រើនយ៉ាង។ ចំពោះផាមួងខ្មែរមានលើកគោមប្លែកៗ ពណ៌ទៀតសោតក៏រឹត តែប្លែក។ មួយវិញទៀតគ្រឿងលម្អសម្លៀកបំពាក់ ដូចជាអង្កាំ ត្បូង ប៉ាក់ផ្កាដោយម៉ាស៊ីនជាដើមក៏មានច្រើនម៉ូតស្អាតៗ។ បែបនេះហើយ ទើបការច្នៃម៉ូតសម្លៀកបំពាក់បានស្អាត ប្លែកៗ និងទាន់សម័យ។
1 . សម្រាប់ពិធីបុណ្យទាន ឬទៅវត្ដ
ក្នុងឱកាសបុណ្យទាន ស្ដ្រីខ្មែរទាំងក្មេងចាស់ត្រូវប្រើសំពត់ដែលច្នៃចេញពីក្រណាត់ផាមួង សូត្រ ឬហូល។ សម្រាប់ពិធីបែប នេះ នារីខ្មែរចូលចិត្ដប្រើសំពត់បត់ដែលមើលទៅសក្ដិសម និងស្រគត់ស្រគំ។ សំពត់បត់បច្ចុប្បន្នក៏មានម៉ូតខ្លះដែរ ដូចជាកាត់ឱ្យមានរូត ក្រោយ ឬរូតចំហៀងជាដើម។
ចំពោះអាវវិញ នារីច្រើនប្រើក្រណាត់ប៉ាក់ ព្រោះសម័យបច្ចុប្បន្ននេះក្រណាត់ប៉ាក់មានរំលេចជាក្បាច់ស្អាតៗ និងសម្បូរបែប ទៀតផង។ ឯចំណែកកអាវវិញមិនមានអ្វីប្លែកទេគ្រាន់តែមានច្រើនម៉ូត មានកមូល កមូលខ្ទះ ខ្ទះស្ទើរមូល ស្ទើរខ្ទះ កខ្ទះចំ ឬកត្របុត ត្រី ជាកអាវមានលក្ខណៈបែបខ្មែរ។ វាងាយស្រួលពាក់ និងមានលក្ខណៈបិតបាំងជិត មិនសូវវាលជ្រៅឬចំហខ្លាំងពេកទេ។ សម្រាប់ដៃ អាវ អាចជ្រើសរើសយកដៃខ្លី ដៃក្លឹង ដៃត្រ័រកា ឬដៃបំពង់ក៏បានតាមការចូលចិត្ដ។ នៅពេលទៅវត្ដ ស្ដ្រីច្រើនប្រើអាវប៉ាក់ជាមួយ ក្រមាពានា ប៉ុន្ដែក្រមាពានានោះ គប្បីមានពណ៌តម្រូវទៅតាមពណ៌សំពត់ផងដែរ ទើបសក្ដិសម។
សម្រាប់ពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរជាដើម បុរសស្ដ្រីគួរប្រើសំពត់ និងក្រមាពានាដែលមានពណ៌ទៅតាមថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍ទើបជាការប្រសើរ។ ពេលមានពិធីបុណ្យទានបែបនេះ គួរប្រើសម្លៀកបំពាក់បែបបុរាណ ប្រើអាវដែលមានកជិត ហើយមានពណ៌ស្រាលឱ្យបានច្រើន ព្រោះជាពិធីបុណ្យប្រពៃណីជាតិ។
2 . សម្រាប់ពិធីរាត្រីសមោសរ ឬពិធីអាពាហ៍ពិពាហ៍
ចំពោះពិធីស្រមោសរផ្សេងៗ បច្ចុប្បន្ននេះនារីខ្មែរទាំងក្មេងចាស់ចូលចិត្ដប្រើសម្លៀកបំពាក់ដែលមានលក្ខណៈឆើតឆាយ បន្ដិច។ ស្ដ្រីខ្លះចូលចិត្ដប្រើសំពត់ហូលជាមួយអាវដែលធ្វើឡើងពីក្រណាត់ផាមួងលាយជាមួយក្រណាត់ហូល ដើម្បីរំលេចឱ្យឃើញកាន់តែស្រស់ស្អាត។ ស្ដ្រីខ្លះប្រើសំពត់ហូលជាមួយអាវដែលធ្វើពីក្រណាត់ប៉ាក់។
- ចំពោះស្ដ្រីវ័យក្មេង ៖ ក្នុងពិធីស្រមោសរ យុវវ័យច្រើនលេងម៉ូតឆើតឆាយបន្ដិច ដូចជាប្រើក្រណាត់សារូលាយជាមួយក្រ ណាត់ផាមួង ឬក្រណាត់ប៉ាក់។ ជួនកាលគេច្នៃដាក់ផ្កាផ្សេងៗ ដេរជាអង្កាំរំលេចជាផ្កាភ្ញីនៅដៃអាវ ឬនៅកអាវ ដើម្បីឱ្យឃើញកាន់តែស្រស់ស្អាត។ ស្ដ្រីវ័យក្មេងច្រើននិយមជារ៉ូបបែបចោមពង់(មិនមានដៃ) ឬរ៉ូបដែលមានដៃតូចៗ។ ប៉ុន្ដែស្ដ្រីវ័យក្មេងខ្លះដែលមិនសូវ និយមភាពស៊ិចស៊ីអាចកាត់ជាស្បៃគ្របដណ្ដប់ពីលើខ្លួនទៀត។
- ចំពោះស្ដ្រីវ័យចំណាស់ ៖ ក្នុងការចូលរួមពិធីស្រមោសរ ស្ដ្រីឋិតក្នុងវ័យនេះច្រើនប្រើសំពត់បត់ដែលកាត់ចេញពីក្រណាត់ ហូល និងប្រើជាមួយអាវប៉ាក់ ឬអាវដែលកាត់ពីក្រណាត់ផាមួងលាយក្រណាត់ហូល ឬក្រណាត់សារូ។ ស្ដ្រីអាចប្រើកអាវដែលមានលក្ខណៈវាល ឬលេងម៉ូតបន្ដិចដែរ ដើម្បីឱ្យមើលទៅទាន់សម័យ។
សម្លៀកបំពាក់បុរស
ម៉ូតសម្លៀកបំពាក់សម្រាប់បុរសពីមួយឆ្នាំទៅមួយឆ្នាំគ្មានអ្វីគួរឱ្យប្លែកទេ។ ជាការងាយស្រួលបំផុតសម្រាប់បុរស ព្រោះសម្លៀកបំពាក់បុរសមិនទាមទារនូវការរចនាម៉ូតច្រើនពេកទេ គឺប្រើអាវកឌុប ដៃឌុប កតាំង ឬកកុតជាការស្រេច។ ប្រសិនបើទៅចូលរួមក្នុងពិធីរាត្រីស្រមោសរ ឬទៅវត្ដ បុរសគ្រាន់តែប្រើអាវដែលកាត់ពីក្រណាត់ហូល ឬផាមួងជាការថ្លៃថ្នូរទៅហើយ។ ប្រសិនបើ ជាម្ចាស់កម្មវិធី ជាអ្នកទទួលភ្ញៀវគេច្រើនប្រើក្រណាត់សូត្រ និងហូលជាការល្អ ដើម្បីឱ្យសក្ដិសមជាម្ចាស់កម្មវិធី។
ការជ្រើសរើសពណ៌សម្លៀកបំពាក់
ការជ្រើសរើសពណ៌ជាការសំខាន់ផងដែរ សម្រាប់បុរសស្ដ្រី្ដទាំងឡាយ។ សម្រាប់បុរសស្ដ្រីដែលមានសម្បុរខ្មៅស្រអែម គួរ ជ្រើសរើសពណ៌ណាស្រស់បន្ដិច ដើម្បីឱ្យលើកសាច់បានមួយកម្រិត ហើយមិនគួរប្រើពណ៌ស្រអាប់ដែលនាំឱ្យសប្បុរកាន់តែស្រអាប់ ថែមទៀតនោះទេ។ ប៉ុន្ដែសម្រាប់មនុស្សវ័យចំណាស់ លោកអ្នកមិនគួរប្រើពណ៌ស្រស់ពេកទេ ព្រោះមើលទៅមិនសក្ដិសមនឹងវ័យឡើយ។
ពណ៌ទាំង៧នៃសប្ដាហ៍
- ថ្ងៃច័ន្ទ ប្រើពណ៌លឿងទុំ
- ថ្ងៃអង្គារ ប្រើពណ៌ស្វាយ
- ថ្ងៃពុធ ប្រើពណ៌ស៊ីលាប (ពណ៌បៃតងខ្ចី)
- ថ្ងៃព្រហស្បត៍ ប្រើពណ៌បៃតងចាស់
- ថ្ងៃសុក្រ ប្រើពណ៌ខៀវ
- ថ្ងៃសៅរ៍ ប្រើពណ៌ព្រីងទុំ ឬពណ៌គ្រាប់អំពិល
- ថ្ងៃអាទិត្យ ប្រើពណ៌ក្រហម
ដំបូន្មានអ្នកប្រឹក្សា
គ្មានអ្វីល្អប្រសើរជាងការស្លៀកពាក់ត្រូវទៅតាមកាលៈទេសៈឡើយ។ មុននឹងសម្រេចចិត្ដកាត់សម្លៀកបំពាក់បែបណានោះ បុរសស្ដ្រីទាំងឡាយគួរធ្វើការប្រឹក្សាជាមួយអ្នកជំនាញកាត់ដេរជាមុនទើបជាការប្រសើរ ដើម្បីចៀសវាងការចំណាយថវិកាឥតប្រយោជន៍។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply