នាងខ្ញុំទើបតែមានកូនប្រុសម្នាក់អាយុ១ខួប។ កូននាងខ្ញុំឧស្សាហ៍ឈឺណាស់ នាងខ្ញុំបារម្ភ។ នាងខ្ញុំចង់សួរវេជ្ជបណ្ឌិតយើងថាក្រៅពីគ្រុនក្ដៅខ្លួន និងការស្រែកយំ តើមានរោគសញ្ញាអ្វីផ្សេងទៀត ដែលអាចប្រាប់ឱ្យដឹងថាកូនង៉ែតមានជម្ងឺ និងមានរោគសញ្ញាអាសន្ន ដែរឬទេ?
អ្នកនាង ច.ច.ល អាយុ២៤ឆ្នាំ ខេត្ដកណ្ដាល
វេជ្ជបណ្ឌិតយើងៈ ពិតជាពិបាកណាស់ ដោយសារកូនង៉ែតមិនទាន់ចេះនិយាយ។ ពេលកូនមានជម្ងឺអាចដឹងថាឈឺ ឬមិនឈឺ ដោយពឹងផ្អែកទាំងស្រុងទៅលើភ្នែក និងការស្ដាប់ឮរបស់ឪពុកម្ដាយ។ ប៉ុន្ដែមានរោគសញ្ញាជាច្រើនធ្វើឱ្យយើងគិតដល់ស្ថានភាពជម្ងឺធ្ងន់ធ្ងររបស់កូនង៉ែត ដូចជាក្មេងគេងច្រើនជាងធម្មតា មិនរវីរវល់នឹងអ្នកជុំវិញខ្លួន ប្រកាច់ឡើងស្វាយមុខ ស្វាយបបូរមាត់ជាដើម។ ហើយមានឃើញរោគសញ្ញាដទៃទៀតត្រូវចាប់អារម្មណ៍ផងដែរ ជាអាទិបញ្ហាផ្លូវដង្ហើម(កូនង៉ែតពិបាកដកដង្ហើម ឬដកដង្ហើមឮសម្លេងឃូរខុសធម្មតា) រាករូស ក្អួត កន្ទួលរមាស់លើស្បែក កូនង៉ែតមិនព្រមបៅ មិនព្រមញ៉ាំអ្វីសោះជាដើម។ ម្យ៉ាងទៀតស្ថានភាពរិតតែគ្រោះថ្នាក់ បើអ្នកនាងឃើញថាមានកាយវិការមិនធម្មតា ហើយអ្នកនាងមានអារម្មណ៍ អសមត្ថភាពក្នុងការថែទាំកូន ឬមិនចង់ថែទាំវាទៀតទេ។ ក្នុងករណីបែបនេះ អ្នកនាងគួរតែប្រញាប់ប្រញាល់រួសរាន់ យកកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជម្ងឺកុមារ។
វេជ្ជបណ្ឌិតយើងសូមផ្ដាំថាបើអ្នកនាងឃើញកូនរបស់អ្នកនាងមានរោគសញ្ញាដូចរៀបរាប់ខាងលើនេះ សូមប្រញាប់ប្រញាល់ នាំកូនទៅជួបគ្រូពេទ្យ ឬទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply