នាងខ្ញុំហាក់ដូចជាមិនសូវយល់ដឹងអំពីផ្លូវភេទនោះទេ ប៉ុន្ដែចង់លើកជាសំណួរបែបល្ងិតល្ងង់ចោទសួរលោកវេជ្ជបណ្ឌិតថា តើក្មេងប្រុសជំទង់ពិតជាឡើងរឹងនៅពេលព្រឹកមែនឬ? ហើយមានរយៈពេលប៉ុន្មានទៅ? តើគាត់គិតពីរឿងអ្វីគេបានជាដូច្នេះ? ហើយពេលនេះតើគាត់ធ្វើអ្វីទៅ លេងប្រដាប់ភេទឬចង់រកស្រីម្នាក់? នាងខ្ញុំសង្ឃឹមថាលោកវេជ្ជបណ្ឌិតមិនសើចមិនយំនឹងសំណួររបស់នាងខ្ញុំនោះទេ។ សូមអរគុណទុកជាមុន។
កញ្ញា ច. ច. រ អាយុ១៩ឆ្នាំ កំពង់ចាម
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនអីទេ ប្អូនស្រី។ សំណួររបស់ប្អូនស្រីមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជាការយល់ដឹង។ តាមធម្មតា មនុស្សប្រុសច្រើនតែមានលិង្គឡើងរឹងនៅពេលយប់ ជាពិសេសពេលមានការយល់សប្ដិ ចំណែកឯស្ដ្រីគ្រាន់តែមានសំណើម ទ្វារមាស។ មិនមែនសុទ្ធតែសុបិន្ដដែលស្រើបស្រាលទើបមានការឡើងរឹងនោះទេ។ បុរសច្រើនតែភ្ញាក់ដឹងខ្លួននៅពេលលិង្គឡើងរឹងឬ ក្រោយពេលលិង្គឡើងរឹង។ បុរសដែលមានវ័យកាន់តែចាស់ មិនសូវជាភ្ញាក់មកមានលិង្គឡើងរឹងនោះទេ។ ដូច្នេះរយៈពេលឡើងរឹងនៃលិង្គ គឺអាស្រ័យទៅតាមបុគ្គលម្នាក់ៗ។ ប៉ុន្ដែបើប្លោកនោមពោរពេញទៅដោយទឹកនោម ការឡើងរឹងមានរយៈពេលរៀងយូរបន្ដិច។ បុរសដែលភ្ញាក់ដឹងខ្លួនពេលលិង្គនៅរឹង មិនសូវជាមានអារម្មណ៍ថាចង់លេងប្រដាប់ភេទឬចង់រួមភេទនោះទេ។ វាអាចជាពេលវេលាមួយស្រួលអារម្មណ៍ និងសន្ធឹងសន្ធៃ។ ប៉ុន្ដែវាក៏អាចជាស្ថានភាពឬបរិការណ៍ដែលនាំឱ្យគ្រប់គ្រងអារម្មណ៍មិនបាន ឬចង់ឱបថើប ដើម្បីរម្ងាប់ការឡើងរឹងនេះទៅវិញផងដែរ។
Leave a Reply