ទឹកដោះម្ដាយមានប្រយោជន៍ច្រើនយ៉ាងសម្រាប់ទ្រទ្រង់រាងកាយទារកតូចដែលមិនមានលទ្ធភាពទទួលយកចំណីអាហារបាន។ ស្ដ្រីភាគច្រើនបំបៅកូនដោយទឹកដោះរបស់ខ្លួនផ្ទាល់ដោយមិនត្រូវការជំនួយពីម្សៅទឹកដោះគោឡើយ។ ប៉ុន្ដែស្ដ្រីមួយចំនូនជួបប្រទះបញ្ហាទឹកដោះមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន ឬមិនមានទឹកដោះតែម្ដង។ តើមកពីហេតុអ្វីទៅទើបស្ដ្រីទាំងនោះមិនសម្បូរទឹកដោះ?
កាលពីការចេញផ្សាយលេខមុនៗ លោកអ្នកបានទទួលជ្រាបរួចមកហើយអំពីសារៈប្រយោជន៍នៃទឹកដោះម្ដាយ និងការបំ បៅដោះជួយពន្យារកំណើត។ ដោយឡែកសម្រាប់លេខនេះ លោកអ្នកបានជ្រាបជាបន្ដទៀតអំពីមូលហេតុពិតប្រាកដដែលធ្វើឱ្យស្ដ្រី មួយចំនួនមិនសម្បូរទឹកដោះសម្រាប់បំបៅកូន តាមរយៈការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត អ៊ូ សារឿន អនុប្រធានផ្នែកសម្ភព នៃមជ្ឈមណ្ឌលគាំពារមាតា និងទារកលើទំព័រ ទស្សនាវដ្ដី សុខភាពយើង។
ទឹកដោះម្ដាយជាអាហារដ៏ពិសិដ្ឋ
ទឹកដោះម្ដាយជាអាហារដ៏ពិសេសដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមគ្រប់បែបយ៉ាងសម្រាប់តម្រូវការរបស់ទារកក្នុងរយៈពេល៤ទៅ៦ខែដំបូង។ ទឹកដោះម្ដាយផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន។
- ជាតិប្រូតេអ៊ីន និងជាតិខ្លាញ់យ៉ាងច្រើនសម្រាប់ទារកក្នុងចំនួនសមស្របនិងត្រឹមត្រូវ
- ជាតិឡាក់តូស(ជាតិស្ករក្នុងទឹកដោះ)ច្រើនជាងទឹកដោះដទៃទៀតដែលជាតម្រូវការរបស់ទារក
- មានជីវជាតិគ្រប់គ្រាន់សម្រាប់ទារកដោយមិនចាំបាច់ត្រូវបន្ថែមជីវជាតិដទៃទៀតទេ
- មានជាតិដែកគ្រប់គ្រាន់សម្រាប់ទារក។ ជាតិដែកនៅក្នុងទឹកដោះម្ដាយមិនមានចំនួនច្រើនលើសលប់ទេតែអាចសមល្មម សម្រាប់ទារកដែលមិនបណ្ដាលឱ្យជួបភាពស្លេកស្លាំងដែលបណ្ដាលមកពីកង្វះសារជាតិដែក។
- មានសារជាតិទឹកគ្រប់គ្រាន់ ទោះបីជាអាកាសធាតុក្ដៅស្ងួតយ៉ាងណាក៏ដោយ
- អំបិលកាល់ស្យូម និងហ្វូស្វាតត្រឹមត្រូវ
- មានអង់ស្ស៊ីមពិសេស(លីប៉េស)ដែលជួយរំលាយខ្លាញ់។
ទឹកដោះម្ដាយមិនគ្រប់គ្រាន់
មានស្ដ្រីមិនតិចនាក់ទេដែលក្រោយពេលសម្រាលតែងតែពោលថា នាងខ្ញុំមិនសូវសម្បូរទឹកដោះ ឬមានទឹកដោះមិនគ្រប់គ្រាន់។ នេះជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឱ្យម្ដាយចង់បំបៅកូនដោយដបទឹកដោះគោ ឬទឹកបបរឆាប់ពេក។ ប្រការដែលមានទឹកដោះមិនគ្រប់គ្រាន់នោះ គឺជាការយល់ឃើញ និងការគិតរបស់អ្នកម្ដាយតែប៉ុណ្ណោះ។ តាមពិតទៅម្ដាយទាំងអស់អាចមានទឹកដោះគ្រប់គ្រាន់សម្រាប់ទារករបស់គាត់ ទោះបីជាទារកភ្លោះក៏ដោយ។ សំខាន់គឺស្ដ្រីត្រូវមានជំនឿចិត្ដ និងយកចិត្ដទុកដាក់បំបៅកូន។ មានបញ្ហាមួយចំនួនដែលធ្វើឱ្យម្ដាយគិតថាទឹកដោះមិនគ្រប់គ្រាន់ ដែលមានដើមចមមកពីទារក និងម្ដាយ។
1 . បញ្ហារបស់ទារក
- ទារកយំច្រើនជាងការគិតរបស់ម្ដាយ និងក្រុមគ្រួសារ
- ទារកបៅច្រើនហើយញឹកញាប់ជាងទារកផ្សេងទៀត បើតាមការគិតរបស់ម្ដាយ
- រយៈពេលបៅម្ដងយូរលើសពី១៥ទៅ២០នាទី
- ទារកខឹងដោះហើយមិនព្រមបៅដោះ
- ទារកជញ្ជក់ដៃរបស់វា
- ពេលឱ្យបៅទឹកដោះគោដោយប្រើដបទារកដេកលក់បានយូរ
2 . បញ្ហារបស់ម្ដាយ
- ដោះរបស់ម្ដាយមិនមានទឹកដោះនៅពេលទារកកើតមកភ្លាម
- ដោះមានសភាពទន់ជាងពេលមុន
- ឈប់ស្រក់ទឹកដោះ
បញ្ហាទាំងអស់នេះ ជាពិសេសបញ្ហារបស់ម្ដាយ អាចកើតឡើងដោយសារកត្ដាចិត្ដសាស្ដ្រ និងកង្វះបទពិសោធន៍ច្រើនជាង។ សូមអ្នកម្ដាយទាំងឡាយរកជំនួយពីអ្នកមានបទពិសោធន៍ ឬគ្រូពេទ្យដើម្បីបំបៅដោះកូន។ ការសង្កេតថាទារកបៅគ្រប់គ្រាន់ ឬក៏អត់ ជារឿងងាយស្រួលទេ អ្នកម្ដាយត្រូវតាមដាន ការនោម របស់ទារក។ បើទារកនោមលើសពី៦ដងក្នុងរយៈពេល២៤ម៉ោង ហើយទឹក នោមរបស់ទារកមានពណ៌លឿងស្រាលនោះមានន័យថាទារកបៅដោះគ្រប់គ្រាន់ហើយ។ ក្រៅពីនេះ មានការរំខានដល់ការបៅដោះកូន មួយចំនួនទៀតដែលកើតមានឡើងចំពោះម្ដាយ ដូចជាដោះឡើងខ្លាំងហើយឈឺ(លៀសដោះ) ដោះហើមខ្លាំងហើយឈឺចុងដោះ ឈឺ ប្រេះលិប ឬចុងដោះវែងពេក ទារកមិនព្រមបៅដោះ មានឈាមនៅក្នុងទឹកដោះជាដើម។
ឱ្យមានទឹកដោះគ្រប់គ្រាន់
គ្រប់ម្ដាយទាំងអស់ដែលបំបៅកូនដោយទឹកដោះ ចាំបាច់ត្រូវយល់ដឹងពីកក្ដាមួយចំនួនដែលអាចឱ្យលោកស្រីមានទឹកដោះ គ្រប់គ្រាន់ក្នុងការចិញ្ចឹមកូនតូច។ ប្រការសំខាន់ពីរ ដែលទាក់ទងទៅនឹងការផលិតទឹកដោះ និងស្ថានភាពបំបៅទារក។
1 . ការផលិតទឹកដោះ ៖ អ្នកម្ដាយត្រូវយល់ពីឥទ្ធិពលនៃការជញ្ជក់ដោះទៅលើការផលិតទឹកដោះ។ ប្រសិនបើទារកជញ្ជក់ដោះបានច្រើន ដោះក៏ផលិតទឹកដោះបានច្រើនទៅតាមនោះដែរ។ បើសិនជាទារកជញ្ជក់ដោះបានតិច ដោះក៏ផលិតទឹកដោះបានតិចដែរ។ ក្នុងករណីដែលទារកឈប់ជញ្ជក់ដោះ ឬមិនដែលជញ្ជក់ដោះនោះ ដោះនឹងលែងផលិតទឹកដោះទៀតហើយ។ ផ្ទុយទៅវិញបើ ម្ដាយមានកូនភ្លោះហើយកូនទាំងពីរជញ្ជក់ដោះនោះ ដោះនឹងផលិតទឹកដោះបន្ថែមសម្រាប់តម្រូវការរបស់កូនទាំងពីរ។ ទាំងនេះហៅ ថាការផ្គត់ផ្គង់ និងការទាមទារ។ ដោះផ្គត់ផ្គង់ទឹកដោះទៅតាមការទាមទាររបស់ទារក។ អ្នកម្ដាយមិនត្រូវព្យាយាមសន្សំទឹកដោះទុក នោះទេ ព្រោះវាធ្វើឱ្យដោះផលិតទឹកតិចជាងមុន។ សរុបមកវិញការបំបៅដោះកូនកាន់តែញឹកញាប់ ការផលិតទឹកដោះកាន់តែច្រើន ជាពិសេសការបំបៅដោះកូននៅពេលយប់ ព្រោះក្រពេញភីទីអ៊ិតូរីបញ្ចេញប្រូឡាក់ទីននៅពេលយប់ច្រើនជាងនៅពេលថ្ងៃ។ ដើម្បីឱ្យម្ដាយមានសុខភាពមាំមួនក៏ដូចជាជំរុញឱ្យការផលិតទឹកដោះកាន់តែប្រសើរនោះ អ្នកម្ដាយត្រូវបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកប ដោយជីវជាតិ។
2 . ស្ថានភាពបំបៅទារក ៖ មិនមែនឱ្យតែមាត់ទារកដល់ដោះសុទ្ធតែអាចបៅបាននោះទេ ចាំបាច់ត្រូវតែបំបៅកូនក្នុងស្ថានភាពត្រឹមត្រូវ ដើម្បីឱ្យទារកបៅបានឆ្អែតស្កប់ស្កល់(ទារកបៅទាល់តែដេកលក់ក្នុងខណៈដែលចុងដោះម្ដាយនៅក្នុងមាត់នៅឡើយ)។ ស្ថានភាពត្រឹមត្រូវក្នុងការបំបៅដោះដល់ទារកមាន ៖
- ក្បាល និងដងខ្លួនទារកគួរស្ថិតនៅបន្ទាត់តែមួយ
- មុខរបស់ទារកនៅចំពីមុខដោះ ច្រមុះទល់នឹងក្បាលដោះ
- ម្ដាយគួរបីទារកឱ្យផ្អឹបនឹងកូន(បែរមុខរកគ្នា)
- ប្រសិនបើទារកទើបនឹងកើត អ្នកម្ដាយគួរតែជួយទ្រត្រគាករបស់ទារក មិនមែនទ្រក្បាលនិងស្មាឡើយ
- ម្រាមដៃរបស់ម្ដាយត្រូវដាក់ចូលនៅផ្នែកខាងចុងដង្ហើម ហើយផ្អឹបម្រាមដើម្បីទ្រគល់ដោះ និងដាក់ក្នុងចន្លោះមេដៃ
- ម្ដាយគួររុញបបូរមាត់ទារកឱ្យប៉ះនឹងចុងដោះរបស់ខ្លួនរហូតដល់ទារកហាមាត់ធំ ហើយប្រញាប់ឱ្យទារកបៅដោះ និងធ្វើ យ៉ាងណាឱ្យបបូរមាត់ខាងក្រោមរបស់ទារកស្ថិតនៅពីក្រោមចុងដោះ។
ដំបូន្មានអ្នកជំនាញ
គ្រប់ម្ដាយទាំងអស់គប្បីបំបៅកូនដោយទឹកដោះរបស់ខ្លួនជាជាងការបំបៅកូនដោយដប។ ព្រោះក្រៅពីត្រូវចំណាយប្រាក់ ច្រើនហើយ ជួនកាលធ្វើឱ្យត្រូវប្រឈមមុខនឹងជម្ងឺផ្សេងៗទៀតផង។ ការបំបៅកូនដោយទឹកដោះម្ដាយជាមធ្យោបាយមួយប្រកបដោ យប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់ឱ្យទារកនូវការថែទាំ និងផ្ដល់នូវអាហារគ្រប់គ្រាន់ដែលអាចការពារការឆ្លងរោគ និងជម្ងឺនានាបាន។ គ្មានអ្វីដែលអាចជំនួសទឹកដោះ និងសេចក្ដីស្រឡាញ់របស់ម្ដាយបានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply