បបូរមាត់ស្រស់ស្អាតដ៏មានមន្ដស្នេហ៍ជាចំណុចចាប់អារម្មណ៍ខ្លាំងរបស់មនុស្សទូទៅ។ បបូរមាត់ស្អាតបានអាស្រ័យលើទំហំ នៃបបូរមាត់ និងការរៀបចំតុបតែងបន្ថែមទៀត។ ភាពស្រស់ស្អាតនៃបបូរមាត់ពីធម្មជាតិងាយស្រួលក្នុងការតុបតែងបំផុត។ ដោយសារមានការរីកចម្រើនខាងកែសម្ផស្ស ចំពោះលោកអ្នកដែលមិនសូវមានបបូរមាត់ស្អាត ក៏អាចកែលម្អឱ្យស្អាតបានដែរ។
លោកស្រី ច័ន្ទ ស្រីណុច ម្ចាស់ហាងកែសម្ផស្ស មី កា សា ចូលរួមមកបកស្រាយអំពីរបៀបគូសបបូរមាត់ ដោយជួបសម្ភាសន៍ផ្ទាល់ជាមួយទស្សនាវដ្ដី សុខភាពយើង។
វិធីលាបបបូរមាត់
ការលាបបបូរមាត់ជាការតុបតែងធម្មតា។ ប៉ុន្ដែមិនមែនមានន័យថាលាបឱ្យតែបាននោះឡើយ តែអាស្រ័យលើការផ្ចិតផ្ចង់ យកចិត្ដទុកដាក់ត្រឹមត្រូវ ទើបឃើញភាពស្រស់ស្អាតនៃបបូរមាត់។ ជាជំហ៊ានដំបូងត្រូវជ្រើសរើសក្រែមឱ្យសមជាមួយនឹងពណ៌សម្លៀកបំពាក់ដែលលោកអ្នកស្លៀកពាក់ ហើយសូមយកពណ៌ក្រែមនោះមកលាបពីលើបបូរមាត់ឱ្យបានសក្ដិសមតាមទំហំបបូរមាត់។ បន្ទាប់មកសូមយកក្រែមរលោងមកលាបពីលើ ដើម្បីបន្ថែមនូវភាពស្រស់ស្អាតមួយកម្រិតទៀត។
មិត្ដនារីមួយចំនួនមានបបូរមាត់ស្អាតទាំងលើ និងខាងក្រោម ហើយថែមទាំងមានពណ៌បបូរមាត់ក្រហមព្រឿងៗពីធម្មជាតិ បបូរមាត់បែបនេះងាយស្រួលក្នុងការតុបតែង និងងាយជ្រើសរើសពណ៌ក្រែមសម្រាប់តុបតែង។ ប៉ុន្ដែមានមិត្ដនារីមួយចំនួនមានបបូរមាត់មិនសូវស្រស់ស្អាត ដូចជាបបូរមាត់ធំ បបូរមាត់តូច ឬក៏សម្បុរបបូរមាត់ខ្មៅ។
1 . បបូរមាត់ធំ ៖ មិត្ដនារីខ្លះមានបបូរមាត់លើរាងតូចហើយខាងក្រោមរាងធំបន្ដិច។ ចំពោះបបូរមាត់បែបនេះ មិត្ដនារីគួរតែលាបបបូរមាត់ខាងលើធម្មតា ហើយខាងក្រោមត្រូវលាបចូលក្នុងឱ្យផុតពីគែមនៃបបូរមាត់បន្ដិច។ ការលាបបែបនេះជួយឱ្យមានលក្ខណៈសមរម្យទាំងបបូរមាត់ខាងលើ និងបបូរមាត់ខាងក្រោម។ ម្យ៉ាងទៀតលោកស្រីអ្នកនាងកញ្ញាដែលមានបបូរមាត់រាងធំទាំងពីរ គួរតែលាបចូលក្នុងឱ្យផុតពីគែមនៃបបូរមាត់ទាំងខាងលើ ទាំងខាងក្រោម។
2 . បបូរមាត់តូច ៖ មិត្ដនារីមានបបូរមាត់តូចស្អាត មិនពិបាកក្នុងការលាបឡើយ។ ប៉ុន្ដែលោកស្រីអ្នកនាងកញ្ញាគួរតែលាបឱ្យស្មើគែមលើ និងគែមក្រោមទើបឃើញរាងធំបន្ដិច។
3. បបូរមាត់ខ្មៅ ៖ អ្នកដែលមានបបូរមាត់ខ្មៅត្រូវជ្រើសរើសក្រែមពណ៌ផ្កាឈូកទើបល្អប្រសើរ ឬក្រែមប្រភេទណាពណ៌រាងច្បាស់ ហើយជាប់បានល្អ។ ដើម្បីចៀសវាងនូវការប៉ះទង្គិចនៃស្បែកបបូរមាត់ មិត្ដនារីគួរតែជ្រើសរើសក្រែមដែលមានគុណភាព ព្រមទាំងតម្លៃសមរម្យ។
ដំបូន្មានអ្នកប្រឹក្សា
សូមមិត្ដនារីយកចិត្ដទុកដាក់ក្នុងការលាបបបូរមាត់បន្ដិចទើបល្អ ព្រោះមិនអាចចេះតែលាបបានឡើយ។ សម្រាប់ការរស់នៅប្រចាំថ្ងៃ មិនគួរគូសបបូរមាត់ទេ។ ការលាបបបូរមាត់គួរលាបជារៀងរាល់ថ្ងៃដោយរើសយកក្រែមប្រភេទណាដែលត្រូវជាមួយស្បែកបបូរមាត់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply