គ្មាន​រដូវ

សូម​ជម្រាបសួរ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ! នាងខ្ញុំ​មាន​មោទនៈភាព​ខ្លាំងណាស់​ជាមួយ​លោកគ្រូ។ នៅក្នុង​បន្ទប់​ធ្វើការ​របស់​នាងខ្ញុំ​ពោរពេញ​ទៅដោយ​ទស្សនាវដ្ដី សុខភាព​យើង តាំងពីលេខ១​រៀងមក។ សព្វថ្ងៃ​នាងខ្ញុំ​អាយុ​២០ឆ្នាំ នាងខ្ញុំ​មានចម្ងល់​មួយ​ចង់សួរ​លោក វេជ្ជបណ្ឌិត។ រហូត​មកដល់​សព្វថ្ងៃ​នេះ នាងខ្ញុំ​មិនទាន់​មករដូវ​នៅឡើយ​ទេ។ តើជា​រឿង​ធម្មតា ឬ​បែបណា​ទៅ? សូម​អរគុណ​លោក​វេជ្ជបណ្ឌិត ទុក​ជាមុន។
កញ្ញា ក. ច. ព អាយុ​២០ឆ្នាំ ភ្នំពេញ

វេជ្ជ​បណ្ឌិត លី ចេងហ៊ុយ ៖ សូម​អរគុណ​ប្អូនស្រី​ដែលបាន​គាំទ្រ​ខ្ញុំបាទ និង​ទស្សនាវដ្ដី សុខភាព​យើង។ ក្នុងនាម​គ្រូពេទ្យ​ខ្មែរ​មួយរូប ខ្ញុំបាទ​រំភើប​ខ្លាំងណាស់ ដែលបាន​ទទួលការ​គាំទ្រ​ពីប្អូនស្រី និង​ប្រជាពលរដ្ឋខ្មែរ​ស្ទើរតែ​ទូទាំង​ប្រទេស​បែបនេះ។ នាពេល​ឆាប់​ខាងមុខ​នេះ ប្អូនស្រី នឹង​ទទួលបាន​ស្នាដៃ​របស់​ខ្ញុំបាទ​ជាច្រើន​ផ្សេងទៀត ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ដ៏កម្សត់​របស់​យើង។ សូម​អភ័យ​ទោស​ចំពោះ​ប្អូនស្រី​ផងដែរ ចំពោះការ​ឆ្លើយ​សំណួរ​របស់​ប្អូនស្រី​មិនបាន​រហ័ស ដោយសារ​តែសំណួរ​មិត្ដអ្នក​អាន​មានច្រើន និង​ខ្ញុំបាទ​មាន​ពេលវេលា​មមាញឹក។

ទាក់ទង​នឹង​សំណួរ​របស់​ប្អូនស្រី អំពីការ​មិនទាន់​មករដូវ​នៅអាយុ​២០ឆ្នាំ​ទៅហើយ​នោះ គឺវា​ទាក់ទង​យ៉ាងខ្លាំង​ទៅនឹង​ដំណើរ​ការ​អ័រម៉ូន របស់​សព៌ាង្គកាយ​ប្អូនស្រី​ផ្ទាល់។ ពីព្រោះ​ថា ការមក​រដូវ​របស់ស្ដ្រី​កំណត់​ដោយ​មេជីវិត និង​អ័រម៉ូ​ន​ភេទ​របស់ស្ដ្រី​ផ្ទាល់តែ​ម្ដង។ បើតាម​ការសន្និដ្ឋាន​របស់​ខ្ញុំបាទ ប្អូនស្រី​អាចមាន​បញ្ហា​ផ្សេងទៀត​ដែលពាក់ព័ន្ធ​ជាមួយ​នឹងការ​មក​រដូវនេះ​ផ្ទាល់តែ​ម្ដង មិនមែន​តែករណីអ័រម៉ូន​តែមួយ​មុខនោះ​ទេ ជាអាទិការ​ទទួលទាន​អាហារ ការ​ហាត់ប្រាណ និង​ទម្ងន់ខ្លួន។ ហេតុនេះ ប្អូនស្រី​ត្រូវ​ផ្ទៀងផ្ទាត់​ថា ខ្លួន​ឃ្លានអាហារ​ធម្មតា និង​ទទួលទាន​បាន​ត្រឹមត្រូវ ដែរឬ​ក៏អត់ មិន​ហាត់ប្រាណ​ច្រើន​ហួសហេតុ​នោះទេ និងមាន​ទម្ងន់ខ្លួន​ត្រឹមត្រូវ។ បើអ្វីៗ​ធម្មតាទាំងអស់ ប្អូនស្រី​ត្រូវ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​វិភាគអ័រម៉ូន និងការ​វិភាគ​វេជ្ជសាស្ដ្រ​ផ្សេងៗទៀត។ តាមរយៈ​លទ្ធផល​ទាំងនេះ ប្អូនស្រី​នឹងអាច​ដឹងអំពី​មូលហេតុ​នៃការ​មិនទាន់​មករដូវ​នេះ និង​វិធី​កែតម្រូវ ដែលជាការ​ព្យាបាល​ឬជាការ​ថែទាំ​សុខភាព​រាងកាយ។ សូម​ប្អូនស្រី ជួបតែ​សំណាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *