កាលពីថ្ងៃបុណ្យសង្សារកន្លងមកនេះ ខ្ញុំបាទបាននាំសង្សារដើរលេង ពេលនោះខ្ញុំជក់បារី និងទទួលទានសុរារាងជ្រុលបន្ដិច។ ខ្ញុំឈឹក្បាល និងស្រវឹងជោកតែម្ដង ហើយកើតមានអារម្មណ៍ចង់រួមភេទជាមួយនាង។ ពេលគេងជាមួយគ្នានៅឯផ្ទះសំណាក់ ខ្ញុំបាទមិនបានប្រើស្រោមអនាម័យទេ។ ឥឡូវនេះ ខ្ញុំបាទភ័យណាស់មិនដឹងមានរឿងអ្វីកើតឡើងទេ? ខ្ញុំបាទសូមបញ្ជាក់ថា នេះជាការរួមភេទ លើកដំបូងហើយ។ សូមលោកវេជ្ជបណ្ឌិតជួយប្រាប់ខ្ញុំផង។
លោក អ. ទ. អ អាយុ១៩ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមប្អូនកុំអាលភ័យពេក។ ពិតប្រាកដណាស់ ក្នុងការរួមភេទលើកដំបូង ហើយចំពេលដែលប្អូន ស្រវឹងស្រា បាត់បង់ស្មារតី ប្អូនពិតជាពិបាកចងចាំ និងនឹកឃើញទាំងអស់ខ្លាំងណាស់។ ការធ្វេសប្រហែសបែបនេះ ប្អូនអាចប្រឈម មុខ២រឿង គឺការឆ្លងមេរោគកាមរោគ និងការមានផ្ទៃពោះដែលមិនចង់បាន(ចំពោះសង្សាររបស់ប្អូនប្រុស)។ បើប្អូនសង្ស័យថា អាចឆ្លងជម្ងឺកាមរោគ និងជម្ងឺអេដស៍ ប្អូនត្រូវទៅរកកន្លែងពិនិត្យជម្ងឺកាមរោគ និងកន្លែងធ្វើតេស្ដឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃ។ ប្អូនត្រូវដឹងថា ពេលនោះប្អូនស្រីដែលជាសង្សារប្អូនក៏គាត់កំពុងភ័យមិនតិចដែរទេ ទាំងជម្ងឺអេដស៍ កាមរោគ ទាំងការមានផ្ទៃពោះដែលមិនចង់បាន។ បើករណីបែបនេះមែន សូមប្អូននាំគាត់ទៅធ្វើតេស្ដឈាមផង និងករណីមានផ្ទៃពោះ សូមនាំគ្នាទៅជួបអ្នកជំនាញខាងពន្យារកំណើត ជួបគ្រូពេទ្យ ឬឱសថស្ថាន ដើម្បីរកគ្រាប់ថ្នាំពន្យារកំណើតបន្ទាន់។ សង្ឃឹមថាប្អូនទាំងពីរមានសំណាងល្អ និងឈប់រំលោភប្រពៃណីខ្មែរទៀតហើយ។ លទ្ធផលនៃថ្ងៃបុណ្យសង្សារគឺបែបនេះឯង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply