រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានជំរុញដល់និស្សិតពេទ្យចាប់ផ្តើមគិតគូពីការគោរពក្រមសីលធ៌មវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការមករកសេវារបស់ខ្លួន។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមានប្រសាសន៍ក្នុងពិធីបើកបវេសនកាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាព្រឹកថ្ងៃពុធ ទី២៤តុលាកន្លងមកថា ក្រមសីលធ៌មពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ព្រោះក្រៅពីឳពុកម្តាយមានតែគ្រូពេទ្យទេដែលអាចប៉ះពាល់សាច់ឈាមកូនរបស់ពួកគេ។ លោកបន្តថា និស្សិតទាំងអស់ក៏ត្រូវដឹងគុណគ្រូ សាស្រ្តាចារ្យដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗ តាំងពីអត់មានប្រាក់ម៉ោងបន្ថែម រហូតដល់មានអ្វីៗទាំងអស់នាថ្ងៃនេះ។
លោកបន្តថា “គុណធ៌ម សីលធ៌មវិជ្ជាជីវៈមានសារៈសំខាន់ណាស់ ព្រោះយើងជាពេទ្យត្រូវតែមានគុណធ៌ម និងសីមធ៌មក្នុងសង្គម ដើម្បីឲ្យប្រជាពលរដ្ឋស្រលាញ និងផ្តល់ទំនុកចិត្ត ”។ លោកបន្តថា “ដើម្បីផលិតបានបញ្ញវ័ន្តមួយរូបពូកែ យើងត្រូវមានគ្រូពូកែ ហើយកាន់តែមិនអាចខ្វះបានទៀតនោះ គឺត្រូវមាននិស្សិត ដែលព្យាយាម ឆ្លាតវៃ និងមានគុណធ៌ម ”។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវអភិវឌ្ឈន៍ខ្លួនឲ្យកាន់តែប្រសើរទ្បើង ដើម្បីត្រៀមខ្លួនធ្វើសមាហរណកម្មជាមួយបណ្តាប្រទេសអាស៊ាននៅឆ្នាំ២០១៥ខាងមុខ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវខិតខំស្វះស្វែងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឈន៍ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទាំងក្នុង និងក្រៅប្រទេស ជាពិសេសជាមួយបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ដើម្បីសិក្សាបទពិសោធន៍ និងត្រៀមលក្ខណៈជាជំហ៊ានៗ ផលិតនូវអ្នកជំនាញសុខាភិបាល ដែលអាចសមាហរណកម្មក្នុងសហគមន៍អាស៊ាន។ លោករដ្ឋមន្រ្តីបញ្ជាក់។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឈនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានមានប្រសាសន៍ថា ក្នុងទិសដៅអភិវឌ្ឈន៍ធនធានមនុស្សឲ្យបានកាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានភារៈកិច្ចអនុវត្ត ពង្រឹង និងពង្រីកគុណភាពអប់រំលើវិស័យសុខាភិបាលឲ្យបានកាន់តែប្រសើរទ្បើង ដើម្បីឈានទៅកំរិតតំបន់ និងអន្តរជាតិ និងត្រៀមលក្ខណៈធ្វើសមាហរណកម្មជាមួយសហគមន៍អាស៊ាននៅឆ្នាំ២០១៥ខាងមុខ។
លោកបន្តថា នៅឆ្នាំសិក្សា២០១១ ២០១២កន្លងមកនេះ សាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតសរុបចំនួន៧៣២៥នាក់ ដែលមាននិស្សិតស្រីចំនួន៣៥១៥នាក់ និស្សិតអាហារូបករណសរុប១០០១នាក់ និងនិស្សិតសិក្សាបង់ថ្លៃចំនួន៦៣២៤នាក់។ លោកបន្តថា នៅឆ្នាំសិក្សា២០១២ ២០១៣នេះ មាននិស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៨៣៣នាក់។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២
Leave a Reply