កាលបើយើងយំ(ដោយសារការឈឺចាប់ ពិបាកចិត្ដ ឬសប្បាយ) ទឹកភ្នែកហូរស្រក់មកលើផ្ទៃមុខរបស់យើង ពេលនោះ ច្រមុះក៏ចាប់ផ្ដើមស្រក់ទឹកសម្បោរហូរចេញផងដែរ។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តើមកពីហេតុអ្វី បានជាមនុស្សដែលយំតែងតែមានហូរសម្បោរផងដែរនោះ?
លោកស្រី យ. ដ. ល អាយុ២៩ឆ្នាំ ភ្នំពេញ
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ទឹកភ្នែកដែលផ្សំផ្គុំឡើងដោយសារធាតុទឹកភ្នែកដែលជាទឹកប្រៃមានជាតិអាស៊ីដខ្លាញ់ និងប្រូតេអ៊ីនផលិតដោយក្រពេញទឹកភ្នែកស្ថិតនៅខាងលើភ្នែក។ តាមពិតក្រពេញទាំងនេះមានសកម្មភាពជាប្រចាំដោយបញ្ចេញមកនូវទឹករិចៗពាសពីលើកែវភ្នែក និងការពារភ្នែកទប់ទល់នឹងលំអងធូលីដី។ ប៉ុន្ដែការផលិតទឹកភ្នែកមានបរិមាណតិចតួចតែគ្រប់គ្រាន់ សម្រាប់ឱ្យសារធាតុទាំងនេះគ្របដណ្ដប់លើគ្រាប់ភ្នែក និងស្រូបពាសលម្អងធូលីនៅលើគ្រាប់ភ្នែក ធានាថាទឹកភ្នែកមិនហូរចេញនោះទេ។ ការផលិតទឹកភ្នែកគឺវាផ្អែកយ៉ាងខ្លាំងទៅលើបរិស្ថាន កាលណាឃើញនៅតំបន់ដែលអាកាសធាតុក្ដៅស្ងួត នាំឱ្យទឹកភ្នែកចេញច្រើនជាងនៅតំបន់អាកាសធាតុត្រជាក់សើម។
នៅពេលដែលយើងយំ ទឹកភ្នែកត្រូវបានផលិតឡើងជាបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទឹកភ្នែកមួយចំនួនព្រួសចេញ មួយចំនួនទៀតហូរចេញទៅលើថ្ពាល់ និងមួយចំនួនទៀតដក់នៅតាមបំពង់បង្ហូរទឹកភ្នែក*(ស្ថិតនៅផ្នែកកន្ទុយភ្នែកខាងក្នុងក្បែរច្រមុះ) ឆ្ពោះទៅថង់ទឹកភ្នែក។ កាលណាថង់ទឹកភ្នែកនេះពេញ ទឹកភ្នែកហូរតាមបំពង់ភ្ជាប់ច្រមុះទៅភ្នែកដែលនៅផ្នែកខាងលើនៃច្រមុះ។ ទឹកភ្នែកដែលហូរលាងលម្អងធូលីពីកែវភ្នែកអាចត្រូវបញ្ចេញមកតាមបំពង់ក ប៉ុន្ដែអាចចេញមកតាមច្រមុះដែលលាយឡំជាមួយ សម្បោរជាទីបញ្ចប់គឺហូរចេញមកតាមរន្ធច្រមុះ។ ពេលនេះអ្វីដែលសំខាន់គឺត្រូវប្រើកន្សែងជូតសម្បោរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply