ជម្ងឺស្លន់ស្លោច្រើនកើតមានជាតំណាក់កាលៗ ផ្ដើមចេញពីលោកអ្នកដែលតែងតែកើតមានជម្ងឺថប់អារម្មណ៍ ហើយឆាប់ភ័យ ខ្លាច និងមានស្មារតីតិច។ ប្រសិនបើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលានោះ ជម្ងឺនេះអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងមកលើសុខភាព និងជីវភាពរស់នៅ។
ដើម្បីយល់ច្បាស់អំពីជម្ងឺនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស ជម្ងឺផ្លូវចិត្ដ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ជម្ងឺស្លន់ស្លោជាអ្វី?
ស្លន់ស្លោគឺជាជម្ងឺម្យ៉ាងដែលកើតចេញពីលោកអ្នកមានស្មារតីតិច ធ្លាប់បាក់ស្បាត ថប់អារម្មណ៍ និងខ្សោយបេះដូង។ ជម្ងឺនេះកើតមាននៅលើមនុស្សដែលគិតច្រើន ប៉ុន្ដែការគិតនោះវាមិនអាចយកជាការបាននោះឡើយ។ ហើយទង្វើដែលអ្នកជម្ងឺ ប្រភេទនេះធ្វើហាក់បីដូចជាមិនសូវមានអ្នកគាំទ្រនោះទេ ព្រោះធ្វើទៅលើអ្វីដែលខ្លួនគិតថាត្រឹមត្រូវហើយខុសឆ្គង។ ជម្ងឺស្លន់ស្លោនេះ មានដើមកំណើតដោយសារតំណពូជដែរ សូម្បីតែកូនក្មេងតូចៗក៏មានជម្ងឺស្លន់ស្លោ ព្រោះពេលខ្លះក្មេងតូចៗទាំងនេះពេលឃើញម្ដាយ រងគ្រោះក្នុងឧបទ្ទវហេតុអ្វីមួយ ឬឃើញបងៗយំក៏ធ្វើឱ្យអារម្មណ៍របស់ក្មេងនេះមានការភ័យខ្លាចក៏យំតាម ហេតុផលនេះអាចធ្វើឱ្យកុមារមានអារម្មណ៍ស្លន់ស្លោបានដែរ។
រោគសញ្ញាជម្ងឺស្លន់ស្លោ
អ្នកមានជម្ងឺស្លន់ស្លោបានបង្ហាញឱ្យឃើញនូវអាកប្បកិរិយាមិនប្រក្រតី ដូចជាពេលមានរឿងរ៉ាវតិចតួចឆាប់ស្លុត ញ័រដើមទ្រូង ងងឹតមុខ ស្រឺតបាត់ម្ចាស់ការលើខ្លួនឯង។ អ្នកមានជម្ងឺប្រភេទនេះមិនត្រូវឱ្យនៅម្នាក់ឯងនោះទេ ហើយក៏មិនត្រូវឱ្យគិតច្រើនដែរ។ ហើយមិនត្រូវបង្ហាញនូវហេតុការណ៍ណាដែលបង្កឡើងមានភាពរន្ធត់ៗនោះឡើយ ព្រោះអ្នកជម្ងឺអាចមានអារម្មណ៍គិតដល់ រឿងនោះហើយសន្លប់បាត់ស្មារតីតែម្ដង។
វិធីព្យាបាលអ្នកជម្ងឺស្លន់ស្លោ
ខណៈពេលដែលអ្នកជម្ងឺស្លន់ស្លោកំពុងតែមានសភាពសន្លប់ស្ដូកស្ដឹង ត្រូវជ្រើសរើសវិធីសាស្ដ្រពន្យល់ប្រាប់អ្នកជម្ងឺដោយលើកទឹកចិត្ដ ដោយបញ្ជាក់ប្រាប់ថាមិនមានបញ្ហាអ្វីនោះទេ។ ហើយមិនត្រូវឱ្យអ្នកជម្ងឺគិតច្រើន ត្រូវយកចិត្ដទុកដាក់លើអ្នកជម្ងឺ ឱ្យបានត្រឹមត្រូវ និងធ្វើឱ្យអ្នកជម្ងឺសប្បាយចិត្ដ លួងលោមដល់អ្នកជម្ងឺឱ្យធ្វើកិច្ចការអ្វីមួយអមដោយលើកទឹកចិត្ដគ្រប់ពេលវេលា។ ប៉ុន្ដែពេលខ្លះអ្នកជម្ងឺក៏អាចព្យាបាលដោយការប្រើប្រាស់ថ្នាំពេទ្យផងដែរ ដើម្បីកាត់បន្ថយនូវជម្ងឺថប់អារម្មណ៍ ព្រោះវាជាដើមចម បណ្ដាលឱ្យមានជម្ងឺស្លន់ស្លោ។
ផលប៉ះពាល់របស់ជម្ងឺស្លន់ស្លោ
នៅពេលដែលលោកអ្នកមានបងប្អូនឬគ្រួសារមានជម្ងឺស្លន់ស្លោនេះកើតឡើង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្លាំង និងត្រូវចេះព្យាបាលឱ្យទាន់ពេលវេលា។ ព្រោះអ្នកជម្ងឺអាចសន្លប់ និងថប់អារម្មណ៍រហូតដល់គ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើមិនចេះកែសម្រួលអារម្មណ៍របស់អ្នកជម្ងឺទេនោះ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកមានជម្ងឺស្លន់ស្លោមិនត្រូវគិតច្រើននោះទេ ហើយត្រូវរកថ្នាំព្យាបាលជម្ងឺនេះ ដើម្បីជួយសម្រាលដល់អារម្មណ៍តក់ស្លុតរបស់ខ្លួន។ ហើយត្រូវរកឱកាសដើរកម្សាន្ដឱ្យបានច្រើន លក្ខណៈជាក្រុម ដើម្បីជជែកគ្នាលេងពីនេះពីនោះ ដែលមិនមែនជារឿងរ៉ាវរន្ធត់ ឬកម្សត់ តក់ស្លុតឡើយ។ ការពិភាក្សាទាំងនេះអាចជួយសម្រាលដល់អ្នកមានជម្ងឺស្លន់ស្លោ ជ្រះស្រឡះ ខួរក្បាលឈប់គិតពីរឿងពិបាកចិត្ដ អ្នកជម្ងឺអាចធូរស្រាលបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១
Leave a Reply