កញ្ញា សាសា ជាតារាចម្រៀងវ័យក្មេងមួយរូបដែលមានការពេញនិយមពីស្រទាប់យុវវ័យ។ រូបសម្រស់ដ៏ស្រស់ត្រកាល និងសម្លេងក្រអួនក្រអៅរបស់នាងបានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជន និងម្ចាស់ផលិតកម្មនានា។ ភាពស្រស់ស្អាតបែបនេះ ហើយ ទើបធ្វើឱ្យយុវតីមួយចំនួនមានបំណងស្រមៃដូចជារូបនាងដែរ។ តើនាងថែសម្រស់យ៉ាងដូចម្ដេច ទើបអាចរក្សាសម្រស់ ឱ្យស្រស់ស្អាតបែបនេះ?
កញ្ញា សាសា បានចូលមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រ ថែរក្សាសម្រស់ និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិមុនចូលវិស័យសិល្បៈ
មុនពេលឈានចូលសិល្បៈ សាសាធ្លាប់បានសិក្សានៅវិទ្យាល័យទួលអំពិលថ្នាក់ទី១២។ នៅឆ្នាំ២០០៧ ដោយសារកញ្ញា ស្រឡាញ់វិស័យសិល្បៈ កញ្ញាបានចូលប្រឡងចម្រៀងនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៩ជាប់ចំណាត់ថ្នាក់លេខ២។ ក្រោយមកត្រូវបាន ផលិតកម្មក្លាស៊ិចឱ្យកញ្ញាធ្វើការសាកល្បងសម្លេង ធ្វើកិច្ចសន្យាច្រៀងនៅក្នុងផលិតកម្មក្លាសិចតែម្ដង។ ចំពោះបទចម្រៀងដែល ទទួលការគាំទ្រជាលើកដំបូងនោះគឺ បទស្រស់ទឹកភ្នែកមិនដឹងខ្លួន និងបទរអាស្នេហ៍។ ថ្វីត្បិតតែជាអ្នកចម្រៀងថ្មីតែកញ្ញាបានទទួល ការគាំទ្រយ៉ាងច្រើនពីមិត្ដយុវវ័យ។ នៅក្នុងផលិតកម្មក្លាសិច កញ្ញាច្រៀងបាន១៣ទៅ១៤វ៉ុល។ កញ្ញាសាសាមានការចាប់អារម្មណ៍ ច្រើនពីម្ចាស់ផលិតកម្មផ្សេងៗទៀតដែរ បន្ទាប់មកកញ្ញាបានចូលច្រៀងនៅក្នុងផលិតកម្មថោន បទដំបូងដែលទទួលការគាំទ្រ គឺបទ ប្រាប់មុនឱ្យហើយ បែកគ្នាព្រោះអូនអ្នកទី៣ មានការទទួលគាំទ្រច្រើន។ នៅឆ្នាំ២០០៧កញ្ញាធ្លាប់ថតជាស្ប៉តពាណិជ្ជកម្មមួយចំនួន ផងដែរ។
វិធីថែរក្សាសម្រស់
ទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏កញ្ញាសាសាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ក៏ដូចជាការ ថែរក្សាសុខភាពរបស់នាងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់សាសាដែលបានអនុវត្ដជាប្រចាំ។
– ការថែរក្សាស្បែកមុខ ៖ ចំពោះស្បែកមុខជារឿងសំខាន់ណាស់សម្រាប់កញ្ញា នាងមានការថែរក្សាយ៉ាងដិតដល់ ព្រោះ ខ្លាចមានបញ្ហាចំពោះសម្រស់របស់នាង។ កញ្ញាមានឡេលាបស្បែកមុខដើម្បីកុំឱ្យឆាប់ចាស់ជាងវ័យ។ រីឯការប្រើប្រាស់ផលិតផល នាងជ្រើសរើសផលិតផលណាដែលមានគុណភាពដើម្បីឱ្យប្រើប្រាស់មានប្រសិទ្ធភាព សាសាតែងតែប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំ។
– ការថែរក្សាស្បែកដងខ្លួន ៖ រីឯស្បែកដងខ្លួនក៏សំខាន់ណាស់ដែរសម្រាប់សាសាដូចនៅលើផ្ទៃមុខក៏ដូចគ្នាដែរ កញ្ញា លាបឡេការពារស្បែក ដើម្បីកុំឱ្យស្បែកឆាប់ចាស់ជាងវ័យ។ សាសាតែងមានឡេលាបការពារកម្ដៅថ្ងៃសម្រាប់ស្បែកដងខ្លួន ពេល ចេញទៅក្រៅក៏ដូចជាការថតសម្ដែងផងដែរ។ ក្នុងមួយសប្ដាហ៍កញ្ញាទៅស្ទីមខ្លួនម្ដង ដើម្បីបញ្ចេញនូវជាតិពុល ក្នុង១ខែស្ទីម២ទៅ៣ ដង។
– ការថែរក្សាសក់ ៖ អាជីពជាតារាចម្រៀងមានការមមាញឹកច្រើន តែងតែប្រឈមមុខនឹងការធ្វើសក់ញឹកញាប់។ ដើម្បីទប់ទល់ជាមួយការខូចសក់ដោយប្រការទាំងនោះ សាសាយកចិត្ដទុកដាក់ជាខ្លាំងក្នុងការថែទាំសក់ ដោយធ្វើការអប់សក់រាល់ មួយសប្ដាហ៍ម្ដង។
– ការថែរក្សារោមចិញ្ចើម រោមភ្នែក និងភ្នែក ៖ សាសាមិនសូវជាចូលចិត្ដកោររោមចិញ្ចើមទេ ព្រោះនាងស្រឡាញ់រោម ចិញ្ចើមបែបធម្មជាតិ ហើយចំពោះការគូសវិញក៏មិនចូលចិត្ដដែរ។ នៅពេលចូលរួមកម្មវិធី សាសាមិនចូលចិត្ដគូសចិញ្ចើមដិតពេកទេ គ្រាន់តែគូសសើៗប៉ុណ្ណោះ។ នាងនិយមលាបម៉ាស្ការ៉ាបណ្ដុះរោមភ្នែក ដើម្បីការពារកុំឱ្យជ្រុះរោមភ្នែក។ ជាពិសេសនៅពេលយប់សាសាតែងបន្ដក់ភ្នែក១ថ្ងៃ១ដងមុនពេលចូលគេង។
– ការថែរក្សាបបូរមាត់ ៖ បបូរមាត់ជារឿងសំខាន់បំផុត ព្រោះជាទីកន្លែងផ្ដល់នូវស្នាមញញឹម ធ្វើឱ្យសម្រស់ផ្ទៃមុខ កាន់តែស្រស់ស្អាតមួយកម្រិតទៀត។ កញ្ញាចូលចិត្ដលាបក្រេមដែលពណ៌ស្រស់ៗ ដូចជាក្រហមបែបចេញផ្កាឈូក។
– ការថែរក្សាធ្មេញ ៖ ជាទូទៅសាសាសម្អាតធ្មេញក្នុង១ថ្ងៃ៣ដងជាប្រចាំ មានខាំពុម្ពការពារធ្មេញឱ្យសជាមួយថ្នាំដុសធ្មេញ ដែលណែនាំពីវេជ្ជបណ្ឌិត។ សាសាតែងតែទៅរកគ្រូពេទ្យធ្មេញជារៀងរាល់៣ទៅ៤ខែជាប្រចាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញ មិនដែលខកខានឡើយ។
– ការថែរក្សាក្រចកដៃជើង ៖ ជាអ្នកសិល្បៈត្រូវមានការតុបតែងខ្លួនឱ្យមានភាពស្រស់ស្អាត ជាពិសេសគឺក្រចកដៃក្រចក ជើងត្រូវធ្វើឱ្យស្អាត និងកាត់តម្រឹមកុំឱ្យមើលទៅវែងពេក។ មួយសប្ដាហ៍កញ្ញាសម្អាត២ដង។
ការថែរក្សារូបរាងកាយ
ទោះបីជារវល់ច្រើនបន្ដិចមែន សាសានៅតែឆ្លៀតពេលទទួលទានដំណេកឱ្យបានគ្រប់គ្រាន់(១០ម៉ោងទៅ១២ម៉ោងក្នុង១ ថ្ងៃ)។ ចំពោះការហាត់ប្រាណ កញ្ញាហាត់នៅពេលល្ងាចគឺហាត់នៅពេលទំនេរ។ កីឡាដែលកញ្ញាចូលចិត្ដហាត់បំផុតនោះ គឺកីឡាហែលទឹក។
បំណងសម្រាប់ថ្ងៃអនាគត
សព្វថ្ងៃសាសាជាតារាវ័យក្មេងដ៏ស្រស់ស្អាតមួយដួងដែលជាទីចាប់អារម្មណ៍របស់ទស្សនិកជនផ្នែកចម្រៀងសម័យថ្មី។ ទោះ បីជាយ៉ាងណាក្ដីសម្រាប់បំណងទៅថ្ងៃអនាគត កញ្ញាចង់មានមុខរបរអាជីវកម្មមួយច្បាស់លាស់។ ក្រៅពីអាជីពជាអ្នកសិល្បៈកញ្ញា ចង់បើកជាកន្លែងលក់ឡាន។
បណ្ដាំផ្ញើរបស់កញ្ញា សាសា
ទស្សនិកជនទាំងអស់ដែលបានគាំទ្រនាងខ្ញុំតាំងពីផលិតកម្មចាស់ រហូតដល់ផលិតកម្មថ្មីសូមជួយគាំទ្រតទៅទៀត ព្រោះ នៅមានបទចម្រៀងថ្មីៗជាច្រើនទៀត ដើម្បីកំដរអារម្មណ៍ទស្សនិកជនផងដែរ។ ហើយសូមកុំភ្លេចថែរក្សានូវសុខភាពឱ្យបានល្អគេង ឱ្យបានគ្រប់គ្រាន់ ត្រូវញ៉ាំចំណីអាហារ បន្លែ ផ្លែឈើបំប៉នសុខភាព និងស្បែកឱ្យបានច្រើន។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់កញ្ញា សាសាតែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សាសា
- អាយុ ៖ ២២ឆ្នាំ
- កម្ពស់ ៖ ១.៥៩ម៉ែត្រ
- ទម្ងន់ ៖ ៤៤គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦ ២៥ ២៧
- បងប្អូន ៖ បងប្អូន៥នាក់ ប្រុស១ ស្រី៤ (ជាកូនទី២)
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply