ជម្រាបសួរលាកវេជ្ជបណ្ឌិត ចេងហ៊ុយ។ ដូចដែលនាងខ្ញុំបានផ្ញើសារជាមួយលោកវេជ្ជបណ្ឌិតតាម facebook ខ្ញុំសូមជម្រាបលោកគ្រូជាថ្មីថា ខ្ញុំមានកូនម្នាក់អាយុ៦ខែ។ នាងខ្ញុំឱ្យគាត់បៅទាំងពីរយ៉ាង ទឹកដោះម្ដាយផង និងម្សៅទឹកដោះគោផង នាងខ្ញុំចង់សួរនូវសំណួរដូចតទៅ។ នាងខ្ញុំចង់ឱ្យកូនរបស់នាងខ្ញុំទទួលបានជាតិកាល់ស្យូមចាប់ពីអាយុ៦ខែឡើងទៅ តើអាចឬទេ? បើសិនជាអាច តើត្រូវផ្ដល់ឱ្យគាត់រហូតដល់អាយុប៉ុន្មានឆ្នាំទៅ? សូមលោកវេជ្ជបណ្ឌិតជួយណែនាំឈ្មោះថ្នាំដែលមានជាតិកាល់ស្យូម ដែលល្អសំខាន់សម្រាប់ទារករបស់ខ្ញុំ ខ្ញុំចាត់ទុកកូនរបស់ខ្ញុំជាមាស ខ្ញុំចង់ឱ្យគាត់ធំលូតលាស់បានល្អ។ ប្រសិនបើលោកវេជ្ជបណ្ឌិតមាន ដំបូន្មានផ្សេងទៀត សូមជួយណែនាំផង។ សូមអរគុណនូវការឆ្លើយតបជាវិជ្ជមានរបស់លោកវេជ្ជបណ្ឌិត។ សូមគោរពលា។
លោកស្រី ភ. រ. វ អាយុមិនដឹង ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាការអនុវត្ដដ៏ត្រឹមត្រូវមួយ ដែលម្ដាយមានចំពោះកូន។ ការបន្ថែមម្សៅទឹកដោះគោដែលមានជាតិកាល់ស្យូម និងអាហារបំប៉ននានា គឺជាការល្អសម្រាប់ទារក។ ព្រោះថាទារកមិនចាញ់មនុស្សពេញវ័យប៉ុន្មានទេ គេត្រូវការសារធាតុចិញ្ចឹម អាហារសាងសង់ និងអាហារបំប៉ននានា ដើម្បីការរីកលូតលាស់។ តាមពិតសរីរាង្គកាយ របស់កុមារត្រូវការនូវសារធាតុជាច្រើន ដូចជាវីតាមីន រ៉ែខនិជ ជាតិកាល់ស្យូម វីតាមីនដេ ប្រូតេអ៊ីន អាស៊ីតសរីរាង្គផ្សេងៗទៀត។ល។ សម្រាប់ការលូតលាស់ និងសាងសង់នានា។ ចំពោះជាតិកាល់ស្យូម វាពិតជាផ្ដល់អត្ថប្រយោជន៍ដល់ទារកតាំងពីកើតរហូតដល់ពេញវ័យ ដែលជាសារធាតុមួយជួយឱ្យឆ្អឹងលូតលាស់បានរឹងមាំល្អ ប៉ុន្ដែដើម្បីឱ្យការលូតលាស់ល្អ ដាច់ខាតត្រូវប្រើលាយជាមួយវីតាមីនដេ។ ហេតុនេះបើលោកស្រីឱ្យទារក ឬកូនរបស់លោកស្រីញ៉ាំតែថ្នាំជាតិកាល់ស្យូម ឬទឹកដោះគោដែលមានតែជាតិកាល់ស្យូមតែមួយមុខ ពិតជាមិនត្រឹមត្រូវនោះទេ។ ដោយសារពិបាកកំណត់គុណភាពនៃអាហារបំប៉ន ឬទឹកដោះគោម្សៅនៅលើទីផ្សារកម្ពុជា ខ្ញុំបាទសូមរក្សាសិទ្ធិមិនណែនាំលោកស្រីទៅលើថ្នាំជាតិកាល់ស្យូម ឬម្សៅទឹកដោះគោណាមួយនោះទេ។
ជាការពិតណាស់ មាតាបិតាគ្រប់រូបស្រឡាញ់កូនស្មើនឹងកែវភ្នែក មិនចង់ឃើញកូនមិនមានសុខភាពល្អ ឬទាបតឿនោះទេ ប៉ុន្ដែក៏មិនត្រូវពន្លូតឱ្យខ្ពស់ហួសហេតុនោះទេ។ ហេតុនេះសូមផ្ដល់ដល់ទារកនូវចំណីអាហារដែលមានសារធាតុចិញ្ចឹម សាងសង់ និង អាហារថាមពលសព្វមុខ ដើម្បីសុខភាពទារក និងការលូតលាស់បានល្អ។ សូមឱ្យកូនរបស់លោកស្រីមានសុខភាពល្អ និងរាងកាយលូតលាស់សមសួន។
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៨ ខែកញ្ញា ឆ្នាំ២០១១
Leave a Reply